សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការស្ដារកម្ពុជា អ្នកស្រី ប្រុក វ៉ាន្នី មានប្រសាសន៍ថា កំណើននៃការរកស៊ីផ្លូវភេទនេះ វានឹងបណ្តាលឲ្យមានជំងឺកាមរោគនិងជំងឺអេដស៍មានការកើនឡើងដែរ ៖ «ជំងឺអេដស៍ដែលយើងនឹងត្រៀមថាឲ្យថយចុះហ្នឹង វាទៅតាមគោលដៅសហស្សវត្សរ៍ទី៤ ទី៥ហ្នឹង យើងមិនអាចបំពេញបានទៅតាមករណីហ្នឹង។ នេះទីមួយ។ ហើយបើនៅក្នុងសង្គមតូច សង្គមសហគមន៍ យើងឃើញថាមានផលពិបាក ធ្វើឲ្យមានការកើនឡើងនៃអ្នកជំងឺ។ ហើយមួយទៀត យើងឃើញថា ស្រ្ដីយើងហ្នឹងកាន់តែជួបការលំបាកច្រើន អ៊ីចឹងទៅ វាអាចរាលដាលអ្នកដែលជាផលប៉ះពាល់របស់គាត់ ដូចជាកូនគាត់ ឬស្អីៗផ្សេងៗទៀត ហើយមានការព្រួយបារម្ភដល់ក្រុមគ្រួសារគាត់»។
អ្នកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រដើម្បីអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ដោយសារតែការរកស៊ីផ្លូវភេទវាខុសច្បាប់ ទើបស្រ្តីរកស៊ីផ្លូវភេទគ្មានជម្រើសនៅពេលដែលពួកប្រុសៗទៅរកសេវាផ្លូវភេទបដិសេធមិនព្រមប្រើស្រោមអនាម័យ។
អ្នកស្រីបន្តថា កត្តាខាងលើនេះ វាអាចនាំឲ្យឆ្លងមេរោគទាំងអ្នករកស៊ីផ្លូវភេទ និងអ្នកទៅរកសេវានេះ។
អ្នកស្រី រស់ សុភាព មានប្រសាសន៍ដូច្នេះថា ៖ «ការរកស៊ីផ្លូវភេទហ្នឹង វាខុសច្បាប់ អ៊ីចឹងទៅធ្វើឲ្យស្រ្តីហ្នឹងគាត់ប្រឈមមុខនឹងបញ្ហាឲ្យបុរសអ្នកដែលរួមភេទហ្នឹងប្រើស្រោមអនាម័យ នេះហើយជាបញ្ហាមួយដែលធ្វើឲ្យគាត់ហ្នឹងបានទទួលនូវការចម្លងមេរោគអេដស៍ហ្នឹងខ្ពស់។ ហើយទី២ យើងក៏សង្កេតឃើញថា ការចម្លងមេរោគអេដស៍នេះ នៅក្នុងសង្គមយើង ទាំងបុរស ទាំងស្រ្ដី យល់ថា ការចម្លងមេរោគអេដស៍ គឺដោយសារស្រ្តីរកស៊ីផ្លូវភេទ ហើយខ្ញុំគិតថា នេះជាការយល់ច្រឡំមួយយ៉ាងធំនៅក្នុងសង្គម ពីព្រោះស្រ្តីគឺជាអ្នកនៅមួយកន្លែង តែបុរសទេ គាត់ជាអ្នកដើរចម្លងពីមួយទៅមួយ។ អ៊ីចឹងបុរស កាលណាបុរសចម្លងពីមួយទៅមួយអ៊ីចឹង គាត់ក៏នាំមកចម្លងដល់ប្រពន្ធគាត់ ឬក៏ជាដៃគូរបស់គាត់ ដែលមិនមែនជាអ្នករកស៊ីផ្លូវភេទ»។
ស្ត្រីមេផ្ទះម្នាក់ដែលសុំមិនឲ្យថតសំឡេង ឈ្មោះ សាន ផល្គុន អាយុ ៤១ឆ្នាំ រស់នៅក្នុងទីក្រុងភ្នំពេញ បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីទាំងទឹកមុខស្រពោនថា ប្តីអ្នកស្រីស្លាប់ជាង ១ឆ្នាំមកហើយ ដោយសារតែកើតជំងឺអេដស៍ ចំណែកអ្នកស្រីនិងកូនពៅ អាយុ២ឆ្នាំ ក៏ឆ្លងមេរោគអេដស៍ពីប្តីដែរ។ អ្នកស្រីបន្តថា នេះមកពីប្តីរបស់អ្នកស្រីចេះតែដើរស៊ីផឹកនៅខាងក្រៅ ហើយទៅគេងជាមួយស្រីៗរកស៊ីផ្លូវភេទដោយមិនបានការពារ។
មានការខ្វល់ខ្វាយដូចគ្នានេះដែរ គឺអនុប្រធាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ទៀ ផល្លា មានប្រសាសន៍ថា បច្ចុប្បន្ន មានអ្នករកស៊ីផ្លូវភេទកើនឡើងដែលទៅរកសេវាពិនិត្យសុខភាព ៖ «ជារួម គឺថា យើងបានលាតសន្ធឹង ក្នុងការផ្ដល់សេវាព្យាបាលជំងឺកាមរោគ ដោយចុះផ្ទាល់ទៅជួបស្រ្តីហ្នឹង ហើយការពិនិត្យឈាមគឺបានច្រើនជាងមុន មានន័យថា ការលាតសន្ធឹងបានកើតឡើង ប៉ុន្តែចំនួនដងនៅក្នុងការដែលស្រ្តីប្រើប្រាស់សេវាទាំងនោះអាចនឹងមានការថយចុះ»។
