ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះមួយរូបក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះមួយចំនួនទៀត មានប្រសាសន៍ក្នុងលក្ខខណ្ឌស្នើមិនឲ្យវិទ្យុអាស៊ីសេរីបញ្ចេញឈ្មោះបានឲ្យដឹងថា ចៅសង្កាត់ច្រាំងចំរេះទី២ រួមជាមួយប្រធានភូមិនិងប្រធានក្រុមនៅក្នុងមូលដ្ឋាននេះ បានធ្វើឲ្យបាត់ឈ្មោះពួកគេចេញពីបញ្ជីទទួលអំណោយ ប៉ុន្តែបែរជាមានវត្តមានមនុស្សថ្មីដែលមិនមែនជាជនរងគ្រោះដោយភ្លើងឆេះផ្ទះមកបើកអំណោយទៅវិញ។
ប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យដឹងដូច្នេះ ៖ «អត់មានភ្លើងឆេះផ្ទះផងបែរជាមានឈ្មោះ មានពីរមានបី ហើយអ្នករងគ្រោះដូចខ្ញុំជាដើមទៅជាអត់បានទៅវិញ។ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំខាងលើៗ ដែលជាម៉ែឪឲ្យជួយមើលកូនចៅខាងក្រោមផង កុំឲ្យដូចខ្ញុំអ៊ីចឹង រងគ្រោះផ្ទះឆេះ អីវ៉ាន់អស់ ហើយបែរជាអត់បាន វាអយុត្តិធម៌ពេក»។
ដូចគ្នាទៅនឹងការអះអាងនេះដែរ សម្រាប់ជនរងគ្រោះមួយរូបទៀតបានបញ្ជាក់ឲ្យដឹងពីភាពមិនប្រក្រតីដែលកើតចេញពីការធ្វើបញ្ជីឈ្មោះបើកអំណោយរៀបចំឡើងដោយប្រធានភូមិ ប្រធានក្រុមនិងចៅសង្កាត់ច្រាំងចំរេះទី២ដូច្នេះ ៖ «ឧទាហរណ៍ថា កូនចៅអត់ទាន់រៀបការអ៊ីចឹង ប៉ុន្តែគេថា គេរៀបការហើយ គេបែកគ្រួសារ អ៊ីចឹងគេយកឈ្មោះកូនគេហ្នឹងទៅបើកអំណោយ ហើយដល់ប្រជាជនអ្នករងគ្រោះគ្នាមានគ្រួសារ បំបែកគ្រួសារចេញហើយ ប៉ុន្តែអត់មានឈ្មោះឲ្យគេ។ សាហាវដែរ ដល់អ៊ីចឹងពុករលួយនៅកន្លែងហ្នឹង គឺប្រធានភូមិនិងប្រធានក្រុម សង្កាត់មិនសូវអីប៉ុន្មានទេ។ យកឈ្មោះយើងទៅឲ្យបងប្អូនគេតែម្ដង»។
លោក កូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវមានប្រសាសន៍ថា ប្រសិនបើការបែងចែកអំណោយកើតមានភាពមិនប្រក្រតីពិតមែន អ្នកប្រព្រឹត្តនឹងត្រូវពិន័យ។ លោកបញ្ជាក់ថា ករណីខុសប្រក្រតីនេះសូមឲ្យប្រជាពលរដ្ឋដែលបាត់ឈ្មោះ ឬរកឃើញថា កើតមានភាពមិនប្រក្រតី ត្រូវទៅជួបលោកផ្ទាល់ដើម្បីរាយការណ៍។
លោក កូប ស្លេះ មានប្រសាសន៍ដូច្នេះ ៖ «ថ្នាក់ដឹកនាំប្រទេសជាតិ ដូចជាជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដូចជាឯកឧត្ដម កែប ជុតិម៉ា គាត់ចុះមកចែក គឺគាត់អាណិតប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ ហើយបើសិនជាមានជនដែលប្រព្រឹត្តអ៊ីចឹងមែន យើងនឹងផ្ដន្ទាទោសទៅតាមច្បាប់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសូមសំណូមពរថា ឲ្យប្រជាពលរដ្ឋណាដែលមានដំណឹងមកជួបខ្ញុំនៅសាលាខណ្ឌ»។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅនេះ អគ្គិភ័យមួយបានកើតឡើងនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបណ្តាលឲ្យផ្ទះចំនួនជាង៤០០ខ្នងត្រូវឆេះអស់គ្មានសល់។ បច្ចុប្បន្នប្រជាពលរដ្ឋរងគ្រោះកំពុងរស់នៅយ៉ាងលំបាកវេទនានៅក្រោមតង់កៅស៊ូដែលមិនមានជញ្ជាំងបិទបាំង។
គេនៅមិនទាន់ឃើញមានការដោះស្រាយផ្សេងទៀតពីសំណាក់រដ្ឋាភិបាល ក្រៅតែពីការចុះចែកអំណោយ ផ្តល់សម្ភារៈប្រើប្រាស់ប៉ុណ្ណោះ ដែលប្រការនេះទៀតត្រូវបានប្រជាពលរដ្ឋអះអាងថា មានការរើសអើងនិងបក្សពួកនិយម៕
