ពលរដ្ឋ​ចោទ​នាយិកា​រង​សាលា​ពាមជីលាំង​ថា​បង្ខំ​សិស្ស​ឲ្យ​សូក​លុយ​ដើម្បី​ប្រឡង​ជាប់

ពលរដ្ឋ និង​ក្រុម​គ្រួសារ​សិស្ស​នៅ​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ចោទ​នាយិកា​រង​វិទ្យាល័យ​ពាមជីលាំង ថា​បញ្ចុះ​បញ្ចូល​សិស្ស​ឲ្យ​បង់​លុយ​ជា​ថ្នូរ​នឹង​ការ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ។

0:00 / 0:00

ការ​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ សម័យ​ប្រឡង​ថ្ងៃ​ទី​១៦ និង​១៧ កក្កដា ឆ្នាំ​២០១២ នឹង​ត្រូវ​ប្រកាស​លទ្ធផល​ស្ថាពរ នៅ​ទូទាំង​ប្រទេស ចុង​ខែ​នេះ។

នៅ​ក្នុង​ពេល​លទ្ធផល​ប្រឡង​មិន​ទាន់​ប្រកាស នៅ​ខេត្ត​កំពង់ចាម ក្រុម​គ្រួសារ​សិស្ស​វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ឲ្យ​ដឹង​ថា មាន​នាយិកា​រង​វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង បាន​បង្ខំ​សិស្ស​ឲ្យ​សូក​លុយ​ដើម្បី​បាន​ប្រឡង​ជាប់។

គ្រូ​បង្រៀន​វិទ្យាល័យ​ពាមជីលាំង អ្នកស្រី អេង ម៉ាឡៃ នៅ​ថ្ងៃ​ទី​៣០ កក្កដា មាន​ប្រសាសន៍​ថា ក្មួយ​របស់​អ្នកគ្រូ​ត្រូវ​បាន​នាយិកា​រង​វិទ្យាល័យ​ពាមជីលាំង ឈ្មោះ ស៊ាន សំអាត និង​សហការី​ឈ្មោះ ហៃ ម៉ារី នៅ​ថ្ងៃ​ទី​២៦ កក្កដា បាន​ល្បួង​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​ប្រឡង​ជាប់។

អ្នកស្រី​បន្ត​ថា សិស្ស​របស់​អ្នកស្រី​ពីរ​នាក់ បាន​ឲ្យ​លុយ​ទៅ​នាយក​រង​នោះ​រួច​ហើយ។ អ្នកស្រី​បញ្ជាក់​ថា ឪពុក​ម្តាយ​សិស្ស​មួយ​ចំនួន នៅ​ឃុំ​ពាមជីលាំង ក៏​បាន​ទៅ​ទាក់​ទង​នាយក​រង​សាលា​នេះ ឲ្យ​ជួយ​រត់​ការ​ឲ្យ​កូន​ខ្លួន​បាន​ប្រឡង​ជាប់​ដែរ៖ «គាត់​មក​សួរ​នាំ​ក្មួយ​ខ្ញុំ​ដែរ​ថា បើ​ចង់​ជាប់ ឲ្យ​តែ​៥០​ទៅ​បាន​ហើយ។ ក្មួយ​ខ្ញុំ​មក​សួរ​ខ្ញុំ​ថា គួរ​ទិញ​ពិន្ទុ​អត់។ ខ្ញុំ​ប្រាប់​ថា មើល​សមត្ថភាព​ខ្លួន​ឯង បើ​ធ្វើ​បាន​ច្រើន មិន​បាច់​ទិញ​ពិន្ទុ​ទេ»

ទន្ទឹម​នឹង​នេះ ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ពាមជីលាំង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា អ្នកស្រី​នាយិកា​រង​វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង អ្នកស្រី ស៊ាន សំអាត មិន​មែន​ជា​អ្នក​ជួយ​សិស្ស​ដោយ​ផ្ទាល់​នោះ​ឡើយ ប៉ុន្តែ​គាត់​ជា​ឈ្មួញ​កណ្ដាល ដែល​ជួយ​រក​លុយ​ឲ្យ​ថ្នាក់​លើ​ប៉ុណ្ណោះ៖ «មិន​មែន​គាត់​ធ្វើ​ឲ្យ​ជាប់​ទេ តែ​គាត់​ជា​អ្នក​រត់​ការ​ជួយ ព្រោះ​គាត់​ស្គាល់​គេ​អីចឹង អ្នក​ដែល​ដឹង​មុខ​មាន​ម្នាក់ និង​អ្នក​មក​ទំនាក់​ទំនង​មាន​ច្រើន​គ្នា»

យ៉ាង​ណា​ក៏​ដោយ នាយិកា​រង​វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង អ្នកស្រី ស៊ាន សំអាត មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ អ្នកស្រី​បន្ត​ថា ការ​ចោទ​ថា​អ្នកស្រី​បញ្ចុះ​បញ្ចូល​សិស្ស​ឲ្យ​សូក​លុយ​៥០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ប្រឡង​ជាប់ ជា​រឿង​មិន​ពិត៖ «អ៊ីចឹង ពី​ណា​អ្នក​រាយការណ៍ ខ្ញុំ​ចង់​ដឹង។ ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​អត់​ផង ខ្ញុំ​នឹង​ធ្វើ​ការ​តវ៉ា អត់​ពិត​ទេ​ការងារ​នេះ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​កំពង់ចាម ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០១២។

ការ​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ ប្រព្រឹត្តិ​ទៅ​រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃ​ទី​១៦ និង​១៧ កក្កដា ឆ្នាំ​២០១២ ដោយ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នៅ​ភ្នំពេញ នា​ថ្ងៃ​ទី​៣០ ខែ​កក្កដា និង​នៅ​តាម​បណ្ដា​ខេត្ត ក្រោយ​ការ​ប្រកាស​នៅ​ភ្នំពេញ​មួយ​ថ្ងៃ។

កន្លង​ទៅ សង្គម​ស៊ីវិល​រក​ឃើញ​ថា ការ​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ និង​ទុតិយ​ភូមិ នៅ​កម្ពុជា តែង​តែ​កើត​មាន​អំពើ​ពុក​រលួយ តែ​មន្ត្រី​រដ្ឋាភិបាល​តែង​បដិសេធ​របាយការណ៍​ទាំង​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។