ផ្ដើមពីបញ្ហានេះ លោក ភួង សុវណ្ណ ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា បានស្នើឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស៊ើបអង្កេត និងមានវិធានការទប់ស្កាត់ពីភាពមិនប្រក្រតី ឬអំពើពុករលួយបក្ខពួកនិយមកើតមានក្នុងស្ថាប័នសុខាភិបាលឲ្យបានទាន់ពេល។
លោកសង្កត់ធ្ងន់ថា ប្រធាននាយកដ្ឋានពាក់ព័ន្ធនានានៃក្រសួងសុខាភិបាល គួរជាអ្នកទទួលខុសត្រូវខ្ពស់ និងប្រឈមចំពោះមុខច្បាប់ ប្រសិនបើអំពើពុករលួយពិតជាកើតមាន ដូចការចោទរបស់មន្ត្រីសុខាភិបាលមួយចំនួនលើកឡើងមែននោះ៖ «ព័ត៌មានទាក់ទិនក្រសួងសុខាភិបាលនេះ គឺជាទូទៅតាំងពីការចូលក្របខ័ណ្ឌ ដំឡើងឋានន្តរស័ក្តិ កាំប្រាក់ សុទ្ធតែមានរូបភាពមួយខុសពីប្រក្រតី ឬខុសពីច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលទាំងអស់។ ដោយសារតែការរៀបចំតាមប្រព័ន្ធនៃអំពើពុករលួយ និងគ្មានការអនុវត្តច្បាប់តែម្តង ចំពោះការដំឡើងឋានន្តរស័ក្តិ តួនាទី របស់មន្ត្រីស៊ីវិល។ ហើយមន្ត្រីរាជការដែលទើបប្រឡងចូលក្របខ័ណ្ឌថ្មីៗ ដែលនឹងត្រូវចុះធ្វើការតាមគោលដៅដែលក្រសួងបានដាក់ហ្នឹង ក៏មានអំពើពុករលួយដែរ»។
សំណើសុំអន្តរាគមន៍របស់លោក ភួង សុវណ្ណ បានកើតមានក្រោយពេលសមាគមមន្ត្រីរាជការទទួលបានព័ត៌មានពីមន្ត្រីសុខាភិបាលមួយចំនួន ដែលចង់ឲ្យថ្នាក់ដឹកនាំក្រសួងលុបបំបាត់អំពើពុករលួយក្នុងនាយកដ្ឋានមួយចំនួន នៃក្រសួងសុខាភិបាលឲ្យបានជាស្ថាពរ។
ទាក់ទិនបញ្ហានេះ លោក កែវ រ៉េមី មន្ត្រីនាំពាក្យ និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លោកធ្លាប់បានស្នើឲ្យប្រជាពលរដ្ឋ ឬមន្ត្រីរាជការដែលជួបបញ្ហាពុករលួយ សូមដាក់ពាក្យបណ្ដឹង ប្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្ថាប័នប្រឆាំងអំពើពុករលួយ ជួយមានវិធានការបង្ក្រាប៖ «មានបញ្ហាទាក់ទងនឹងសំណូក ឬទាមទារជំរិតយកលុយជាដើម សុំលើកទឹកចិត្តប្ដឹងមកស្ថាប័នយើងខ្ញុំ។ ហើយទាក់ទងចំណាត់ការ យើងមានក្រុមអ្នកទទួលពាក្យបណ្ដឹង និងពិនិត្យប្រភេទនៃបណ្ដឹង។ យើងលើកទឹកចិត្តឲ្យមានការចូលរួមពីមហាជន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីបំភ្លឺជុំវិញភាពមិនប្រក្រតី ឬអំពើពុករលួយ ដែលបុគ្គលិកក្រោមឱវាទ ចោទប្រកាន់បានទេ នៅថ្ងៃទី៣១ ខែកក្កដា ព្រោះជាប់រវល់ប្រជុំ។
ទោះជាបែបនេះក្តី បុគ្គលិកសុខាភិបាលមិនបង្ហាញអត្តសញ្ញាណម្នាក់ បានទទួលស្គាល់ថា ពិតជាមានសកម្មភាពអ្នករត់ការប្ដូរទីកន្លែងធ្វើការពីខេត្តទៅក្រុង ឬពីខេត្តមួយ ទៅខេត្តក្រុងផ្សេងៗ របស់មន្ត្រីរាជការទើបជាប់ក្របខ័ណ្ឌក្រសួងសុខាភិបាល ឆ្នាំ២០១២ ប្រាកដមែន។
ប៉ុន្តែសម្រាប់ការផ្តល់ក្របខណ្ឌ ឋានន្តរស័ក្តិ ជូនមន្ត្រីសុខាភិបាលថាកើតមានភាពមិនប្រក្រតី បុគ្គលិកសុខាភិបាលរូបនេះអះអាងថា ទំនងជាមិនអាចធ្វើបានទេ ព្រោះការផ្តល់ឋានន្តរស័ក្តិនេះ ធ្វើទៅតាមកម្រិតសិក្សារបស់មន្ត្រីរាជការសុខាភិបាលនីមួយៗ៖ «កាលណាមួយគេធ្វើអ្វីមួយឲ្យឡើងឋានៈ គឺគេឡើង "ក" ហើយគឺឡើង "ក-៣" ទៅ "ក-២" ឬ "ក-២" ទៅ "ក-១" គឺប្រូសេស្យ័រធំ»។
បុគ្គលិកក្រសួងសុខាភិបាល បានឲ្យដឹងថា មន្ត្រីរាជការទើបប្រឡងចូលក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាលថ្មី និងត្រូវចាត់ឲ្យទៅបម្រើការងារនៅតាមអង្គភាពនានា តាមខេត្ត-ក្រុងទូទាំងប្រទេស គឺច្បាប់មិនអនុញ្ញាតិឲ្យផ្លាស់ប្ដូរទីកន្លែងធ្វើ ឬអង្គភាពធ្វើការភ្លាមទេ។
ទោះយ៉ាងណា មន្ត្រីរាជការទើបប្រឡងចូលក្របខណ្ឌក្រសួងសុខាភិបាល ឆ្នាំ២០១២ បានអះអាងថា សកម្មភាពរត់ការប្ដូរទីកន្លែងពីខេត្ត-ក្រុងមួយ ពិតជាកើតមានពិតមែន ដែលទាមទារឲ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធជួយមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។
