អំពើពុករលួយបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា មិនថានៅស្ថាប័នរដ្ឋ ឬនៅស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលនោះទេ។ ថ្វីត្បិតតែបច្ចុប្បន្ននេះអង្គភាពប្រឆាំងអំពើពុករលួយបានចាត់ការទៅលើមន្ត្រីបម្រើការងារនៅតាមស្ថាប័នរដ្ឋមួយចំនួនក្ដី ប៉ុន្តែការប្រព្រឹត្តអំពើពុករលួយនេះ ក៏កើតមាននៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែរ។
អង្គការក្រៅរដ្ឋាភិបាលជាអង្គភាពមួយសំខាន់ណាស់ ធ្វើការងាររួមចំណែកអភិវឌ្ឍប្រទេសជាតិក្នុងគម្រោងផ្សេងៗ ដែលអង្គការក្រៅរដ្ឋាភិបាលទទួលបានប្រភពថវិកាពីម្ចាស់ជំនួយនៅក្រៅប្រទេស ហើយអង្គការសង្គមស៊ីវិលនេះ ធ្វើការក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋ និងសង្គមជាតិដោយមិនស្វែងរកប្រាក់ចំណេញ។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា លោកកំពុងធ្វើការសិក្សាស្រាវជ្រាវអំពីការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នអង្គការក្រៅរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា មានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានប្រព្រឹត្តអំពើពុករលួយ។
លោក កែម ឡី៖ «អង្គការអន្តរជាតិ អង្គការជាតិ អង្គការសហគមន៍ក៏មានអំពើពុករលួយដែរ ពីព្រោះអ្នកធ្វើការនៅក្នុងអង្គការទាំងនោះ គឺជាមនុស្ស ហើយមិនមានភាពតឹងរ៉ឹង មិនមានការត្រួតពិនិត្យត្រឹមត្រូវ ប្រហែលជាបើកឱកាសឲ្យមានអំពើពុករលួយហើយ»។
មានទឡ្ហីករណ៍ជាច្រើនដែលលោក កែម ឡី បានរកឃើញថា អង្គការសង្គមស៊ីវិលមួយចំនួនបានប្រព្រឹត្តអំពើពុករលួយនោះ ហើយករណីទាំងនោះ លោកនឹងធ្វើការស្រាវជ្រាវលំអិតទៅលើករណីនីមួយៗទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយ រួមមាននៅអង្គការក្រៅរដ្ឋាភិបាលចុះបញ្ជីនៅក្រសួងមហាផ្ទៃ ត្រូវចំណាយលុយជាមធ្យមពី ៣០០ ទៅ ៥០០ដុល្លារ ហើយគេបង់ចូលរដ្ឋយ៉ាងដូចម្ដេច?
អង្គការមួយយ៉ាងតិចមានអនុស្សរណៈមួយជាមួយរដ្ឋាភិបាល ហើយសុទ្ធតែចំណាយថវិកា។ ការចំណាយថវិកានេះមិនដឹងបង់ពន្ធចូលរដ្ឋ ឬយ៉ាងណា?
