អ្នកភូមិប៉ុង ឈ្មោះ សាយ ប៊ុនមី មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិជាង ៤០គ្រួសារដែលបានទទួលប័ណ្ណផ្ដល់អំណោយជាប្រាក់ ២០ម៉ឺនរៀល ត្រូវបានគណៈកម្មការភូមិតម្រូវឲ្យរកប្រាក់ចំនួន ៥ម៉ឺនរៀលប្រគល់មកគណៈកម្មការភូមិ ដើម្បីចូលរួមធ្វើរបងវត្ត និងផ្លូវចូលក្នុងភូមិ ហើយប្រសិនអ្នកភូមិណាគ្មានប្រាក់បង់ នឹងត្រូវអាជ្ញាធរភូមិដកហូតប័ណ្ណទទួលអំណោយវិញ។
លោក សាយ ប៊ុនមី មានប្រសាសន៍ដូច្នេះ ៖ «នរណាបានអាសន្លឹកក្រហមឲ្យហើយ ខ្ញុំអត់មានទៅខ្ចីគេទៀត។ ខ្ញុំក្រចង់ងាប់ហើយ ដកខ្ញុំ។ ខ្ញុំឲ្យហើយម្សិលមិញ»។
អ្នកភូមិម្នាក់ទៀតឈ្មោះ ឡា ប៊ុនប៉េង មានប្រសាសន៍ដែរថា ៖ «គេថា បើអត់បានលុយទេ អាប័ណ្ណហ្នឹងគេដកវិញ ដកទៅឲ្យអ្នកថ្មីវិញ។ អត់សប្បាយចិត្តទេ ឥឡូវកំពុងរអ៊ូរទាំហើយ»។
កាលពីចុងខែឧសភា និងខែមិថុនា ឆ្នាំ២០១០ អង្គការអន្តរជាតិឃែរ (CARE) មានការិយាល័យនៅខេត្តរតនគិរី បានយកអំណោយមានឧបករណ៍ និងគ្រាប់ពូជកសិកម្ម ដូចជា ផាល នង្គ័ល ស្រូវពូជ គ្រាប់ដំណាំចម្ការ ពូជជ្រូក មាន់ ទា គ្រឿងសម្ភារៈប្រើប្រាស់មាន មុង ភួយ ក្រមា ធុងចម្រោះទឹកស្អាតសម្រាប់អ្នកភូមិនៅឃុំប៉ុង ស្រុកវ៉ឺនសៃ។ ក៏ប៉ុន្តែអ្នកដែលមានប័ណ្ណអំណោយជាប្រាក់នោះ ម្ចាស់អំណោយមិនទាន់បានប្រគល់ជូនអ្នកភូមិនៅឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានភូមិប៉ុង លោក ធន មួន ដើម្បីបំភ្លឺបញ្ហានេះបានទេនៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០១០។
យ៉ាងនេះក្ដី មេឃុំប៉ុង លោក គិ ខាំ មានប្រសាសន៍បញ្ជាក់ថា បញ្ហានេះមិនទាក់ទងនឹងសមត្ថកិច្ចរបស់ឃុំទេ គឺជាគម្រោងរបស់គណៈកម្មការភូមិ ដើម្បីស្វែងរកប្រាក់វិភាគទានដោយស្ម័គ្រចិត្ត ដើម្បីកសាងប្រយោជន៍សាធារណៈក្នុងភូមិតែប៉ុណ្ណោះ។
លោក គិ ខាំ មានប្រសាសន៍ដូច្នេះ ៖ «អាហ្នឹងគេហៅថា ជាបច្ច័យអ៊ីចឹងហ្នឹងណា ប៉ុន្តែជួលកាលប្រជាជនហ្នឹងគឺថា មានតែម្នាក់ពីរនាក់ទេ គ្នា ៥០-៦០នាក់គេយល់ព្រម។ សម្រាប់ការពារទ្រព្យសម្បត្តិសាធារណៈ ព្រោះថា អាស្ពាននៅលើវត្តហ្នឹងយើងមិនបានលើកគម្រោងសាងសង់ផ្លូវទៅទេ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា លោកនឹងធ្វើលិខិតអន្តរាគមន៍ទៅម្ចាស់អំណោយដើម្បីត្រួតពិនិត្យបញ្ហានេះ។
លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ៖ «វាខុសប្រក្រតីពីការផ្ដល់លុយដោយអង្គការសម្រាប់តែការជួយទ្រទ្រង់ជីវភាពរបស់គ្រួសារមួយៗទេ មិនមែនជាការដោះអ៊ីចឹងទេ ហើយប្រសិនអាជ្ញាធរធ្វើអ៊ីចឹងវាមានន័យថាខុស»។
វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងអ្នកទទួលខុសត្រូវអង្គការឃែរ ខេត្តរតនគិរី ដើម្បីបញ្ជាក់ពីបញ្ហានេះបានដូចគ្នា។
កាលពីចុងសប្ដាហ៍មុននេះ ក៏មានសេចក្ដីរាយការណ៍ចោទប្រកាន់ពីសកម្មជនគណបក្ស សម រង្ស៊ី ស្រុកវ៉ឺនសៃ ថា មានការរើសអើង និងប្រកាន់បក្ខពួកក្នុងការចែកអំណោយរបស់អង្គការនេះ តាមរយៈមន្ត្រីមូលដ្ឋានភូមិប៉ុងនេះដែរ។
យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលគម្រោងឆ្លើយតបគ្រោះមហន្តរាយអង្គការឃែរ អ្នកស្រី ខែរ៉ល (Carol ) ធ្លាប់បានបញ្ជាក់ថា ក្រុមការងារមូលដ្ឋានអង្គការឃែរ នឹងធ្វើការត្រួតពិនិត្យឡើងវិញពីសេចក្ដីរាយការណ៍ស្ដីពីការរើសអើង និងប្រកាន់បក្ខពួកក្នុងការចែកអំណោយនោះ៕