អាជ្ញាធរ​ស្រុក​ប្រាសាទ​បល្ល័ង្ក រង​ការ​ចោទ​ថា​មាន​អំពើ​ពុក​រលួយ

អង្គការ​អភិរក្ស​ព្រៃ​សត្វ​បាន​សង្ស័យ​ថា មាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ នៅ​ក្នុង​ស្ថាប័ន​មូលដ្ឋាន​អាជ្ញាធរ​ស្រុក​ប្រាសាទ​បល្ល័ង្ក ទាក់ទិន​នឹង​ការ​សុំ​ច្បាប់ បើក​ការិយាល័យ​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ករណី​នេះ​ប្រធាន​អង្គការ​ខាង​លើ​នេះ​អំពាវនាវ​អោយ​ស៊ើប​អង្កេត​បញ្ហា​នេះ។
ដោយ សេង សេរីរ័ត្ន
2012-06-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អគ្គនាយក​អង្គការ អភិរក្ស​ជលផល បរិស្ថាន សត្វ​ព្រៃ និង​ព្រៃឈើ ខេត្ត​កំពង់ធំ លោក ស៊ុន សាមេឃ ចោទ​ថា ការ​ដែល​អាជ្ញាធរ​ស្រុក​ប្រាសាទ​បល្ល័ង្ក មិន​អនុញ្ញាត​ច្បាប់​អោយ​អង្គការ​របស់​លោក​លើ​ទីស្នាក់ការ គឺ​ដោយ​សារ​មន្ត្រី​ទាំង​នោះ​មាន​ការ​ឃុបឃិត​គ្នា និង​ប្រើប្រាស់​អំពើ​ពុក​រលួយ​ជា​លក្ខណៈ​ប្រព័ន្ធ។

លោក ស៊ុន សាមេឃ មាន​ប្រសាសន៍​បន្ត​ទៀត​ថា លោក​បាន​ដាក់​ពាក្យ​សុំ​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​អាជ្ញាធរ​ដែន​ដី​នៅ​ភូមិ​ថ្នល់ ឃុំ​សាគ្រាម រួចរាល់​ហើយ បន្ទាប់​មក​ក៏​បាន​ដាក់​សំណើសុំ​មក​សាលា​ស្រុក​ប្រាសាទ​បល្ល័ង្ក​បន្ត ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​បន្ថែម។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ លោក ទូច សុខា អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក និង​លោក គង់ សំអាត អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ហៅ លោក​ទៅ​សួរ​នាំ ជជីក​សួរ​រក​ប្រភព​ចំណូល​ក្នុង​អង្គការ និង​សួរ​រក​អ្នក​ឧបត្ថម្ភ និង​អោយ​ដាក់​លេខ​ទូរស័ព្ទ​ផង។ លោក​ថា បើ​តាម​អង្គការ​របស់​លោក​ឃ្លាំមើល​ឃើញ​ថា ចំណុច​ដែល​លោក​សុំ​ដាក់​ទីស្នាក់ការ​នោះ គឺ​ជា​ចំណុច​ឆ្នាំង​បាយ​របស់​ពួក​គាត់ ហើយ​ក៏​ជា​កន្លែង​មួយ​អាជ្ញាធរ​ទាំង​នោះ​ដាក់​ម៉ាស៊ីន​សម្រាប់​អារ​ឈើ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ជា​រៀងរាល់​ថ្ងៃ និង​ឈ្មួញ​ទាំង​អស់​បាន​បង់​លុយ​ទៅ​អោយ​ប្រធាន​ដែន​ជម្រក​សត្វ​ចំនួន ១​លាន​រៀល​ក្នុង ១​ខែៗ។

លោក ស៊ុន សាមេឃ៖ «ខ្ញុំ​អត់​ដាក់​ស្នាក់​ការ​ទេ ព្រោះ​នៅ​កន្លែង​ហ្នឹង​មាន​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​មួយ​ថ្ងៃៗ ចេញ ៦០​ឡាន​ដាក់​ម៉ាស៊ីន​អារ​នៅ​ក្នុង​ជម្រក​សត្វ គ្រប់គ្រង​ដោយ​លោក អាត ប៊ុនអឿន ប្រធាន​ដែន​ជម្រក​សត្វ​អូសខ្ចង់​ ចំណុច​អូសខ្ចង់​ស្ថិត​នៅ​ក្នុង​ឃុំ​សាគ្រាម។ ចំណុច​មួយ ដែល​ធ្វើ​អោយ​អង្គការ​របស់​ខ្ញុំ​មិន​អាច​បោះ​ទីតាំង​បាន គឺ​ជា​ការ​បិទ​បាំង​អំពើ​ពុក​រលួយ​មួយ ដែល​ប្រព្រឹត្ត​ជា​រៀងរាល់​ថ្ងៃ​នោះ»

