អ្នក​ជំនាញ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ធ្វើ​ឲ្យ​កម្ពុជា​បាត់​ភូមិ​ច្រើន

ទោះ​បី​មាន​ភស្តុតាង និង​ការ​ចោទ​ប្រកាន់​ជាច្រើន​ពី​មហាជន​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ជួយ​សម្រួល ឬ​បាន​កាត់​ទឹក​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ប្រទេស​វៀតណាម នោះ​ក៏​ដោយ ក៏​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ខ្មែរ នៅ​តែ​មាន​គំនិត​សុទ្ធិ​និយម។
ដោយ តាំង សារ៉ាដា
2012-07-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្ពុជា វៀតណាម ៣០៥
នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១២។
RFA/Uon Chhin

ហើយ​មន្ត្រី​ទាំង​នោះ​ថ្លែង​ការពារ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ដ៏​ត្រឹមត្រូវ និង​ធ្វើ​កិច្ចការ​ដោយ​ស្រប​ច្បាប់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ញាតិ​ជិត​ខាង​របស់​ខ្លួន។

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​នៃ​រដ្ឋាភិបាល នៅ​តែ​ប្រកាន់​ជំហរ​ប្រកប​ដោយ​មោទនភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ភាគ​ខាង​កើត​ថា កំពុង​ធ្វើ​ឡើង​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់ និង​ឆន្ទ​ជាតិ​ពិត​ប្រាកដ។

ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ខ្មែរ​សឹង​គ្រប់​ជំនាន់​តែង​ប្រកាន់​ខ្ជាប់​នូវ​ផែនទី​ខ្នាត ១​លើ​១រយ​ពាន់ ដែល​ដាក់​តម្កល់​ក្នុង​អង្គការ​សហប្រជាជាតិ យក​មក​ដោះស្រាយ​ជាមួយ​ប្រទេស​ជិត​ខាង​ជានិច្ច។

ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា កាល​ពី​ខែ​តុលា ឆ្នាំ​២០០៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ផាំ វ៉ាន់ខៃ នាយក​រដ្ឋមន្ត្រី​វៀតណាម​ក្នុង​ទីក្រុង​ហាណូយ ជា​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ស្ដីពី​ការ​កំណត់​ព្រំដែន​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នោះ ឲ្យ​មាន​ភាព​ស្រប​ច្បាប់។ សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ នេះ ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ខណៈ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម។

សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ នេះ បាន​ភ្ជាប់​នូវ​ផែនទី​ចំនួន ៤០ផ្ទាំង ជា​ផែនទី​ប្រភេទ UTM ខ្នាត ១​លើ​៥០ពាន់ គូស​ដោយ​រដ្ឋាភិបាល​វៀតណាម និង​សហរដ្ឋអាមេរិក។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​ថា ផែនទី​របស់​អាមេរិកាំង និង​ផែនទី​ដែល​គូស​ដោយ​រដ្ឋាភិបាល​វៀតណាម​នេះ គឺ​ផែនទី​ខុស ពីព្រោះ​ផែនទី​ទាំង​នេះ បាន​ធ្វើ​ឲ្យ​បាត់​ព្រំដែន​ខ្មែរ​យ៉ាង​ច្រើន​ចូល​ក្នុង​ទឹក​ដី​វៀតណាម។

ផែនទី​ដែល​សម្ដេច​ព្រះបាទ នរោត្តម ស៊ីហនុ ដាក់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ជា​ផែនទី​គូស​ដោយ​បារាំង ខ្នាត ១​លើ​១រយ​ពាន់ បាន​ន័យ​ថា មួយ​សង់ទីម៉ែត្រ​នៅ​លើ​ក្រដាស ស្មើ​នឹង ១​គីឡូម៉ែត្រ​នៅ​លើ​ដី។ ចំណែក​ផែនទី​ដែល​គូស​ដោយ​វៀតណាម និង​សហរដ្ឋអាមេរិក មាន​ខ្នាត ១​លើ​៥០ពាន់​វិញ បាន​ន័យ​ថា ១​សង់ទីម៉ែត្រ​នៅ​លើ​ក្រដាស ស្មើ​នឹង​២​គីឡូម៉ែត្រ​នៅ​លើ​ដី។

ក្រុម​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​ខ្លះ​និយាយ​ថា តាម​រយៈ​ផែនទី​ខ្នាត ១​លើ​៥០ពាន់​នេះ អាច​ឲ្យ​កម្ពុជា​បាត់​ភូមិ​របស់​ខ្លួន​មួយ​ចំនួន​នៅ​តាម​តំបន់​ព្រំដែន​ចូល​ក្នុង​ទឹក​ដី​វៀតណាម។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​វៀតណាម ប្រកាស​ទាម​ទារ​យក​ភូមិ​របស់​ខ្មែរ​ចំនួន​ពីរ គឺ​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ផ្លុកត្រាច ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម ថា ភូមិ​ទាំង​ពីរ​នេះ​ស្ថិត​ក្នុង​បន្ទាត់​ព្រំដែន​របស់​វៀតណាម។

