កង​វិស្វកម្ម​នៅ​ស្រុក​បាធាយ​ចោទ​ថា មេ​របស់​ខ្លួន​កិបកេង​ប្រាក់​ឧបត្ថម្ភ

សមាជិក​កងកម្លាំង​វិស្វកម្ម​មួយ​ចំនួន​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​បញ្ជាក់​ថា មេ​របស់​ខ្លួន​បាន​កិបកេង​ប្រាក់​ឧបត្ថម្ភ​រយៈពេល​បី​ខែ​ចុង​ក្រោយ មិន​បាន​បើក​ជូន​ពួកគេ​ទេ។

0:00 / 0:00

កងកម្លាំង​វិស្វកម្ម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ សីហា​នេះ​ថា កងកម្លាំង​វិស្វកម្ម​លេខ​៧-១៨ ចំនួន​៤៧​នាក់​មិន​បាន​ទទួល​ប្រាក់់​ឧបត្ថម្ភ​ដែល​ក្នុង​មួយ​ខែ​៣២​ម៉ឺន​រៀល​នោះ​ទេ ក្នុង​រយៈពេល​បី​ខែ​ចុងក្រោយ​នេះ។

កងកម្លាំង​វិស្វកម្ម​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ បាន​មាន​ប្រសាសន៍​និង​ចោទ​ប្រកាន់​មេ​កងកម្លាំង ៧-១៨ ឈ្មោះ គុយ សុផល ថា បាន​កិបកេង​ថវិកា​ឧបត្ថម្ភ​របស់​ពួកគេ។

លោក​បាន​បន្ត​ទៀត​ថា មេ​របស់​លោក​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ច្រើន​លើក​មក​ហើយ កុំ​ថា​ឡើយ​ប្រាក់​ឧបត្ថម្ភ សូម្បី​តែ​ប្រាក់​ខែ​ដែល​ទទួល​បាន​ម្នាក់​ៗ ១៣​ម៉ឺន​រៀល​ក្នុង​មួយ​ខែ នៅ​ពេល​ដែល​ចប់​បេសកកម្ម​មក​ប្រចាំការ​នៅ​ស្នាក់ការ​របស់​ខ្លួន​នៅ​ស្រុក​បាធាយ​នោះ ក៏​ត្រូវ​បាន​គេកាត់​ប្រាក់​បាយ​ចំនួន ៤៥.០០០​រៀល​វិញ​ដែរ។

កងកម្លាំង​វិស្វកម្ម​ទាំង​នោះ​បាន​ត្អូញត្អែរ​ថា ពួក​គេ​មាន​ការលំបាក​ខាង​ជីវភាព​ដោយ​ប្រាក់​ខែ​តិច ពួកគេ​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៤​នេះ មេត្តា​ដំឡើង​បា្រក់​បៀវត្សរ៍​ដល់​ពួក​គេ​ផង និង​កាត់​បន្ថយ​នូវ​មន្រ្តី​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទាំងឡាយ។

មេកង​កម្លាំង ៧-១៨ ឈ្មោះ គុយ សុផល បាន​ច្រានចោល​នូវ​ការចោទ​ប្រកាន់​ខាង​លើ ដោយ​មាន​ប្រសាសន៍​ថា លោក​បាន​បើក​ប្រាក់​ខែ​និង​ប្រាក់​ឧបត្ថម្ភ​ឲ្យ​គ្រប់ៗ​គ្នា​អស់​ហើយ ប៉ុន្តែ​ចំពោះ​អ្នក​មួយ​ចំនួន​ដែល​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នោះ ដោយសារ​ពួកគេ​មិន​បាន​បំពេញ​ការងារ​ដល់​ចប់​នៃ​កាល​កំណត់។

លោក គុយ សុផល មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្លះ​បន់​ឲ្យ​ចប់​ការងារ​ទៅ​ផ្ទះ អត់​ទាន់​បាន​បើក​លុយ។ ហើយ​ឈ្មោះ​ដូច​ថា ៤០​នាក់​ចុង​ក្រោយ​ហ្នឹង ត្រូវ​បាន​ប្រាក់​ខែ​ឌុប ២​ខែ​ហ្នឹង ខ្ញុំ​បាន​ស៊ីញ៉េ​ហើយ ចំនួន​ប្រាក់​ទៅ​តាម​តារាង​បើក​ចែក​ហ្នឹង»

ទោះជា​យ៉ាងណា សមាជិក​កងកម្លាំង​វិស្វកម្ម​ខាង​លើ​បាន​ឆ្លើយតប​វិញ ដោយ​មាន​ប្រសាសន៍​ថា ពួកគេ​បាន​ធ្វើការ​មិន​ដែល​ឈប់​នោះ​ទេ​លើកលែង​តែ​ឈឺ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រាក់​ឧបត្ថម្ភ​ដែល​លោក គុយ សុផល មិន​បាន​បើក​ជូន​នោះ​មិនមែន​ការបំពេញ​បេសកកម្ម​តែ​មួយ​កន្លែង​នោះ​ទេ ដូចជា​ការសាង​សង់​ផ្លូវ​នៅ​ឧដុង្គ ផ្លូវលេខ​៥២ ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ការជួសជុល​ផ្លូវ នៅស្រុក​កំចាយមា ខេត្ត​ព្រៃវែង ជាដើម។

លើស​ពី​នេះ​ទៀត​ក្នុង​ចំណោម​ពួកគេ​ចំនួន ៤៧​នាក់ បាន​ចេញ​ដំណើរ​ជា​បណ្តើរៗ​ហើយ ទៅ​ខេត្ត​ឧត្តរមានជ័យ​ដើម្បី​ចាប់ផ្តើម​ធ្វើការ​ជួសជុល​ផ្លូវ​ឡើង​ទៅ​ប្រាសាទ​ព្រះវិហារ។

ជាមួយគ្នា​នោះ​ដែរ កងកម្លាំង​វិស្វកម្ម​ខាង​លើ​ដដែល​នោះ បាន​បញ្ជាក់​ទៀត​ថា ចំពោះ​កងកម្លាំង​ដទៃ​ទៀត មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ផ្នែក​ថវិកា មេ​របស់​គេ​បាន​បើក​ជូន​រៀង​រាល់​ខែ ដូចជា​កងកំម្លាំង លេខ ៧-១៦ និង ៧-១៧ ជាដើម៕