បណ្ដឹង​និង​ដំណោះស្រាយ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត ឃុំ-សង្កាត់

នៅ​ក្នុង​ដំណាក់​កាល ឃោសនា​បោះឆ្នោត ឬ​ហៅ​ថា យុទ្ធនាការ​ឃោសនា ដើម្បី​រក​សំឡេង​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ ជា​ម្ចាស់​ឆ្នោត តែង​តែ​មាន​ទំនាស់​កើត​ឡើង ហើយ​មាន​ការ​ប្ដឹង​ផ្តល់​គ្នា។

0:00 / 0:00

លោក កែវ ផល្លា ប្រធាន​នាយកដ្ឋាន​នីតិកម្ម របស់​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ ឧសភា អំពី​របៀប​ដាក់​ពាក្យ​ប្ដឹង នៅ​ក្នុង​ដំណាក់​កាល​ឃោសនា​បោះឆ្នោត​ថា នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំង​អស់ សុទ្ធ​តែ​មាន​គំរូ​ពាក្យ​ប្ដឹង ដែល​គេ​ហៅ​ម៉្យាង​ទៀត​ថា ទម្រង់ ១២០២។ ដូច្នេះ ប្រជាពលរដ្ឋ ឬ​សមាជិក​គណបក្ស​នយោបាយ ដែល​ចង់​ប្ដឹង​អំពី​បាតុភាព​មិន​ប្រក្រតី​នានា ដែល​កើត​មាន​នៅ​ក្នុង​ដំណាក់​កាល ឃោសនា​បោះឆ្នោត អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់ (គ.ឃ.ស.ប)។

លោក កែវ ផល្លា៖ «បណ្ដឹង​ដែល​អាច​ប្ដឹង​បាន គឺ​ទាក់​ទង​បទ​ល្មើស​ច្បាប់​បោះឆ្នោត​តែ​ម្តង ឧទាហរណ៍​ថា បាន​គំរាម​កំហែង​ប្រជាពលរដ្ឋ កុំ​ឲ្យ​គាំទ្រ​គណបក្ស​នេះ គណបក្ស​នោះ ឬ​ក៏​ដក​ហូត​ឯកសារ​បោះឆ្នោត ឬ​ក៏​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បេក្ខជន ឬ​ក៏​អ្នក​បោះឆ្នោត​ណា​មួយ ឬ​ក៏​បំផ្លិច​បំផ្លាញ​សម្ភារៈ​បោះឆ្នោត​របស់​គណបក្ស​ណា​មួយ ឬ​ក៏​ប្រើ​សម្ភារៈ​របស់​រដ្ឋ។ អា​នឹង​សុទ្ធ​តែ​គេ​អាច​ប្ដឹង​បាន។ និយាយ​រួម​ទៅ ទាក់​ទង​ជា​មួយ​កិច្ចការ​បោះឆ្នោត គេ​អាច​ប្ដឹង​បាន​ទាំង​អស់»

ពាក្យ​ប្ដឹង​ទាំង​អស់ ដែល​ទាក់​ទង​ការ​បោះឆ្នោត ជា​បណ្ដឹង​រដ្ឋប្បវេណី ដូច្នេះ​សមត្ថកិច្ច​ដោះស្រាយ​របស់​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់ មាន​សិទ្ធិ​ពិនិត្យ និង​ដោះស្រាយ​បណ្ដឹង​ទាំង​នោះ។ ចំពោះ​ពាក្យ​ប្ដឹង​មាន​លក្ខណៈ​ជា​បណ្ដឹង​អាជ្ញា ដូច​ជា​មាន​ការ​វាយ​ដំ​ឲ្យ​មាន​របួស​ស្នាម ឬ​ការ​ធ្វើ​ឃាត​ជា​ដើម ជា​ពាក្យ​ប្ដឹង ដែល​ត្រូវ​ដោះស្រាយ​ដោយ​តុលាការ​គ្រប់​លំដាប់​ថ្នាក់។

លោក កែវ ផល្លា៖ «ទី​១ យើង​ដោះស្រាយ​ទៅ​តាម​កម្រិត​នីតិវិធី រដ្ឋប្បវេណី គ.ជ.ប។ កាល​ណា​ទាក់​ទង​នឹង គ.ជ.ប យើង​មាន​សមត្ថកិច្ច​របស់​យើង ទី​១ ពិន័យ​ជា​ប្រាក់ ទី​២ យើង​អាច​ដក​សិទ្ធិ​បោះឆ្នោត ឬ​ក៏​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត យើង​មាន​សមត្ថកិច្ច​តែ​ប៉ុណ្ណឹង។ ដោយ​ឡែក​បណ្ដឹង​អាជ្ញា គឺ​ទាក់​ទង​ជា​មួយ​តុលាការ បាន​ន័យ​ថា បើ​ពាក់​ព័ន្ធ​ជា​មួយ​ព្រហ្មទណ្ឌ វា​នៅ​មាន​តុលាការ​មួយ​ទៀត ពីព្រោះ គ.ជ.ប អត់​មាន​សិទ្ធិ​ដាក់​ទោស​ព្រហ្មទណ្ឌ​ទេ»

