លោក រាជ សម្បត្តិ ប្រធានកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃ១៤ មករានេះ អំពីការជូនដំណឹងរបស់សហចៅក្រមស៊ើបអង្កេតយ៉ាងដូច្នេះ ៖ «គឺសហចៅក្រមស៊ើបអង្កេតគាត់បានប្រកាសជូនដំណឹងទៅដល់ភាគីទាំងអស់ គឺចាប់ផ្ដើមពីសហព្រះរាជអាជ្ញា ភាគីសហមេធាវីរបស់ជនត្រូវចោទទាំងអស់ហ្នឹងនៅក្នុងសំណុំរឿងលេខ០០២ ហើយនិងភាគីដើមបណ្ដឹងរដ្ឋប្បវេណីថា ពួកគាត់ត្រូវត្រៀមខ្លួន បើសិនជាពិនិត្យមើលឃើញការស៊ើបអង្កេតដែលបានបញ្ចប់ហ្នឹងមានចំណុចអីខ្វះខាតនៅសល់ គាត់មានពេល៣០ថ្ងៃ ចាប់ពីថ្ងៃហ្នឹងទៅ គាត់ស្នើសុំឲ្យមានការស៊ើបអង្កេតឬក៏អត់ គាត់ត្រូវធ្វើឲ្យបានក្នុងរយៈពេល៣០ថ្ងៃហ្នឹង។ ករណីចាំបាច់មួយទៀតសម្រាប់ប្រជាជនកម្ពុជាដែលជាជនរងគ្រោះ គឺគាត់នៅពេលតែ១៥ថ្ងៃទៀតទេ មានន័យថា ពីថ្ងៃហ្នឹងរហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ហ្នឹង គឺគាត់ត្រូវដាក់ពាក្យបណ្ដឹងឲ្យទាន់ក្នុងចន្លោះពេលហ្នឹង បើដាក់មិនទាន់ទេ មានន័យថា តុលាការហ្នឹងគេបិទហើយសម្រាប់ការដាក់ពាក្យបណ្ដឹងធម្មតានិងការដាក់ពាក្យបណ្ដឹងដើម្បីតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី»។
ស្តីអំពីសំណួរដែលថា តើសាលាក្តីខ្មែរក្រហមនឹងចាប់ផ្តើមបើកសវនាការជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមទាំង៥រូបនៅពេលណា ហើយជម្រះជុំគ្នា ឬម្តងម្នាក់ៗ? លោក រាជ សម្បត្តិ មានប្រសាសន៍ថា គេអាចនឹងដឹងនៅក្នុងខែកញ្ញា ឆ្នាំ២០១០ ខាងមុខនេះ នៅពេលដែលសហចៅក្រមស៊ើបអង្កេតចេញដីកាដំណោះស្រាយ។
តបទៅនឹងសំណួរថា តើហេតុអ្វីបានជាជនជាប់ចោទ កាំង ហ្កេចអ៊ាវ ហៅ ឌុច ដែលស្ថិតក្នុងសំណុំរឿង០០១ ហើយទើបតែបានត្រូវជំនុំជម្រះចប់នៅពេលថ្មីៗនេះ ក៏មានឈ្មោះនៅក្នុងសំណុំរឿង០០២ដែរនោះ?
លោក រាជ សម្បត្តិ បានពន្យល់យ៉ាងដូច្នេះ ៖ «ឥឡូវនេះលោក កាំង ហ្កេចអ៊ាវ ហៅ ឌុច គាត់បានទទួលការជំនុំជម្រះក្ដីគឺចប់អស់ហើយនៅថ្ងៃទី២៧ ខែ១១ ឆ្នាំ២០០៩ មានន័យថា សម្រាប់០០១ គាត់អត់មានជំពាក់វាក់វ័ណ្ឌអីទៀតទេ គឺគាត់រង់ចាំតែថ្ងៃដែលតុលាការប្រកាសសវនាការទេ។ ដោយឡែកនៅក្នុងសំណុំរឿង០០២ គឺយើងអត់ទាន់ដឹងទេ ពីព្រោះយើងរង់ចាំមើលដល់ខែកញ្ញា ឆ្នាំ២០១០ ថា តើនៅក្នុងដំណោះស្រាយ តើសហចៅក្រមស៊ើបអង្កេតគាត់នៅតែដាក់ ឌុច នៅក្នុងសំណុំរឿងលេខ០០២ដដែលឬអត់? បើសិនជាអត់មាន នៅពេលហ្នុងយើងទាំងអស់គ្នានឹងដឹង។ ដោយឡែកសួរថា តើកាត់ម្នាក់ ឬក៏កាត់ទាំងអស់គ្នា អាហ្នឹងយើងរង់ចាំមើលក្រោយខែកញ្ញា ឆ្នាំ២០១០»។
សូមជម្រាបជូនថា ការិយាល័យនៃសហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា ការិយាល័យបានចំណាយពេលជាង២ឆ្នាំដើម្បីពិនិត្យមើលលើសំណុំឯកសាររាប់ម៉ឺនទំព័រនៃឧក្រិដ្ឋកម្មក្នុងអំឡុងពេលពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ជាមួយគ្នានោះ ក៏បានស្តាប់ចម្លើយសាក្សីដើមបណ្តឹងរដ្ឋប្បវេណីនិងជនត្រូវចោទដែលធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេតនិងអ្នកស៊ើបអង្កេតលើសពី៨០០ដង៕
