ជម្លោះ​រវាង​រដ្ឋបាល​ជលផល​និង​មន្ទីរ​ធនធាន​ទឹក​នៅ​បាត់ដំបង

អាជ្ញាធរ​ខេត្ត មន្ត្រី​ធនធាន​ទឹក និង​មន្ត្រី​យោធា​ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា កំពុង​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ ជីក​ស្រះ ដោយ​លើក​ទំនប់​ធ្វើ​អាង​ព័ទ្ធ​លើ​ផ្ទៃ​ដី​លិច​ទឹក​ជា​ច្រើន​ហិកតារ ក្នុង​ដែន​បឹង​ទន្លេសាប​ចំ​លើ​​តំបន់​បី ឋិត​នៅ​ខាង​កើត​ភូមិ​កាច់​រទេះ ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2012-07-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ករណី​ទំនាស់​ស្ថាប័ន​ជំនាញ រវាង​ខណ្ឌ​រដ្ឋបាល​ជលផល និង​មន្ទីរ​ធនធាន​ទឹក ជា​រឿង​ចម្លែក​មួយ​ ដែល​ធ្វើ​ឲ្យ​មតិ​មហា​មាន​ការ​សង្ស័យ​ច្រើន​ទៅ​លើ​ការ​ឃុបឃិត​គ្នា​របស់​អាជ្ញាធរ និង​ក្រុម​ឈ្មួញ​នៅ​ពី​ក្រោយ​ខ្នង។ គម្រោង​អភិវឌ្ឍន៍​មិន​ចុះ​សម្រុង​គ្នា​នេះ បាន​ធ្វើ​ឡើង​ផ្ទុយ​ពី​សេចក្ដី​ណែនាំ​របស់​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ដែល​បាន​កំណត់​ឲ្យ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ពីរ ឬ​តំបន់​បី ក្នុង​ដែន​ទឹក​បឹង​ទន្លេសាប​នោះ ត្រូវ​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់។

ក្រុម​អ្នក​ភូមិ​មាន​ចម្ងល់​ជា​ច្រើន​ចោទ​សួរ​ថា តើ​គម្រោង​នេះ​បាន​ថវិកា​មក​ពី​ណា?

ជា​ធម្មតា​ថវិកា​របស់​រដ្ឋ​មួយ​ឆ្នាំ​ឲ្យ​បាន​ម្ដង មិន​អាច​សុំ​ភ្លាម រដ្ឋាភិបាល​​ទម្លាក់​ឲ្យ​ភ្លាម​នោះ​ទេ។ ការ​អភិវឌ្ឍ​នៅ​ឃុំ​កំពង់ព្រៀង ធ្វើ​ឡើង​​ភ្លាមៗ ដែល​គេ​អាច​មើល​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី។ ការងារ​ក្រុម​ប្រឹក្សាឃុំ​ត្រូវ​មាន​ការ​កសាង​ផែនការ​ប្រជុំ​ឆ្លង​យោបល់​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​ករណី​នេះ ធ្វើ​ឡើង​ដោយ​បុគ្គល​ម្នាក់​ស្នើ​សុំ ពុំ​មែន​ជា​គម្រោង​អភិវឌ្ឍន៍​របស់​ឃុំ​នោះ​ទេ។

នៅ​ក្នុង​ឯកសារ​ថតចម្លង​ពីរ​ច្បាប់​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា បាន​ បង្ហាញ​ថា លោក ង៉ែត សឿ មេ​ឃុំ​កំពង់ព្រៀង លោក សួន សាវ៉េត អភិបាល​ស្រុក​សង្កែ លោក អ៊ុយ រី អភិបាលរង​ខេត្ត និង​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​បាត់ដំបង កាល​ពី​ខែ​មីនា និង​ដើម​ខែ​កក្កដា ឆ្នាំ​២០១២ បាន​ចុះ​ហត្ថលេខា និង​បោះត្រា​ជា​បន្ត​បន្ទាប់​​រួមគ្នា​លើ​លិខិត​លេខ ៥១០ ឃ.ក.ព.ព ជូន​ទៅ​ក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរ​បឹង​ទន្លេសាប ដើម្បី​សុំ​ស្ដារ​ប្រឡាយ​ចាស់​សល់​ពី​សម័យ ប៉ុល ពត ១​ខ្សែ ប្រវែង ៧​គីឡូម៉ែត្រ ដើម្បី​​យក​ទឹក​បង្កើន​ទិន្នផល​ស្រូវ​នៅ​ក្នុង​ភូមិ​កាច់​រទេះ ឃុំ​កំពង់ព្រៀង។

ក្រោយ​មក​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ដដែល​នោះ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​បឹង​ទន្លេសាប បាន​ធ្វើ​លិខិត​មួយ​ជូន​អភិបាល​ខេត្ត​បាត់ដំបង។លិខិត​​បញ្ជាក់​ថា ក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរ​បឹង​ទន្លេសាប ពុំ​មាន​ការ​យល់​ទាស់​ទេ តែ​ការ​អនុវត្ត​ត្រូវ​ធ្វើ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស ​ដែល​កំណត់​ដោយ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង និង​ហាមឃាត់​ដាច់​ខាត​មិន​ឲ្យ​ប៉ះពាល់​ដី​នៅ​តំបន់​៣។