លោក កែវ ផល្លា បាន​រៀប​រាប់​អំពី​លំដាប់​ថ្នាក់ នៃ​ការ​ដោះស្រាយ គឺ​មាន​ចាប់​ពី គ.ឃ.ស.ប។ បើសិនជា គ.ឃ.ស.ប ដោះស្រាយ​ហើយ ហើយ​អ្នក​ប្ដឹង​ពុំ​យល់​ព្រម គេ​អាច​ប្ដឹង​ឡើង​មក​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​ថ្នាក់ រាជធានី ខេត្ត (គ.ខ.ប) ហើយ​បើ គ.ខ.ប ដោះស្រាយ​ហើយ ហើយ​អ្នក​ប្ដឹង​ពុំ​យល់​ព្រម គេ​អាច​ប្ដឹង​ឡើង​មក គ.ជ.ប។ ការ​ដោះស្រាយ ថ្នាក់ គ.ជ.ប ជា​ការ​ដោះស្រាយ​បិទ​ផ្លូវ​តវ៉ា។

ចំពោះ​រយៈពេល នៃ​ការ​ដាក់​ពាក្យ​ប្ដឹង និង​រយៈពេល​នៃ​ការ​ដោះស្រាយ​មាន​ដូច​ត​ទៅ គឺ​អ្នក​ប្ដឹង​ដាក់​ពាក្យ​ប្ដឹង​ដំបូង​ទៅ គ.ឃ.ស.ប និង​មាន​រយៈពេល​ចំនួន ៣​ថ្ងៃ។ បើ​រឿង​ហេតុ​នោះ កើត​ឡើង ហើយ​អ្នក​ប្ដឹង ដាក់​ពាក្យ​ក្រោយ​ហេតុការណ៍​កើត​ឡើង ៣​ថ្ងៃ គេ​មិន​ទទួល​ឡើយ មាន​ន័យ​ថា ផុត​កំណត់​ពេល​ទទួល​ពាក្យ​ប្ដឹង​ហើយ។ ក្រោយ​ពេល​ទទួល​ពាក្យ​ប្ដឹង​ហើយ គ.ឃ.ស.ប ត្រូវ​ដោះស្រាយ​ក្នុង​អំឡុង​ពេល ៣​ថ្ងៃ ឲ្យ​ហើយ។

កាល​ណា​អ្នក​ប្ដឹង បាន​ទទួល​ចម្លើយ​ដោះស្រាយ​ពី គ.ឃ.ស.ប ហើយ​អ្នក​ប្ដឹង​មិន​យល់​ស្រប​តាម នោះ​អ្នក​ប្ដឹង​មាន​រយៈពេល ៣​ថ្ងៃ ដើម្បី​ប្ដឹង​មក គ.ខ.ប ហើយ​កាល​ណា​បាន​ទទួល​ចម្លើយ​ដោះស្រាយ​ពី គ.ខ.ប ហើយ​អ្នក​ប្ដឹង​មិន​យល់​ស្រប​តាម គេ​មាន​រយៈពេល ៣​ថ្ងៃ អាច​ប្ដឹង​មក គ.ជ.ប។

ចំពោះ​រយៈពេល​ដាក់​ពាក្យ​ប្ដឹង ក្នុង​ថ្ងៃ ស និង​ក្នុង​ថ្ងៃ​បោះឆ្នោត មាន​លក្ខណៈ​ដោយ​ឡែក​ខុស​ពី​រយៈពេល​ដាក់​ពាក្យ​ប្ដឹង ក្នុង​ថ្ងៃ​យុទ្ធនា​ការ។

លោក កែវ ផល្លា ពន្យល់​អំពី​រយៈពេល ដាក់​ពាក្យ​ប្ដឹង​នៅ​ថ្ងៃ ស និង​ថ្ងៃ​បោះឆ្នោត​ថា គឺ​មាន​រយៈពេល ចំនួន ១​ថ្ងៃ​កន្លះ តែ​ប៉ុណ្ណោះ។

លោក កែវ ផល្លា៖ «និយាយ​រួម បណ្ដឹង​វគ្គ​ឃោសនា​បោះឆ្នោត​អស់​ត្រឹម​ថ្ងៃ​ទី​៤ ម៉ោង​៥​កន្លះ​ល្ងាច។ បើ​បណ្ដឹង​ទាក់​ទង​ថ្ងៃ ស និង​ថ្ងៃ​បោះឆ្នោត (ថ្ងៃ ស មាន​ន័យ​ថា ថ្ងៃ​២ ហើយ​ថ្ងៃ បោះឆ្នោត មាន​ន័យ​ថា​ថ្ងៃ ៣) បណ្ដឹង​នឹង​លែង​ទុក ៣​ថ្ងៃ​ឲ្យ​ប្ដឹង​ហើយ គឺ​នីតិវិធី វា​ចែង​អីចឹង​ណា។ បើ​ប្ដឹង​ចំ​ថ្ងៃ ស ឬ​ថ្ងៃ​បោះឆ្នោត គឺ​ប្ដឹង​ត្រឹម​ថ្ងៃ​ទី​៤ ម៉ោង​១១​កន្លះ។ បើ​ប្ដឹង​ម៉ោង​នោះ មិន​អី​ទេ តែ​កុំ​ប្ដឹង​ក្រោយ​នោះ»

