ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​បាត់ដំបង​រង​ការចោទ​ប្រកាន់​ថា​ពុក​រលួយ

ការិយាល័យ​ប្រឆាំង​ការជួញដូរ​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រង​ការចោទ​ប្រកាន់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការ​ដោះលែង​ជន​ល្មើស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញ​ដូរ​មនុស្ស​និង​ប្រព្រឹត្ត​អំពើ​អនាចារ​ទៅ​លើ​កុមារី​ជា​អនីតិជន​ឲ្យ​នៅ​ក្រៅ​ឃុំ។

លោកស្រី សៅ រៀម ម្តាយ​កុមារី​រងគ្រោះ​រស់នៅ​ក្នុង​ភូមិ​ស្លាកែត ឃុំ​ស្លាកែត ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​នា​ថ្ងៃ​ចន្ទ​ថា នគរបាល​ការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​បង្ខំ​ឲ្យ​លោកស្រី​ផ្តិត​មេដៃ​ទទួល​យក​សំណង​ចំនួន ២.០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ជំងឺ​ចិត្ត បញ្ឈប់​ការប្តឹងផ្តល់​ទៅ​តុលាការ​ចំពោះ​ការ​ដែល​ជន​ល្មើស​ប្រព្រឹត្ត​អំពើ​អនាចារ​យ៉ាង​ឃោរឃៅ​ទៅ​លើ​កូន​របស់​លោកស្រី ៖ «តែ​គេ​ដក​ហ្នឹង​អស់​៤០០​[ដុល្លារ]»

លោកស្រី​បាន​បន្ត​ថា កូនស្រី​របស់​លោកស្រី អាយុ ១៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៥ ត្រូវ​បាន​ឈ្មោះ ធំ ភេទ​ស្រី មាន​ទីលំនៅ​នៅ​ភូមិ​វត្តលាប ឃុំ​ចំការ​សំរោង ស្រុក​បាត់ដំបង លួង​បោក​បញ្ឆោត​យក​ទៅ​លក់​ឲ្យ​បុរស​ពីរ​នាក់​ឈ្មោះ ប៊ុន លី និង យិន ហ៊ត រស់​នៅ​ឃុំ​អូរចា ស្រុក​បាត់ដំបង យក​ចូល​ក្នុង​ហាង​ខារ៉ាអូខេ ប៉ាស៊ីហ្វិក​ណាយ ក្នុង​ខេត្ត​បាត់ដំបង ដាក់​ថ្នាំ​សម្រើប​និង​ថ្នាំ​ងងុយ​ដេក​ក្នុង​ទឹក​ដូង​និង​ទឹក​ស្រាបៀរ​ចាប់​បង្ខំ​ឲ្យ​ផឹក​រហូត​ទន់​ខ្លួន​លែង​ដឹង​អី ទើប​ផ្តើម​ប្រព្រឹត្ត​អំពើ​អនាចារ​យ៉ាង​ព្រៃផ្សៃ​ទៅ​លើ​រូប​នាង។

កុមារី អាយុ​១៦​ឆ្នាំ​ដែល​រង​ការរំលោភ​បំពាន​ដោយ​ជនល្មើស​ចំនួន​ពីរ​នាក់ ឈ្មោះ ប៊ុន លី និង យិន ហ៊ត បាន​រៀបរាប់​ថា ៖ «គេ​យក​ខ្ញុំ​ទៅ​លូកលាន់​លិច​កើត គេ​ច្របាច់​ដោះ​ហើយ​គេ​លូក​ក្នុង​ប្រដាប់​ភេទ គេ​លាត់​ដោះ»

លោក គុយ ហ៊ាង ប្រធាន​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការ​ខេត្ត​បាត់ដំបង អះអាង​ថា លោក​មិន​បាន​ដឹង​ច្បាស់​លាស់​ជុំវិញ​ករណី​ខាង​លើ​នេះ​ទេ ហើយ​បាន​ជំរុញ​ឲ្យ​ទៅ​សួរ​មន្ត្រី​ផ្សេង។

លោក អ៊ុយ សំភា ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​លោក​ទទួល​រួច​ហើយ​នូវ​ពាក្យ​បណ្តឹង​របស់​ភាគី​ជន​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​មិន​មាន​ចំណាត់ការ​បែប​ណា​នោះ​ទេ។

លោក យិន ម៉េងលី មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​សម្តែង​ការសោក​ស្តាយ​ចំពោះ​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​និង​តួនាទី ៖ «បែរ​ជា​នាំ​គ្នា​និយាយ ពី​ការចរចា​បទ​ឧក្រិដ្ឋ ព្រោះ​នេះ​ជា​បទ​ឧក្រិដ្ឋ ដែល​ទណ្ឌកម្ម​[ត្រូវ​ជាប់​គុក]​ពី ១០​ទៅ​១៥ឆ្នាំ»

ទោះ​ជា​យ៉ាងណា លោក យិន ម៉េងលី បាន​ថ្លែង​ថា ករណី​នេះ លោក​សង្ឃឹម​ថា ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ខេត្ត​បាត់ដំបង នឹង​ជំរុញ​ឲ្យ​មាន​បណ្តឹង​អាជ្ញា​ដើម្បី​រក្សា​កិត្យានុភាព​នៃ​ច្បាប់ ហើយ​ថា សមាគម​អាដហុក​នឹង​ធ្វើ​លិខិត​អន្តរាគមន៍​ទៅ​លោក​ព្រះរាជអាជ្ញា​ដើម្បី​ចាប់​ជន​ល្មើស​ដាក់គុក៕