លោក កែវ ភីរុន ជំទប់​ទី​២ ឃុំ​កំពង់ព្រៀង បាន​អះអាង​ថា ទីតាំង​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​បី ជា​តំបន់​ព្រៃ​រនាម។ ក្រុម​អ្នក​ភូមិ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ទៅ​នឹង​គម្រោងការ​អភិវឌ្ឍន៍​ក្លែងក្លាយ​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ ក្រុម​អ្នកភូមិ​បាន​អំពាវនាវ​សុំ​ទៅ​លោក ហ៊ុន សែន ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ចុះ​ពិនិត្យ​ជា​បន្ទាន់ និង​ចាត់​វិធានការ​ទប់ស្កាត់​ករណី​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​ក្នុង​ដែន​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​តំបន់​បី ក្នុង​ភូមិសាស្ត្រ​ខាង​កើត​ភូមិ​កាច់​រទេះ ​ឃុំ​កំពង់ព្រៀង ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​ពួកគេ​រក​ឃើញ​ថា ​ក្រុម​អាជ្ញាធរ​ខេត្ត ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ បាន​ឃុបឃិត​គ្នា​ជាមួយ​យោធា និង​ឈ្មួញ ​ដាក់​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​​កំពុង​ជីក​កាយ​ដី​នៅ​តំបន់​បី​បឹង​ទន្លេ​សាប។

កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា ​កន្លង​ទៅ​នេះ ​ក្រុម​មន្ត្រី​ជលផល​បាន​ចុះ​ទៅ​ហាមឃាត់​ការ​ជីក​ប្រឡាយ​ នោះ​ ដោយ​ចោទ​​ថា ក្រុម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ​និង​មន្ត្រី​នៃ​មន្ទីរ​ធនធាន​ទឹក​ពាក់ព័ន្ធ​កំពុង​ជីក​ទន្ទ្រាន​ នៅ​លើ​ដី​ព្រៃ​លិច​ទឹក​ ក្នុង​តំបន់​បី ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ហាមឃាត់។ ក្រុម​មន្ត្រី​ជលផល​បាន​ចុះ​ទៅ​ហាមឃាត់​ដោយ​សំអាង​លើ​ច្បាប់​ជលផល។

មន្ទីរ​ធនធាន​ទឹក​ឆ្លើយ​តប​ក្នុង​ករណី​នេះ​ថា ការ​អភិវឌ្ឍ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​តម្រូវការ​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ព្រៀង។ មន្ទីរ​ធនធាន​ទឹក​គ្រោង​ប្ដឹង​បក​ក្រុម​មន្ត្រី​ជលផល​ទៅ​តុលាការ ក្នុង​ករណី​ចុះ​ទៅ​ចាប់​គ្រឿងចក្រ។

ក្រុម​អ្នកភូមិ​យល់​ឃើញ​ថា ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​​ថា​ ជា​គំនិត​ក្រុម​ឈ្មួញ​នៅ​ពី​ក្រោយ​ខ្នង។ ម្យ៉ាង​វិញ​ទៀត តំបន់​នោះ​ជា​តំបន់​បី​លិច​ទឹក ត្រូវ​ការ​ចំណាយ​ថវិកា​ជីក​បៀ និង​ប្រឡាយ​រាប់​រយ​លាន​ដុល្លារ។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា បើ​សិន​ឃុំ​កំពង់ព្រៀង ​អាច​ធ្វើ​ដូច្នេះ​បាន​ នៅ​ឃុំ​ផ្សេងៗ​ទៀត​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​ ចាប់​ពី​ឃុំ​អន្លង់វិល រហូត​ទៅ​ដល់​ឃុំ​បឹង​ព្រីង និង​ឃុំ​​ជ្រោយស្ដៅ នៅ​តាម​ស្រុក​មួយ​ចំនួន​ដែល​ជាប់​ទឹក​បឹង​ទន្លេសាប។

អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ច័ន្ទ ពុំ​បាន​ផ្ដល់​អត្ថាធិប្បាយ​ពិស្ដារ​ទេ ដោយ​លោក​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​កំពុង​ធ្វើ​ការ​ចរចា​គ្នា។ ប៉ុន្តែ​ប្រភព​ច្បាស់​ការ​មួយ​បាន​បង្ហើប​ថា លោក ប្រាជ្ញ ច័ន្ទ បាន​ស្ដី​បន្ទោស​លោក អ៊ុយ រី ជា​អភិបាល​រង​ខេត្ត​ដែល​បាន​ចុះ​ហត្ថលេខា​មិន​បាន​ឆ្លង​យោបល់។ លោក អ៊ុយ រី បាន​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ទៅ​ក្រសួង​ធនធាន​ទឹក។

ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ករណី​នេះ​បើ​សិន​ជា​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ និង​ អាច​រក​ឃើញ​កំហុស​ជា​ច្រើន ដូចជា​ទីតាំង​ដី​ព្រៃ​រនាម​នោះ​ក្នុង​ដែន​ទឹក​បឹង​ទន្លេសាប​នៅ​ក្នុង​តំបន់​បី ថវិកា​របស់​ក្រុម​ឈ្មួញ​ដែល​នៅ​ពី​ក្រោយ​ខ្នង និង​ផែនការ​អភិវឌ្ឍន៍​ក្លែងក្លាយ​ដែល​ពុំ​មាន​មូលដ្ឋាន​សិក្សា​ឲ្យ​បាន​ច្បាស់លាស់ ហើយ​គេ​អាច​ផ្ដន្ទាទោស​ជន​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ការ​ក្លែងបន្លំ​ក្រោម​រូបភាព​អភិវឌ្ឍន៍ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​បាន​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នេះជាការចាប់ផតើមបង្ហាញថាកូនចៅលោកហ៊ុនសែនលែងស្តាប់បញ្ជាលោកនាយករដ្ឋមន្ត្រីហើយខ្ញុំជាប្រជាជនសាមញ្ញបារម្ភខ្លចលោកហ៊ុនសែនកំពុងដើរតាមដានជើងលោក ស៊ូហារតូ។

Jul 30, 2012 01:04 PM