ក្រៅ​ពី​ប្ដឹង​ទៅ គ.ជ.ប អ្នក​ប្ដឹង​អាច​ប្ដឹង​ទៅ​ស្ថាប័ន​ណា​ទៀត​ក៏​បាន​ដែរ ប៉ុន្តែ​តាម ​លោក កែវ ផល្លា ប្រធាន​នាយកដ្ឋាន​ច្បាប់ របស់ គ.ជ.ប បាន​ពន្យល់​ថា មាន​តែ​បណ្ដឹង​អាជ្ញា​ប៉ុណ្ណោះ ដែល​ប្ដឹង​ទៅ​តុលាការ ក្រៅ​ពី​នោះ មាន​តែ​ប្ដឹង​មក គ.ជ.ប។

ទោះ​បី​ជា​មាន​ការ​កំណត់ នីតិវិធី ឬ​ការ​កំណត់​រយៈពេល ហើយ​ការ​ដោះស្រាយ​មាន​ដែន​កំណត់​យ៉ាង​ណា​ក៏​ដោយ ក៏ ​លោក កែវ ផល្លា បាន​ពន្យល់​ថា រាល់​ពាក្យ​ប្ដឹង​ទាំង​អស់ ទាក់​ទង​ការ​បោះឆ្នោត ឃុំ-សង្កាត់ ត្រូវ​តែ​ដោះស្រាយ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ត្រឹម​ពេល​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត។

ទាក់​ទង​ជា​មួយ​ការ​ប្ដឹង និង​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ក្នុង​ការ​បោះឆ្នោត ឃុំ-សង្កាត់​នេះ លោក​មេធាវី សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​លើក​ឡើង​ថា នីតិវិធី​ក្នុង​ការ​ដោះស្រាយ​នេះ នៅ​មាន​ការ​ខ្វះ​ចន្លោះ គួរ​តែ​ធ្វើ​វិសោធនកម្ម ឬ​ការ​កែ​ប្រែ​ចំណុច​ខ្លះ។

លោក​មេធាវី សុក សំអឿន៖ «បញ្ហា​វា​ចេះ មាន​ទណ្ឌកម្ម​ខ្លះ បើ​ឲ្យ​សិច​សម្រេច វា​លំបាក ឧទាហរណ៍ ដូច​ជា រំលាយ​គណបក្ស សួរ​ថា សិច​នោះ ហ៊ាន​សម្រេច ឬ​អត់។ ហើយ​ក្នុង​ច្បាប់​យើង គេ​តម្រូវ​ឲ្យ​សិច​សម្រេច​សិន។ អា​ត្រង់​ហ្នឹង ដែល​ធ្វើ​ឲ្យ​រឿង​ក្តី​ខ្លះ​វា​គាំង។ ដូច្នេះ ត្រូវ​តែ​ធ្វើ​ការ​កែ​លំអ​ដែរ។ បទ​ល្មើស​ខ្លះ កុំ​ឲ្យ​សិច អ្នក​សម្រេច គឺ​ឲ្យ​បញ្ជូន​មក អ៊ិន.អ៊ី.ស៊ី ឬ​បញ្ជូន​ត្រង់​មក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​តែ​ម្តង»

លើ​រយៈពេល​ដោះស្រាយ​ពាក្យ​បណ្ដឹង លោក សុក សំអឿន ក៏​សុំ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ដែរ។

លោក​មេធាវី សុក សំអឿន៖ «រយៈពេល​ដោះស្រាយ​បណ្ដឹង អាច​មើល​ដែរ រឿង​ខ្លះ​អាច​ដោះស្រាយ​ភ្លាម។ ហើយ​រឿង​ខ្លះ អាច​ទុក​ក្រោយ​ការ​បោះឆ្នោត​ក៏​បាន​ដែរ។ ហើយ​អានេះ ត្រូវ​កែ​នីតិវិធី​ដែរ»

រយៈពេល​យុទ្ធនា​ការ ឃោសនា​បោះឆ្នោត រើស​សមាជិក​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៨ ឧសភា ទៅ​ដល់​ថ្ងៃ​ទី១ មិថុនា។ ប្រភព​មន្ត្រី​ជាន់​ខ្ពស់​របស់ គ.ជ.ប បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ផ្ដើម​យុទ្ធនាការ មក​ដល់​ថ្ងៃ​ទី២២ ឧសភា មាន​រយៈពេល ៥ថ្ងៃ ហើយ​ក្នុង​រយៈពេល ៥ថ្ងៃ​នោះ គ.ជ.ប បាន​ទទួល​ពាក្យ​ប្ដឹង​ផ្សេងៗ ទាក់​ទង​ការ​ឃោសនា​នោះ​ចំនួន ១១ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។