ការព្រមព្រៀងបានធ្វើឡើងតាមរយៈការសន្និដ្ឋាន និងអនុសាសន៍រួម នៅទីក្រុងភ្នំពេញ រវាងអ្នកចូលរួមសន្និសីទថ្នាក់តំបន់ ស្ដីពីឯកសារច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស បទដ្ឋានការងារអន្តរជាតិ និងសិទ្ធិរបស់ពលករចំណាកស្រុកជាស្ត្រី ដែលបានបិទបញ្ចប់កាលពីថ្ងៃទី៥ ខែកញ្ញា។
មន្ត្រីអង្គការសហប្រជាជាតិផ្នែកស្ត្រី យូអិន វីមិន (UN Women) លោក រ៉ាម៉ាណាថាន់ បាឡាគ្រីសណាន់ (Ramanathan BalaKrishnan) បានប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃពុធ ទី៥ ខែកញ្ញា ថា ទាំងប្រទេសបញ្ជូន និងប្រទេសទទួលពលករចំណាកស្រុកព្រមព្រៀងថា ការធ្វើការងាររួមគ្នាថ្នាក់តំបន់គឺអាចជំរុញការការពារសិទ្ធិពលករអោយបានពេញលេញ។
លោក រ៉ាម៉ាណាថាន់ បាឡាគ្រីសណាន៖ «យើងបានប្ដេជ្ញាថា នឹងធ្វើសហប្រតិបត្តិការថ្នាក់តំបន់ ដើម្បីការពារពលករចំណាកស្រុកនៅទូទាំងតំបន់អាស៊ី តាមរយៈសមាគមអាស៊ាន និងតាមរយៈការប្រឹក្សាថ្នាក់តំបន់បន្តបន្ទាប់ទៀត។ កាត់បន្ថយភាពខ្វះចន្លោះ ធ្វើអោយមធ្យោបាយដែលមានស្រាប់មានតម្លៃសម្រាប់ស្ត្រី តាមរយៈការបង្កើតបរិយាកាសអនុគ្រោះសម្រាប់ការអនុវត្ត បទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ ស្ដីពីសិទ្ធិមូលដ្ឋានរបស់ស្ត្រី រួមនឹងកិច្ចការពារសិទ្ធិការងារ និងផ្នែកសង្គមកិច្ច»។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី អ្នកស្រី សាន អារុណ មានប្រសាសន៍ថា កម្ពុជាក៏ដូចប្រទេសអាស៊ានជាច្រើនទៀត កំពុងជួបការលំបាកក្នុងការបង្កើតអោយបានកិច្ចព្រមព្រៀងការពារពលករចំណាកស្រុកជាមួយប្រទេសម៉ាឡេស៊ី៖ «គឺអត់ទាន់មានប្រទេសណាមួយដែលក្នុងតំបន់ហ្នឹង មានបានចុះនូវអនុស្សរណៈនៃការយោគយល់គ្នាក្នុងការជួយជនរងគ្រោះ ក៏ដូចជាការជួញដូរផងនោះទេ»។
សន្និសីទថ្នាក់តំបន់ដែលរៀបចំដោយអង្គការសហប្រជាជាតិផ្នែកស្ត្រី និងអង្គការពលកម្មអន្តរជាតិហៅកាត់ថា អៃឡូ (ILO) រួមនឹងក្រសួងពាក់ព័ន្ធមួយចំនួនទៀតនៅកម្ពុជា គឺមានការចូលរួមពីតំណាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមកពីប្រទេសចំនួន ១២ នៅក្នុងតំបន់អាស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។