ប៉ុន្តែ​លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ផ្លុកត្រាច នេះ ស្ថិត​ក្នុង​ទឹក​ដី​វៀតណាម តាម​រយៈ​ផែនទី​ខ្នាត ១​លើ​១រយ​ពាន់ ដែល​គូស​ដោយ​បារាំង។

លោក​បន្ត​ថា ក្រៅ​ពី​ភូមិ​ទាំង​ពីរ​នេះ ក៏​នៅ​មាន​ភូមិ​ជាច្រើន​ទៀត​ក្នុង​ទឹក​ដី​ខ្មែរ ជា​របស់​វៀតណាម ហើយ​ក៏​មាន​ភូមិ​ជាច្រើន​ទៀត​ជា​របស់​ខ្មែរ​ក្នុង​ទឹក​ដី​វៀតណាម។ លោក​ថា ហេតុ​ដូច្នេះ កម្ពុជា និង​វៀតណាម នឹង​ត្រូវ​ធ្វើ​ការ​ដោះដូរ​ភូមិ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្ត​កិច្ច​សហប្រតិបត្តិការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ច្បាស់​ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ស៊ាន ប៉េងសែ អះអាង​ថា ភូមិ​អង្លង់ជ្រៃ ដែល​ជា​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា នោះ ស្ថិត​ក្នុង​ទឹក​ដី​ខ្មែរ ផ្អែក​តាម​ផែនទី​ដែល​បារាំង​បាន​គូស​នៅ​ឆ្នាំ​១៨៧៣។

លោក​បញ្ជាក់​ថា ប្រសិន​បើ​ភូមិ​ទាំង​នោះ​ជា​របស់​វៀតណាម មែន វៀតណាម ប្រាកដ​ជា​មិន​បាន​ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ​ឡើយ។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ដោយ​សារ​តែ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​ធ្វើ​ឲ្យ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ មាន​ភាព​ស្រប​ច្បាប់ ផ្អែក​លើ​ផែនទី​ដែល​គូស​ជា​ឯកតោ​ភាគី​ដោយ​វៀតណាម នោះ​ហើយ ទើប​វៀតណាម អាច​ឆ្លៀត​ឱកាស​ទាមទារ​យក​ភូមិ​របស់​ខ្មែរ​បន្ថែម។

ព្រឹត្តិបត្រ​ឯកសារ​ប្រចាំខែ​ឈ្មោះ BMD របស់​សម្ដេច​ព្រះបាទ នរោត្តម ស៊ីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៤ បាន​សរសេរ​ថា លោក វ៉ា គឹមហុង ហ៊ាន​យក​ផែនទី​ក្លែងក្លាយ​នៃ​ប្រទេស​កម្ពុជា មក​ទូល​ភូត​កុហក​ព្រះអង្គ​ថា ជា​ផែនទី​ភូមិសាស្ត្រ​នៃ​សង្គម​រាស្ត្រ​និយម។

ទាក់​ទិន​នឹង​បញ្ហា​នេះ លោក ប៉ាង សុខឿន ដែល​ជា​អតីត​ប្រធាន​ចលនា​និស្សិត ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ជា​អ្នក​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា-វៀតណាម មាន​ប្រសាសន៍​ពី​ប្រទេស Finland មក​ថា ផែនការ​បោះ​បង្គោល​ព្រំដែន​ថ្មី ដែល​កម្ពុជា​បាន​ព្រមព្រៀង​ធ្វើ​ឡើង​ជាមួយ​វៀតណាម ស្រប​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ នោះ កំពុង​ធ្វើ​ឡើង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

លោក​បន្ត​ថា កិច្ចការ​ដោះដូរ​ភូមិ​របស់​ខ្មែរ​ជាមួយ​វៀតណាម ឬ​ផែនការ​បោះ​បង្គោល​ព្រំដែន​ថ្មី ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដាក់​រឿង​នេះ ឲ្យ​ជជែក​សួរ​ដេញដោល​ក្នុង​សភាជាតិ ឬ​មាន​ការ​ព្រមព្រៀង​ពី​ព្រះមហាក្សត្រ​នោះ​ឡើយ។

គណៈកម្មាធិការ​ព្រំដែន​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង ឲ្យ​ដឹង​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​២០០៥ ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ដែល​ធ្វើ​ឲ្យ​បាត់​ព្រំដែន​គោក​របស់​កម្ពុជា​ប្រមាណ​ពី ៤ពាន់​ទៅ​៦ពាន់​គីឡូម៉ែត្រ​ក្រឡា ហើយ​ថា សន្ធិសញ្ញា​ទាំង​ពីរ​នេះ​ប្រាសចាក​ពី​ផែនទី​របស់​ខ្មែរ ដែល​កំពុង​តម្កល់​ក្នុង​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៦៤ ខ្នាត ១​លើ​១រយ​ពាន់ ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។

