សមាជិកសមាគម លោក គីម សេង ម្ចាស់កាណូតទេសចរណ៍មេអំបៅ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីតាមទូរស័ព្ទដូច្នេះថា ៖ «ខ្ញុំអត់ពេញចិត្តនឹងសមាគម ខ្ញុំធ្វើលិខិតសុំលាលែងចេញ ហើយគេអត់ទាន់ឲ្យចេញ។ អត់ពេញចិត្តជាមួយច្បាប់មួយចំនួននៅក្នុងសមាគម ត្រង់ថា យើងរកស៊ីដឹកភ្ញៀវ រួចហើយមានភ្ញៀវកក់គេមិនឲ្យយើងដឹកបានសេរី យើងអាចដឹកបានតែមួយជើងមួយថ្ងៃ គេឲ្យប្រាប់គេមុនមួយថ្ងៃ»។
ការមិនពេញចិត្តនេះ គឺដោយសារតែលក្ខន្តិកៈរបស់សមាគមបានធ្វើឲ្យពួកគាត់បាត់បង់ចំណូលប្រចាំថ្ងៃ។ ការបាត់បង់ចំណូលនោះ គឺម្ចាស់កាណូតជាសមាជិកមិនមានសិទ្ធិរកម៉ូយដោយខ្លួនឯងបានទេ គឺត្រូវរង់ចាំតាមវេនម្ដងម្នាក់ៗទម្រាំដល់ពួកគាត់ ។ បញ្ហានេះបានធ្វើឱ្យពួកគាត់មួយចំនួនសម្រេចចិត្តលាចេញពីសមាជិក។ ប៉ុន្តែនៅពេលធ្វើការលាចេញនោះ ពួកគាត់បែរជាមិនមានសិទ្ធិរក ម៉ូយដោយខ្លួនឯងទៅវិញ ហើយថែមទាំងមានមន្ត្រីនគរបាលផ្លូវទឹកមករារាំងពួកគាត់ទៀតផង។
ស្រ្តី នឹម សុខជា ម្ចាស់កាណូតទេសចរណ៍ឈ្មោះ សុខ កុមារ មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទដែរថា ៖ «ដល់ចេញទៅ ដល់ថ្ងៃហ្នឹងទៅបែរជាមានប៉ូលិសខាងជើងទឹកមកសាកសួរថា ឲ្យឃាត់ទូកខ្ញុំមួយថ្ងៃហ្នឹង អត់ឲ្យដឹកទេ ចាំជួបគ្នាជាមួយប្រធានសមាគមសិន។ ដល់ម្សិលមិញប៉ូលិសជើងទឹកទូរស័ព្ទហៅប្រធានមកនិយាយអត់មកទេ ហើយខ្ញុំថា បើសិនជាឃាត់អ្នកឯងត្រូវចេញក្រដាសស្នាមអីឲ្យខ្ញុំ ទទួលខុសត្រូវមុខច្បាប់។ កូនខ្ញុំអត់ស៊ីមានស៊ីអីអ្នកឯងត្រូវទទួលខុសត្រូវ ឃាត់ខ្ញុំពីម៉ោងហ្នឹងមកត្រូវទទួលខុសត្រូវឲ្យខ្ញុំ។ ទូកខ្ញុំមានច្បាប់ទម្លាប់គ្រប់គ្រាន់»។
ទាក់ទងទៅនឹងការចោទប្រកាន់នេះ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក លោក ម៉ៅ វណ្ណរិទ្ធ មានប្រសាសន៍បដិសេធថា មិនមានការទៅហាមឃាត់កាណូតទាំងនោះទេ ៖ «អត់មានទេៗ គ្រាន់តែថា ទៅជួបពិភាក្សាជាមួយគាត់»។
ជាមួយគ្នានេះផងដែរ ប្រធានសមាគម លោក លី វុទ្ធី មានប្រសាសន៍បំភ្លឺបន្ថែមថា ៖ «គាត់និយាយម្នាក់ឯងថា ដល់វេនយូរវាមិនត្រូវទេ ហើយចុះអ្នកដទៃហ្នឹងក៏គាត់យូរដែរ មិនមែនគេយកតែរហូតឯណា។ បានន័យថា អ្នកណាក៏បានស្មើភាពគ្នា ហើយទាំងអស់ហ្នឹងគឺគាត់ឯកភាពពីមុនដែរ គាត់ក៏បានដែរ មិនមែនអត់ទេ មួយថ្ងៃៗគាត់បានម្ភៃសាមសែសិបដុល្លាររហូត ចំណូលរបស់គាត់មួយខែចូលដល់៨០០-៩០០ហើយ តើគាត់ចង់បានអីទៀត? គួរល្មមសមរម្យហើយ គាត់ចង់បានតែឯង តើគ្នាអ្នករងគ្រោះតូចៗយ៉ាងម៉េចទៅ?»។
សមាគមទេសចរណ៍ផ្លូវទឹកនេះ បានចាប់កំណើតប្រហែល៧ខែមកហើយ ដោយមានសមាជិកចូលរួមប្រមាណជាង១០នាក់ និងមានកាណូតសម្រាប់បម្រើទៅដល់វិស័យទេសចរណ៍ចំនួន៣១គ្រឿង៕