អង្គការក្រៅរដ្ឋាភិបាលទាំងអស់នៅកម្ពុជា មានប្រមាណ ៣ពាន់អង្គការ តែអង្គការដែលមានសកម្មភាពនោះតែជាង ១ពាន់អង្គការទេ។ អង្គការក្រៅរដ្ឋាភិបាលជាច្រើនបានប្រើប្រាស់រថយន្តរបស់អង្គការជាលក្ខណៈគ្រួសារ ដូចជាជិះរថយន្តទៅការគេ ទៅបុណ្យកឋិន និងផ្សេងៗទៀត។ អង្គការមួយចំនួនមានប្ដី ប្រពន្ធ និងកូនផងធ្វើការនៅក្នុងអង្គការនោះ ឬហៅថា គ្រួសារនិយម។
ម្យ៉ាងទៀត អង្គការមួយចំនួនបានទិញដី ទិញឡាន ខ្លះដាក់ស្លាកលេខអង្គការ ខ្លះទៀតដាក់ស្លាកលេខឯកជន តើទ្រព្យសម្បត្តិទាំងនោះជារបស់អង្គការ ឬជារបស់ឯកជន។ ម្យ៉ាងទៀត អ្នកប្រលងចូលធ្វើការនៅអង្គការខ្លះ ត្រូវបង់លុយចូលអង្គការ ហើយបុគ្គលិកខ្លះមានកាត់ប្រាក់ខែ។
របាយការណ៍សវនកម្មដែលក្រុមហ៊ុនឯកជនបានធ្វើ រកឃើញថា មានអំពើពុករលួយ ហើយម្ចាស់ជំនួយផ្ដាច់ជំនួយវិញ។ អង្គការខ្លះបានបង់ពន្ធជូនរដ្ឋ និងអង្គការខ្លះមិនបានបង់ពន្ធជូនរដ្ឋជាដើម។
លោក កែម ឡី បានអះអាងទៀតថា មានអង្គការខ្លះទៀត រចនាសម្ព័ន្ធគ្រប់គ្រងអង្គការនោះបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការប្រព្រឹត្តអំពើពុករលួយ ពិសេសអ្នកគ្រប់គ្រងអង្គការនោះមានតួនាទីច្រើននៅក្នុងអង្គការ៖ «ប្រព័ន្ធហិរញ្ញវត្ថុល្អហ្នឹង គេមានខាងលត្ថកម្ម មានគណនេយ្យទៅ មានគ្រប់ជ្រុងជ្រោយទៅ គេអាចទៅបើកលុយបាន តែអង្គការខ្លះមានតែម្នាក់ជានាយកផង ជាអ្នកគ្រប់គ្រងផង ជាគណនេយ្យផង ដូច្នេះគេត្រូវជាមួយនាយកប្រតិបត្តិទៅ គេអាចដកលុយបាន»។
នៅក្នុងសង្គមកម្ពុជា កន្លងមក មានការរិះគន់ជាបន្តបន្ទាប់នៅក្នុងស្ថាប័នរដ្ឋអំពីគ្រួសារនិយម បក្សពួកនិយម ពោលគឺនៅក្នុងក្រសួង មន្ទីរខ្លះ អ្នកដែលមានតួនាទីធំៗ សុទ្ធសឹងតែជាសាច់ញាតិរបស់រដ្ឋមន្រ្តី ឬសាច់ញាតិរបស់ប្រធានមន្ទីរនីមួយៗ ជាដើម។ ការដាក់សាច់ញាតិរបស់ខ្លួននៅក្នុងអង្គភាពរបស់ខ្លួន ជាគ្រួសារនិយមនេះ ត្រូវបានអ្នកវិភាគបានពន្យល់ថា ដើម្បីការពារអំណាចរបស់ខ្លួន និងដើម្បីបិទបាំងនូវអំពើពុករលួយនៅក្នុងស្ថាប័ននោះ។
ដោយឡែកចំពោះការប្រើប្រាស់រថយន្តរបស់រដ្ឋក្នុងផលប្រយោជន៍ផ្ទាល់ខ្លួននោះ ក៏កើតមាននៅតាមជួរមន្ត្រីរដ្ឋាភិបាលដែរ ដែលបញ្ហានេះទទួលរងនូវការរិះគន់ខ្លាំងក្លាពីមជ្ឈដ្ឋាននានា។ បញ្ហានៅត្រង់ថា មានមន្ត្រីយករថយន្តរបស់រដ្ឋប្រើប្រាស់ផ្ទាល់ខ្លួន និងប្រើប្រាស់នៅពេលឃោសនាបោះឆ្នោត ដើម្បីផលប្រយោជន៍បក្សជាដើម។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានលើកហេតុផលថា អំពើពុករលួយនេះមិនថានៅស្ថាប័នរដ្ឋ ឬស្ថាប័នអង្គការក្រៅរដ្ឋាភិបាលទេ វាជាវប្បធម៌ទៅហើយនៅក្នុងសង្គមកម្ពុជា។ អំពើពុករលួយនេះបានកើតមានជាប្រព័ន្ធ និងចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា។
