ប្រជាពលរដ្ឋមួយចំនួនដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីពាក់កណ្តាលខែមុន នៅសង្កាត់ច្រាំងចំរេះ២ ក្នុងខណ្ឌបឫស្សីកែវ ភាគខាងជើងរាជធានីភ្នំពេញ បានអះអាងថា មានអំពើពុករលួយកើតចេញពីការបែងចែកអំណោយដល់អ្នករងគ្រោះដោយភ្លើងឆេះផ្ទះក្នុងរង្វង់អាជ្ញាធរមូលដ្ឋាន។
២២-វិច្ឆិកា-០៩: ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រៀបចំប្រក់ដំបូលតង់រស់នៅបណ្ដោះអាសន្នបន្ទាប់ពីភ្លើងឆេះផ្ទះរបស់ពួកគេអស់។
ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះមួយរូបក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះមួយចំនួនទៀត មានប្រសាសន៍ក្នុងលក្ខខណ្ឌស្នើមិនឲ្យវិទ្យុអាស៊ីសេរីបញ្ចេញឈ្មោះបានឲ្យដឹងថា ចៅសង្កាត់ច្រាំងចំរេះទី២ រួមជាមួយប្រធានភូមិនិងប្រធានក្រុមនៅក្នុងមូលដ្ឋាននេះ បានធ្វើឲ្យបាត់ឈ្មោះពួកគេចេញពីបញ្ជីទទួលអំណោយ ប៉ុន្តែបែរជាមានវត្តមានមនុស្សថ្មីដែលមិនមែនជាជនរងគ្រោះដោយភ្លើងឆេះផ្ទះមកបើកអំណោយទៅវិញ។
ប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យដឹងដូច្នេះ ៖ «អត់មានភ្លើងឆេះផ្ទះផងបែរជាមានឈ្មោះ មានពីរមានបី ហើយអ្នករងគ្រោះដូចខ្ញុំជាដើមទៅជាអត់បានទៅវិញ។ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំខាងលើៗ ដែលជាម៉ែឪឲ្យជួយមើលកូនចៅខាងក្រោមផង កុំឲ្យដូចខ្ញុំអ៊ីចឹង រងគ្រោះផ្ទះឆេះ អីវ៉ាន់អស់ ហើយបែរជាអត់បាន វាអយុត្តិធម៌ពេក»។
ដូចគ្នាទៅនឹងការអះអាងនេះដែរ សម្រាប់ជនរងគ្រោះមួយរូបទៀតបានបញ្ជាក់ឲ្យដឹងពីភាពមិនប្រក្រតីដែលកើតចេញពីការធ្វើបញ្ជីឈ្មោះបើកអំណោយរៀបចំឡើងដោយប្រធានភូមិ ប្រធានក្រុមនិងចៅសង្កាត់ច្រាំងចំរេះទី២ដូច្នេះ ៖ «ឧទាហរណ៍ថា កូនចៅអត់ទាន់រៀបការអ៊ីចឹង ប៉ុន្តែគេថា គេរៀបការហើយ គេបែកគ្រួសារ អ៊ីចឹងគេយកឈ្មោះកូនគេហ្នឹងទៅបើកអំណោយ ហើយដល់ប្រជាជនអ្នករងគ្រោះគ្នាមានគ្រួសារ បំបែកគ្រួសារចេញហើយ ប៉ុន្តែអត់មានឈ្មោះឲ្យគេ។ សាហាវដែរ ដល់អ៊ីចឹងពុករលួយនៅកន្លែងហ្នឹង គឺប្រធានភូមិនិងប្រធានក្រុម សង្កាត់មិនសូវអីប៉ុន្មានទេ។ យកឈ្មោះយើងទៅឲ្យបងប្អូនគេតែម្ដង»។
លោក កូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវមានប្រសាសន៍ថា ប្រសិនបើការបែងចែកអំណោយកើតមានភាពមិនប្រក្រតីពិតមែន អ្នកប្រព្រឹត្តនឹងត្រូវពិន័យ។ លោកបញ្ជាក់ថា ករណីខុសប្រក្រតីនេះសូមឲ្យប្រជាពលរដ្ឋដែលបាត់ឈ្មោះ ឬរកឃើញថា កើតមានភាពមិនប្រក្រតី ត្រូវទៅជួបលោកផ្ទាល់ដើម្បីរាយការណ៍។
