រយៈ​ពេល​ឃោសនា​៥​ថ្ងៃ​គ.ជ.ប.​ទទួល​បាន​ពាក្យ​បណ្ដឹង​១១

ប្រភព​មន្ត្រី​ច្បាប់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ឧសភា ថា គិត​ក្នុង​រយៈ​ពេល ៥​ថ្ងៃ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មាន​ពាក្យ​បណ្ដឹង​ចំនួន ១១ ដែល គ.ជ.ប. បាន​ទទួល។

រយៈពេល​ឃោសនា​បោះ​ឆ្នោត​មាន​ចំនួន ១៥​ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៨ ឧសភា រហូត​ដល់​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១២។

លោក កែវ ផល្លា ប្រធាន​នាយកដ្ឋាន​នីតិកម្ម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​ថា ពាក្យ​ប្ដឹង​ទាំង​នោះ​ទាក់ទង​ជាមួយ​ការងារ​បោះ​ឆ្នោត​ទាំង​អស់៖ «ខុស​មាត់​ខុស​ក​គ្នា​បន្តិចបន្តួច ខ្លះ​រលំ​ស្លាក​អី រក​មិន​មនុស្ស​បាន ជួន​កាល​ខ្យល់​បក់​រលំ ក៏​ប្ដឹង​ទៅ ទី​១។ ទី​២ ឃោសនា​ទៅ​និយាយ​មាត់​ក​ធំដុំ​ដាក់​គ្នា​ក៏​ប្ដឹង​ទៅ ភាគ​ច្រើន ច្រើន​តែ​ពេល​ផឹក​និយាយ​ឌឺដង​ដាក់​គ្នា ដល់​អ៊ីចឹង​ប្ដឹង។ យើង​សម្រួល​ទៅ ខ្លះ​ក៏​ចប់ ខ្លះ​ក៏​មិន​ចប់​អ៊ីចឹង​ទៅ»

លោក កែវ ផល្លា មិន​បាន​ឲ្យ​ដឹង​លំអិត​ថា តើ​ក្នុង​ចំណោម​ពាក្យ​ប្ដឹង​ទាំង ១១​នោះ មក​ពី​គណបក្ស​ណា​ខ្លះ​ឡើយ។

ការ​បោះ​ឆ្នោត​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ខាង​មុខ។ មាន​គណបក្ស​នយោបាយ​ចំនួន ១០ ចូល​រួម​ប្រកួត​ដណ្ដើម​តំណែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​មាន​ចំនួន ១.៦៣៣​ឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។