ការដាក់​ពាក្យ​បណ្ដឹង​ជំទាស់​នឹង​ការអភិវឌ្ឍ​តំបន់​បឹង​កក់​ត្រូវ​រាំងស្ទះ

មេធាវី​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​កក់ ដែល​តវ៉ា​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ឲ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ បាន​អះអាង​បញ្ជាក់​នៅ​ថ្ងៃ​ទី៥ ខែ​សីហា ថា ការដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ជំទាស់​នឹង​ការអភិវឌ្ឍ​តំបន់​បឹង​កក់​កំពុង​តែ​រាំងស្ទះ ដោយសារ​ប្រជាពលរដ្ឋ​មិន​មាន​ប្រាក់​បង់​ពន្ធ​លើ​ពាក្យ​បណ្ដឹង។

0:00 / 0:00

លោក​មេធាវី​តំណាង​ឲ្យ​ប្រជាពលរដ្ឋ លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ថា ការដាក់​ពាក្យ​បណ្ដឹង​របស់​លោក​ត្រូវ​រាំង​ស្ទះ បន្ទាប់ពី​មាន​ការតម្រូវ​ផ្នែក​ច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​ជា​ដើម​បណ្ដឹង​បង់​ពន្ធ​ចំពោះ​ទឹក​ប្រាក់ ៥០% នៃ​ទឹក​ប្រាក់​ដែល​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន បាន​ជួល​បឹង​កក់​ដើម្បី​អភិវឌ្ឍ។

លោក ជូង ជូងី បាន​ឲ្យ​ដឹង​ថា​តាម​ការគណនា​ក្រៅ​ផ្លូវការ​របស់​លោក ប្រជាពលរដ្ឋ​ត្រូវ​បង់​ពន្ធ​ជា​ទឹក​ប្រាក់​ចំនួន​១៦០​លាន​រៀល ឬ​ប្រមាណ​ជា​៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​លើ​ពាក្យ​បណ្ដឹង​របស់​ខ្លួន។ លោក​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​តវ៉ា​នោះ​មិន​មាន​លទ្ធភាព​ក្នុង​ការបង់​ពន្ធ​តាម​ច្បាប់​កំណត់​នេះ​ឡើយ។

លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ត្រូវ​បង់​ពន្ធ​ទៅ​លើ​ប្រាក់​៥០%​នៃ​ប្រាក់​ដែល​មាន​ក្នុង​កម្មវត្ថុ​នៃ​កិច្ចសន្យា​ហ្នឹង។ តាម​ការគិត​ត្រួស​ក្រៅ​ផ្លូវការ​របស់​ខ្ញុំ ប្រហែល​ជា​១៦០​លាន​រៀល​ដែល​ត្រូវ​បង់។ ប្រជាពលរដ្ឋ​គាត់​អត់​មាន​លទ្ធភាព​បង់​ទេ»

លោក ជូង ជូងី បាន​ឲ្យ​ដឹង​ផងដែរ​ថា លោក​នឹង​បន្ត​ស្វែងរក​វិធី​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​នោះ​ឲ្យ​បាន ៖ «វិធី​ហ្នឹង​គឺ​ខ្ញុំ​អត់​ទាន់​អាច​ជម្រាប​បាន​ទេ ពីព្រោះ​ខ្ញុំ​ត្រូវ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ ពិភាក្សា​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថែម​ទៀត ដើម្បី​រក​វិធី​ដែល​អាច​ទៅ​រួច»

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់​បាន​នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ដែល​កំពុង​អភិវឌ្ឍ​តំបន់​បឹងកក់​សង​ថ្លៃ​ខូច​ខាត​ចំពោះ​ពួក​គាត់​ឲ្យ​បាន​សមរម្យ​តាម​តម្លៃ​ទីផ្សារ។

គួរ​ជម្រាប​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ធ្វើការ​អភិវឌ្ឍ​បឹង​កក់​សម្រាប់​រយៈពេល​៩៩​ឆ្នាំ លើ​ផ្ទៃ​ដី​ចំនួន​ជិត​១៣៣​ហិកតារ ក្នុង​ទឹក​ប្រាក់​ប្រមាណ​៧៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ការអនុញ្ញាត​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​រិះគន់​ថា បាន​រំលោភ​លើ​ច្បាប់​ភូមិបាល​ឆ្នាំ ២០០១ ដែល​ថា​ការផ្ទេរ​បឹង​ដែល​ជា​កម្មសិទ្ធិ​រដ្ឋ​ទៅ​ឲ្យ​ឯកជន គឺ​មិន​ត្រូវ​ហួស​ពី​១៥​ឆ្នាំ​ឡើយ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ការអភិវឌ្ឍ​នេះ​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន និង​ប្រជាពលរដ្ឋ​ប្រមាណ​ពី ៣០០០ ទៅ ៤២០០​គ្រួសារ​ដែល​រស់​នៅ​ជុំវិញ​បឹង​កក់​នោះ៕