មេដឹកនាំកម្មករនៃសហភាពការងារកម្ពុជា លោក អាត់ ធន់ បានចោទសហជីពសេរីកម្មករដែលធ្លាប់មានឈ្មោះល្បីក្នុងការដឹកនាំបាតុកម្ម និងកូដកម្មកន្លងមកថា កំពុងតែផ្លាស់ប្ដូរជំហរ ឈប់គាំទ្រកម្មករទៀតហើយ ក្នុងការធ្វើការងារដើម្បីផលប្រយោជន៍កម្មករ។
លោក អាត់ ធន់ ដែលកំពុងតែដឹកនាំកម្មករធ្វើកូដកម្មនៅតាមរោងចក្រនានា នៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា បានចោទដូច្នេះ ក្រោយពីលោកទទូចសុំឲ្យសហជីពសេរីកម្មករចូលរួមនៅក្នុងកូដកម្មលើកនេះ ប៉ុន្តែត្រូវសហជីពសេរីកម្មករបដិសេធ។
ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសហព័ន្ធស៊ីខាវឌូ (C.CAWDO) លោក អាត់ ធន់ បានថ្លែងដូច្នេះ ៖ «សូមបញ្ជាក់ថា មិនមែនត្រឹមតែមិនជួយធ្វើកូដកម្មទេ គឺថែមទាំងបង្អាក់ដំណើរ។ តាំងពីលោក ជា មុនី បានចេញសេចក្ដីសម្រេចថា មិនធ្វើកូដកម្ម ហើយកម្មករនៅតាមរោងចក្ររបស់គាត់បានរុញច្រានជាមួយកម្មករមិនឲ្យចេញមកធ្វើកូដកម្មទៀត។ អ៊ីចឹងបានន័យថា មិនមែនត្រឹមតែមិនចូលរួម ថែមទាំងជាផ្នែកមួយនៃការជំរុញមិនឲ្យមានការមិនចូលរួមធ្វើកូដកម្មហ្នឹងថែមទៀត។ អ៊ីចឹងខ្ញុំថា ជាផ្នែកមួយគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត ពីព្រោះថា ជាទូទៅខ្ញុំតែងតែចូលរួមជាមួយលោក ជា មុនី ក្នុងការទាមទារ ប៉ុន្តែពេលនេះគាត់មិនចូលរួម អ៊ីចឹងគិតថា ជារឿងផ្ទាល់ខ្លួនរបស់គាត់ ដែលគាត់ប្ដូរឥរិយាបថ ១៩០ដឺក្រេ»។
កូដកម្មរបស់កម្មករដោយអត់ចូលធ្វើការងារ បានផ្ទុះឡើងតាំងពីថ្ងៃច័ន្ទ ទី១៣ ខែកញ្ញាមក ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ដោយមានកម្មករប្រមាណ ១០ម៉ឺននាក់មកពីរោងចក្រចំនួន ៥៦រោងចក្រចូលរួម នេះបើតាមការអះអាងរបស់សហភាពការងារ។
កូដកម្មដែលដឹកនាំដោយសហព័ន្ធសហជីពចំនួន ២ធំៗ គឺសហព័ន្ធសហជីព C.CAWDO និង NIFTUC ធ្វើឡើងដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលកម្មករឲ្យបានដល់ ៩៣ដុល្លារក្នុងមួយខែ ក្រោយពីពួកគេមិនសុខចិត្តចំពោះការព្រមព្រៀងឲ្យមានការដំឡើងប្រាក់ខែ កាលពីប៉ុន្មានខែមុន ត្រឹមតែចំនួន ៦១ដុល្លារក្នុងមួយខែ ពីព្រោះប្រាក់ខែនេះ កម្មករអះអាងថា មិនអាចឲ្យពួកគេទ្រទ្រង់ជីវភាពបានទេ។
ក្រុមអ្នកគាំទ្រដែលចូលរួមក្នុងកូដកម្មនេះ មានសហជីពចំនួន ១២ផ្សេងទៀត បានហៅក្រុមអ្នកមិនចូលរួមក្នុងការធ្វើកូដកម្មថា កំពុងតែគាំទ្រទង្វើរបស់រោងចក្រ និងចូលដៃជាមួយរដ្ឋាភិបាល។ ប៉ុន្តែក្រុមអ្នកមិនចូលរួមក្នុងកូដកម្មបានអះអាងថា ពួកគេមិនចង់បំពានច្បាប់ឡើយ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា ដែលត្រូវគេចោទខ្លាំងជាងគេ បានអះអាងថា កូដកម្មនៅឆ្នាំ២០០៨ ដែលដឹកនាំដោយសហជីពសេរីកម្មករកម្ពុជា ហើយសម្រេចបាននូវការដំឡើងប្រាក់ខែកម្មករពី ៤០ដុល្លារមកដល់ ៥១ដុល្លារ ពុំមានសហជីពណាចូលរួមគាំទ្រជាមួយក្រុមរបស់លោកឡើយ ហើយទីបំផុតមានមន្ត្រីសហជីពជាច្រើនត្រូវគេវាយឲ្យរបួស និងមានការប្រឈមមុខនឹងការជាប់ពន្ធនាគារ។