របាយការណ៍របស់សម្ព័ន្ធប្រជាជនកម្ពុជាប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍ ដែលចេញកាលពីខែកក្កដា ឆ្នាំ២០០៩ បានបង្ហាញពីមូលហេតុដែលបង្កឲ្យមានការរីករាលដាលមេរោគអេដស៍ គឺដោយសារផ្ទះបនជាងពាក់កណ្តាលត្រូវបានបិទទ្វារ ហេតុនេះអ្នករកស៊ីផ្លូវភេទមិនអាចដាក់ស្រោមអនាម័យតាមខ្លួនបានទៀតឡើយ និងអ្នករកស៊ីផ្លូវភេទភាគច្រើនត្រូវបានចាប់ខ្លួនឃុំឃាំងវាយដំ ហើយក្នុងករណីខ្លះទៀត អ្នកទាំងនោះត្រូវបានគេចាប់រំលោភ។
តាមលទ្ធផលនៃការស្រាវជ្រាវរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានចេញផ្សព្វផ្សាយកាលពីខែកក្កដាដែរ បានឲ្យដឹងថា តាមការសង្កេតជារួម អត្រានៃការប្រើប្រាស់ស្រោមអនាម័យរបស់បុគ្គលិកគ្រឹះស្ថានសប្បាយនិងអ្នករកស៊ីផ្លូវភេទ ជាមួយគ្រប់អតិថិជនគឺមានពី ៨៨ ទៅ ៩៩ភាគរយ ជាមួយគូសង្សារពី ៧០ ទៅ ៩១% ជាមួយប្តីប្រពន្ធផ្លូវការ និងមិនផ្លូវការពី ៤១ ទៅ ៧៨%។
លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដដែល បានបង្ហាញទៀតថា មធ្យោបាយក្នុងការប្រើប្រាស់សេវាផ្តល់ប្រឹក្សានិងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្តនិងរក្សាការសម្ងាត់ គឺមានការថយចុះគួរឲ្យកត់សម្គាល់ ពោលគឺពី ១,៤៦% នៅឆ្នាំ២០០៧ មកនៅត្រឹម ១,៣៣% នៅឆ្នាំ២០០៨។
ឆ្លើយតបនឹងកង្វល់ខាងលើនេះ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ទៀ ផល្លា បានបញ្ជាក់ថា ក្រុមការងាររបស់លោកមានយុទ្ធសាស្ត្រចុះទៅអប់រំស្រ្តីទាំងអ្នករកស៊ីផ្លូវភេទដោយផ្ទាល់និងដោយប្រយោល ដើម្បីឲ្យពួកគេប្រើប្រាស់ស្រោមអនាម័យឲ្យបាន ១០០% និងទៅពិនិត្យសុខភាពឲ្យបានទៀងទាត់។
មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អ្នកស្រី ស៊ឹម ខេងខាំ មានប្រសាសន៍ថា អត្រាប្រេវ៉ាឡង់ជំងឺអេដស៍លើប្រជាពលរដ្ឋពេញវ័យ មានពី ២% នៅឆ្នាំ១៩៩៨ ទៅ ០.៩% នៅឆ្នាំ២០០៦។
សូមជម្រាបថា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ស្រ្តីរកស៊ីផ្លូវភេទមានការកើនឡើងជាលំដាប់ កាលពីឆ្នាំ២០០៧ អ្នករកស៊ីផ្លូវភេទមានចំនួន ១១.០០០នាក់ នៅឆ្នាំ២០០៨ មានចំនួនជិត ២០.០០០នាក់ ហើយនៅឆ្នាំ២០០៩ មានចំនួនជិត៣០.០០០នាក់។
គេបានរកឃើញថា កំណើននេះដោយសារតែមនុស្សស្រីជាច្រើនដែលធ្លាប់ធ្វើជាកម្មកររោងចក្ររកប្រាក់ចំណូលកាន់តែធ្លាក់ចុះ ទាំងនៅទីក្រុងភ្នំពេញនិងជនបទដោយអត់មានដីសម្រាប់បង្កបង្កើនផល និងរោងចក្របិទទ្វារ ហើយបាននាំគ្នាប្រកបមុខរបបបម្រើផ្លូវភេទដោយផ្ទាល់និងដោយប្រយោល ដូចជា នៅតាមខារ៉ាអូខេ ភោជនីយដ្ឋាន កន្លែងម៉ាស្សា ជាដើម៕