លោកបណ្ឌិត សុខ ទូច បានអះអាងថា មានអង្គការខ្លះបានធ្វើរបាយការណ៍ក្លែងក្លាយស្របទៅតាមម្ចាស់ជំនួយចង់បាន៖ «អង្គការខ្លះជួលផ្ទះរបស់ខ្លួនឯងដាក់តម្លៃផ្សេងទៅ យកបងប្អូនខ្លួនឯងចូលធ្វើការទៅ យកឡានខ្លួនឯងជួលឲ្យអង្គការទៅ ជាអំពើពុករលួយ អ៊ីចឹងរូបភាពអំពើពុករលួយច្រើនណាស់»។
ការប្រព្រឹត្តអំពើពុករលួយកើតមានទាំងស្ថាប័នរដ្ឋ និងស្ថាប័នអង្គការសង្គមស៊ីវិលនេះ លោកបណ្ឌិត សុខ ទូច បានសង្កត់ធ្ងន់ថា មកពីប្រព័ន្ធអប់រំ ពីព្រោះថា អំពើពុករលួយកើតមានបណ្ដាលមកពីភាពមិនស្មោះត្រង់ គ្មានសីលធម៌ និងយកផលប្រយោជន៍បុគ្គលជាធំ។
លោក សុខ ទូច៖ «ខ្ញុំធ្វើសាកល្បង ខ្ញុំធ្វើក្នុងថ្នាក់ ខ្ញុំឲ្យមនុស្សធ្វើជាជ្រុះលុយ ហើយសួរថា អ្នកណាធ្វើជ្រុះលុយ ១០០ដុល្លារ? នៅពេលនោះមនុស្សពីរបីនាក់ឆ្លើយថា ជាលុយរបស់គេ។ នៅក្នុងសង្គមយើងនេះ នៅពេលរើសលុយរបស់គេ គឺមានការសប្បាយចិត្តអំពីលុយនោះណាស់»។
អ្នកវិភាគបានពន្យល់ថា ដើម្បីឲ្យសង្គមកម្ពុជា លុបបំបាត់នូវអំពើពុករលួយបាន មិនថានៅស្ថាប័នរដ្ឋ ឬអង្គការសង្គមស៊ីវិលនោះ សំខាន់បំផុតគឺការអនុវត្តច្បាប់ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យមានតម្លាភាព និងអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយឲ្យបានជាទូទៅដោយគ្មានការរើសអើង។ ម្យ៉ាងវិញទៀត ត្រូវកែប្រែប្រព័ន្ធអប់រំតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ឧត្ដមឲ្យក្លាយជាប្រព័ន្ធអប់រំស្អាតស្អំ និងបណ្ដុះគំនិតឲ្យប្រជាពលរដ្ឋមានក្រមសីលធម៌ខ្ពស់ និងស្មោះត្រង់ជាដើម។
អង្គការភាពប្រឆាំងអំពើពុករលួយ សព្វថ្ងៃនេះកំពុងអនុវត្តបោសសំអាតអំពើពុករលួយជាបណ្ដើរៗហើយ នៅតាមស្ថាប័នរដ្ឋ តែអង្គភាពនេះមិនទាន់ស៊ើបអង្កេតលើស្ថាប័នអង្គការក្រៅរដ្ឋាភិបាលនៅឡើយទេ ទោះបីជាមានការរិះគន់ខ្លះពីបក្សប្រឆាំងថា អង្គភាពនេះមិនអាចធ្វើការឲ្យមានប្រសិទ្ធភាពទាំងស្រុងនោះក្ដី។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានអះអាងថា របាយការណ៍ស្រាវជ្រាវរបស់លោក អំពីការប្រព្រឹត្តអំពើពុករលួយនៅស្ថាប័នអង្គការសង្គមស៊ីវិលនេះ នឹងចេញផ្សាយនៅខែមេសា ឆ្នាំ២០១៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។