ដោយ​ឡែក​លោក ទូច សុខា អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក មាន​ប្រសាសន៍​ថា មូលហេតុ ដែល​លោក​មិន​អនុញ្ញាត​អោយ​ដាក់​ទីស្នាក់ការ​នោះ គឺ​ដោយសារ​តែ​លក្ខខណ្ឌ​មួយ​ចំនួន ដែល​អង្គការ​នោះ មិន​ទាន់​បាន​បំពេញ​គ្រប់គ្រាន់។ លោក​បន្ត​ទៀត​ថា លោក​ចង់​ដឹង​ថា តើ​សកម្មភាព​អ្វី​ខ្លះ ដែល​អង្គការ​នោះ​បាន​ធ្វើ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំៗ នោះ។

លោក ទូច សុខា៖ «អត់​មាន​ទេ​គ្រាន់​អោយ​គាត់​បំពេញ​តាម ហើយ​គ្រាន់​តែ​អោយ​បំពេញ​ផែនការ​សកម្មភាព​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​សុំ​របស់​គាត់​ជា​ការ​ស្រេច​ហើយ»

លោក ស៊ុន សាមេឃ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អង្គការ​របស់​លោក​ធ្វើ​ការ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ព្រៃ​ឈើ សត្វ ច្បាប់​ជលផល ច្បាប់​បរិស្ថាន និង​ច្បាប់​ផ្សេងៗ ទៀត ជា​ពិសេស ជួយ​បង្រៀន​ពី​វិធី​បណ្ដុះ​ផ្សិត បណ្ដុះ​កូន​ឈើ ចិញ្ចឹម​ត្រី ហើយ​មិន​ទាន់​ទទួល​ជំនួយ ឬ​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន ឬ​ប្រទេស​ណាមួយ​នៅ​ឡើយ​ទេ។ សព្វថ្ងៃ​មាន​ការ​ចូលរួម​បរិច្ចាគ​ពី​សមាជិក​ក្នុង​អង្គការ​តែ​ប៉ុណ្ណោះ។ លោក​ថា ធ្វើ​សកម្មភាព​ការងារ​ក្នុង​ក្រប​ខណ្ឌ​ជា​អង្គការ​អព្យាក្រឹត្យ មិន​ប្រកាន់​និន្នាការ​នយោបាយ មិន​ប្រកាន់​ពូជ​សាសន៍ មិន​ប្រកាន់​សាសនា មិន​ធ្វើ​សកម្មភាព​បម្រើ​អោយ​គណបក្ស​នយោបាយ និង​មិន​ធ្វើ​ជា​ឧបករណ៍​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Actually the government and authority have committed corruption all along. The authority at Balang in this case just got the corruption virus from the government.

Jun 18, 2012 09:37 AM

អ្នកតាមដាន

ពី សន្ទុក ខេត្ត កំពង់ធំ

តាមពិតទៅ លោកអភិបាលស្រុកប្រាសាទបាលង្ល័ និង បក្សពួក របស់គាត់តែងតែសួរដេញដោលទៅអង្គការសង្គមស៊ីវិល ជានិច្ច ទង្វើនេះគាត់ធ្វើជាយូរមកហើយ ។​ ដោយសារតែខ្លាចក្រែងបាត់សំលែងឆ្នោតនៅឆ្នាំ ២០១៣ និងមួយទៀត ប្រហែលជាគិតកន្លែងនោះ មានតែអភិបាលស្រុក និង បក្សពួកប៉ណ្ណោះដែលអាចធ្វើបាន ស្រែកតែចិត្តនោះ ។ ខ្ញុំសូមឱ្យអភិបាលខេត្ត លោក ឈន់ ឈុន ត្រូវពិចារណា និង ចាត់វិធានការទៅមន្រ្តីអស់នេះ ។ ដើម្បីបើកផ្លូវឱ្យអង្គការ សង្គមស៊ីវិលមានឪកាសអភិវឌ្ឍន៍សង្គម ក្នុងខេត្ត កំពង់ធំ ។

Jun 17, 2012 10:15 AM