ក្រុម​អ្នក​វិភាគ​ខ្លះ​និយាយ​ថា សន្ធិសញ្ញា​ដែល​ធ្វើ​ឡើង​រវាង​កម្ពុជា និង​វៀតណាម ក្នុង​ឆ្នាំ​១៩៨៥ នោះ គឺ​ជា​ការ​ឆ្លៀត​ឱកាស​របស់​វៀតណាម នៅ​គ្រា​ដែល​ខ្លួន​កំពុង​ត្រួតត្រា​កម្ពុជា ហើយ​នៅ​ខណៈ​ដែល​កម្ពុជា​ខ្លួន​ឯង មិន​មាន​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​នា​សម័យ​នោះ ដោយ​សារ​អ្នក​ចេះ​ដឹង​ភាគ​ច្រើន ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​អស់​ស្ទើរ​គ្មាន​សល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ថាច់ ជឿង

ពី កម្ពុជាក្រោម

ពាក្យសំដីរបស់លោកហោ ណាំហុងកំពុងបន្ទរតាមអង្គការអាមេរិចមួយឈ្មោះ International Republican Institute (IRI) ថា កម្ពុជាកំពុងធ្វើដំណើរលើផ្លូវត្រូវ ។ យកល្អអង្គការអាយអាអាយ គួរបិទមាត់ទៅល្អជាង ឬមួយបិទទ្វារតែម្តង គឺបិទទាំងពីរ ទាំង NDI និង IRI ព្រោះអង្គការទាំងពីរនេះ មិនមានអ្វីចំណេញដល់ ស្រុកខ្មែរទេ ។

Jul 22, 2012 09:54 AM

phalla

ពី Phnom Penh

បើតាមយោបល់របស់​​ នេះមិនមែនជាការងារការទូតទេ បើប្រើពាក្យថាការថ្វាយជូនមហាមិត្ត​ ប្រហែលជាត្រូវជាង! ចងមិត្តជាមួយប្រទេសជិតខាង ជាទួនាទីរបស់ថ្នាក់ដឺកនាំដែលជាតំណាងប្រជាជន ដូចនេះមុននឹងថ្វើអ្វីគួរតែគិតដល់ចិត្តប្រជាជនជាមុន មិន​មែនដើម្បីតែប្រយោជន៏មនុស្សមួយក្រុម នាំឧ្យខាតប្រយោជន៏ជាតិទាំងមូលនោះទេ....!!!

Jul 21, 2012 10:07 PM

Castro De La Monreo

ពី Paris, France

I am tired to hear all those craps. Everybody is acting like they are know everything, but b.s. participating comments from around the world relient to those foreign countries drew or mapped Khmer teritory. Now can you ask those countries to give you a hint to solve that problem, would they come to help you for free? or waiting for UN, or UNESCO to come and help you? No way my friends nothing for free or should I wait until you guys from oversea to become a head of state or prime minister and solve that problem? I just want to see the real teritory of Cambodia in this generation and made a history for our homeland then nobody can blame anyone those problems will solved. I do supported on this policy that the government being implemented , and I am not pro-government and not a vietnamese or thai and I am proud of myself as a Khmer and can handle of any situation.

Jul 21, 2012 01:06 PM

I love khmer

ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ តើ​ថ្ងៃ​ក្រោយៗ​ទៅ​នៅ​មាន​ស្រុក​ខ្មែរ​នេះ​ទៀត​ដែរ​ទេ?

Jul 21, 2012 12:58 AM

kon khmer

ពី Phnome Penh

ក្នុង​នាម​យើង​ជា​ខ្មែរ​ទាំង​អស់​គ្នា​គួរ​តែ​ខិតខំ​រិះរក​មធ្យោយ​ដើម្បី​ជួយ​ជាតិ​មាតុភូមិ​ឲ​រួច​ផុត​ពី​ការ​ជិះជាន់​របស់​យួន ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់​ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ណាស់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ​ពុំ​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រោះ​អំពី​បញ្ហា​អ្នក​ដឹកនាំ​ ក៍​ដូច​ជា​បក្ស​ពួក​របស់​គេ​សព្វថ្ងៃ​នេះ​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្រោម​អំនាច​គេ។​ខ្ញុំ​សួម​អំពាវនាវ​ឲ​អ្នក​ស្នេហាជាតិ​ទាំង​អស់​ទាំង​ក្នុង​នឹង​ក្រៅ​ប្រទេស​ជួយ​គ្នា​រក​មធ្យោបាយ​ដើម្បី​ជួយ​ជាតិ​ឲ​រួច​ផុត​ពី​អំនាច​គេ ហើយ​នាំ​គ្នា​អភិវឌ្ឍន៍​ជាតិ​ឲ​រីកចំរើន​ដោយ​ក្តី​ស្នេហា​ស្រលាញ់​ជាតិ​ពិតៗ។

Jul 21, 2012 12:56 AM

មើល​មតិ​ទាំង​អស់.