លោក កូប ស្លេះ មានប្រសាសន៍ដូច្នេះ ៖ «ថ្នាក់ដឹកនាំប្រទេសជាតិ ដូចជាជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដូចជាឯកឧត្ដម កែប ជុតិម៉ា គាត់ចុះមកចែក គឺគាត់អាណិតប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ ហើយបើសិនជាមានជនដែលប្រព្រឹត្តអ៊ីចឹងមែន យើងនឹងផ្ដន្ទាទោសទៅតាមច្បាប់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសូមសំណូមពរថា ឲ្យប្រជាពលរដ្ឋណាដែលមានដំណឹងមកជួបខ្ញុំនៅសាលាខណ្ឌ»។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅនេះ អគ្គិភ័យមួយបានកើតឡើងនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបណ្តាលឲ្យផ្ទះចំនួនជាង៤០០ខ្នងត្រូវឆេះអស់គ្មានសល់។ បច្ចុប្បន្នប្រជាពលរដ្ឋរងគ្រោះកំពុងរស់នៅយ៉ាងលំបាកវេទនានៅក្រោមតង់កៅស៊ូដែលមិនមានជញ្ជាំងបិទបាំង។
គេនៅមិនទាន់ឃើញមានការដោះស្រាយផ្សេងទៀតពីសំណាក់រដ្ឋាភិបាល ក្រៅតែពីការចុះចែកអំណោយ ផ្តល់សម្ភារៈប្រើប្រាស់ប៉ុណ្ណោះ ដែលប្រការនេះទៀតត្រូវបានប្រជាពលរដ្ឋអះអាងថា មានការរើសអើងនិងបក្សពួកនិយម៕
ផ្ទះ២ខ្នងត្រូវភ្លើងឆេះនៅសៀមរាប
សភាអនុម័តសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ
អ្នកនេសាទនៅកំពង់ឆ្នាំងចោទប្រធានសហគមន៍ថាលក់ដែននេសាទ
មេភូមិនៅកំពង់ចាមត្រូវកោះឲ្យធ្វើកិច្ចសន្យាប្រគល់ប្រាក់ដល់ពលរដ្ឋវិញ
សង្គមស៊ីវិលចេញសេចក្ដីថ្លែងការណ៍ស្ដីពីសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ
សង្គមស៊ីវិលសុំឲ្យពន្យារពេលការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ
អាជ្ញាធរខេត្តព្រៃវែងលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ
ទូចណារ៉ុថច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិ
សុនឆ័យរិះគន់សេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ
គយចល័តក្រុងប៉ោយប៉ែតរងការចោទថាចាប់ទំនិញបង្ខំឲ្យបង់ប្រាក់
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
នេះហើយច្បាប់ស្រុកខ្មែរបងប្អូនត្រូវតែទទលយកទៅព្រោះយើងទាំងអស់បានជ្រើសរើសយកដោយបោះឆ្នោតពួកពុករលួយទាំងនេះ។
2009-12-12 01:58
នេះហើយច្បាប់ស្រុកខ្មែរបងប្អូនត្រូវតែទទលយកទៅព្រោះយើងទាំងអស់បានជ្រើសរើសយកដោយបោះឆ្នោតពួកពុករលួយទាំងនេះ។
2009-12-12 01:57
The corruption Law will be ratified soon but will only put the head of government and his officials first on trial. No one will be tried other than Hun Sen, Sok An, with his bunches of followers. In China a close ally of Phnom Penh regime if found anyone guilty of corruption, they will sentence the culprits on death. In Cambodia, we have no but rigorous life imprisonment may be requested.
2009-12-11 23:32
មើលមតិទាំងអស់.