លោកបន្តទៀតថា សហជីពសេរីកម្មករជាអ្នកផ្ដើមគំនិតក្នុងការទាមទារលើកនេះ ទើបនាំឲ្យមានការជជែក ហើយនិងការដំឡើងប្រាក់បៀវត្សរ៍គោលចំនួនពី ៥០ដុល្លារ មកដល់ ៦១ដុល្លារកាលពីពេលថ្មីៗដែរ ដូច្នេះហើយពួកគេកំពុងរង់ចាំមើលតទៅទៀត។
លោក ជា មុនី បានចោទរដ្ឋាភិបាលថា កំពុងឲ្យដៃលោក អាត់ ធន់ ក្នុងការធ្វើកូដកម្មនេះ ពីព្រោះថា កូដកម្មរបស់លោក អាត់ ធន់ មិនត្រូវបានទទួលការបង្ក្រាបទេ ដូចកូដកម្មរបស់សហជីពសេរីកម្មនោះទេ។
លោក ជា មុនី មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំទេដែលគួរតែឈឺចិត្ត ដែលគួរតែធ្វើបាតុកម្ម និងធ្វើកូដកម្ម ប៉ុន្តែហេតុអ្វីបានលោក អាត់ ធន់ ធ្វើ? នេះបានជាយើងយល់ថា ប្រហែលជាមានពាក់ព័ន្ធនយោបាយអីមួយ ឬពាក់ព័ន្ធនឹងប្រយោជន៍ផ្ទាល់ខ្លួនហើយ។ ការធ្វើកូដកម្មដើម្បីប្រយោជន៍កម្មករ កម្មការិនី យើងស្វាគមន៍ស្លាប់នឹងចូលរួម ដើម្បីទាមទារឲ្យកម្មករកម្មការិនី ប៉ុន្តែបើសិនជាបាតុកម្ម កូដកម្មដែលមិនបម្រើឲ្យកម្មករ ដើម្បីបម្រើឲ្យប្រយោជន៍អ្វីមួយ គឺខ្ញុំមិនចូលរួមដាច់ខាត»។
ប្រធានសហព័ន្ធសហជីពខ្មែរ លោក ជួន មុំថុល ក៏មិនចូលរួមនៅក្នុងកូដកម្មនោះដែរ។ លោកបន្ថែមថា លោក អាត់ ធន់ កំពុងបំពានច្បាប់ ដោយសារលោក អាត់ ធន់ ក៏មានមុខក្នុងការប្រជុំជាមួយក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការអនុម័តការដំឡើងប្រាក់ខែគោលចំនួន ៦១ដុល្លារកន្លងមកនោះដែរ។
លោក ជួន មុំថុល មានប្រសាសន៍បន្ថែមដូច្នេះ ៖ «ជាការដឹកនាំធ្វើដល់បរាជ័យហើយ។ យើងមិនអាចកែប្រែសេចក្ដីសម្រេចរបស់គណៈកម្មការក្រុមប្រឹក្សាការងារបានទេ ពីព្រោះគណៈកម្មការការងារបោះឆ្នោតមានសំឡេងលើសពី ២ ភាគ ៣»។
ការចោទដាក់គ្នាទៅវិញទៅមកនៅគ្រានេះ កំពុងក្លាយជាសញ្ញានៃការបែកបាក់របស់មេដឹកនាំកម្មករ។
ប្រធានវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ហង្ស ឆាយា មានប្រសាសន៍ថា សញ្ញានេះមិនអាចនាំការតវ៉ា ដើម្បីផលប្រយោជន៍កម្មករទទួលបានជោគជ័យនោះទេ។
លោក ហង្ស ឆាយា មានប្រសាសន៍ដូច្នេះ ៖ «នៅក្នុងខណៈនេះខ្ញុំឃើញថា មានការបាក់បែក ម្ល៉ោះហើយសហជីពទាំងពីរគួរតែពិចារណាឡើងវិញ ដើម្បីរៀបចំកាតព្វកិច្ចការងារសំខាន់ៗ ដែលគួរតែត្រូវធ្វើ គឺថាធ្វើម៉េចតំណាងឲ្យកម្មករដែលជាសមាជិក ហើយនិងជាក្ដីសង្ឃឹមរបស់គាត់»។
របាយការណ៍របស់ក្រសួងការងារបានឲ្យដឹងថា មានសហព័ន្ធសហជីពរបស់កម្មករមានជិត ២ពាន់សហជីពនៅប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះ ក្នុងនោះសហជីពចំនួន ៤៧ គឺជាសហជីពដែលមានសកម្មភាពច្រើនជាងគេ។ ក្រៅពីនោះ គឺជាសហជីពតូចៗដែលមានតែឈ្មោះ។
ជាញឹកញយគេតែងតែឮការចោទដាក់គ្នាថា សហជីពនេះបង្កើតឡើងដើម្បីគាំទ្រសកម្មភាពរបស់រដ្ឋាភិបាល ហើយខ្លះទៀតចោទថា សហជីពនោះគាំទ្របក្សប្រឆាំងជាដើម។
ការបែកខ្ញែករបស់កម្មករ ដោយមិនមានការស្រុះស្រួលគ្នាក្នុងការទាមទារអ្វីមួយកាលពីពេលកន្លងមក បានផ្ដើមឡើងចាប់តាំងពីមេដឹកនាំកម្មករដ៏ល្បីល្បាញ គឺលោក ជា វិជ្ជា ត្រូវបានគេបាញ់សម្លាប់កាលពី ៧ឆ្នាំមុន ហើយមកដល់ពេលនេះគេមិនទាន់រកឃាតកពិតឃើញនៅឡើយទេ៕
