អ្នកស្រី រ៉ា សុខន អនុប្រធានទី១ នៃសហគមន៍២៧១ ឬសហគមន៍ក្រាំងអង្ក្រង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អ្នកស្រីមានប្រសាសន៍នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០១២ ថាការប្រឆាំងមិនឲ្យប្រធានសហគមន៍ គឺលោក ពុំ អូន និងមន្ត្រីអាជ្ញាធរយកសាលាបុណ្យដែលពលរដ្ឋប្រើប្រាស់ជាប្រចាំឆ្នាំនេះ ធ្វើអាជីវកម្មក្នុងរូបភាពផ្សេងនោះ គឺក្នុងបំណងចង់រក្សាទុកសាលាបុណ្យនេះសម្រាប់ចាស់ព្រឹទ្ធាចារ្យ គោរពបូជា និងធ្វើបុណ្យទានសម្រាប់សហគមន៍ទាំងមូល។ ទោះជាបែបណាអ្នកស្រីស្នើសុំឲ្យប្រមុខរដ្ឋាភិបាលពន្លឿន និងចាត់វិធានការលើបញ្ហានេះបន្ថែម ខណៈបណ្ដឹងដែលដាក់ទៅខណ្ឌ តែពុំមានដំណោះស្រាយរហូតមកដល់ពេលនេះ។
នៅក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី៣០ កក្កដា ឆ្នាំ២០១២ ស្នើឲ្យអភិបាលខណ្ឌពោធិសែនជ័យ ដោះស្រាយ ដែលមានស្នាមមេដៃពលរដ្ឋចំនួន៣៥គ្រួសារ ក្នុងចំណោម៥០គ្រួសារបានឲ្យដឹងថា ពួកគេមិនឯកភាពតាមការប្រជុំធ្វើប្រជាមតិ កាលពីថ្ងៃទី២៩ កក្កដា ទេ ដោយសារការប្រជុំនោះពុំបានជូនដំណឹងមុនពីរ ឬបីថ្ងៃ។
លិខិតបន្តថា ការប្រជុំពុំមានរៀបរបៀបវារៈច្បាស់លាស់រវាងអ្នកព្រម និងអ្នកមិនព្រម ទាមទារឲ្យមានការដោះស្រាយចំពោះអ្នកដែលផ្ដិតមេដៃចំនួន៣៥គ្រួសារ និងមិនប្រឆាំងការធ្វើសាលារៀនរបស់អង្គការទេ តែត្រូវប្ដូរទីតាំង។
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានសហគមន៍២៧១ គឺលោក ពុំ អូន លោកអះអាងថា វិវាទកើតឡើងដោយសារតែការច្រណែនឈ្នានីស និងការប្រប្រកួតប្រជែងដណ្ដើមលាភសក្ការៈប៉ុណ្ណោះ។ លោកបន្តថា បើទោះជាយកធ្វើជាសាលារៀនតាមគម្រោងរបស់អង្គការគ្រួសារយើងយ៉ាងណាក្ដី តែក៏ជាផលប្រយោជន៍រួមក្នុងសហគមន៍ដែរ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះពីមន្ត្រីអង្គការគ្រួសារយើង នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០១២។
ទោះជាបែបណា ក្រុមប្រជាពលរដ្ឋដែលតែងប្រើប្រាស់សាលាបុណ្យនេះ ចោទប្រកាន់ប្រធានសហគមន៍ និងមន្ត្រីអាជ្ញាធរឃុបឃិតគ្នាក្រោមរូបភាពប្រើប្រាស់អង្គការធ្វើជាសាលារៀនសម្រាប់ក្មេងកំព្រាប៉ុណ្ណោះ។
ទាក់ទិនករណីនេះ លោក ស្រី រស់ អតីតចៅសង្កាត់ និងបច្ចុប្បន្នជាក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ ដែលជាប់ពាក់ព័ន្ធក្នុងការចុះហត្ថលេខាប្រគល់ដីសហគមន៍នេះ លោកពន្យល់ថា ជម្លោះកើតឡើងព្រោះតែការប្រកាន់បក្ខពួក និងថាលោកពុំមានជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ ព្រោះតែការចុះហត្ថលេខាដោះដូរណាមួយនោះទេ។
កាលពីឆ្នាំ២០០៧ ក្រុមនិស្សិតជប៉ុនបានសាងសង់សាលាមួយល្វែងលើទំហំដី១០ម៉ែត្រគុណនឹង២០ម៉ែត្រ ដែលផ្ដល់ដោយសាលារាជធានីភ្នំពេញ សម្រាប់សហគមន៍២៧១ប្រើប្រាស់ជារួម ដូចជាធ្វើបុណ្យ ឬចាត់ចែងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍។
ករណីនេះត្រូវបានក្រុមពលរដ្ឋអះអាងថា តែក្នុងរយៈពេល១ឆ្នាំចុងក្រោយ បញ្ហាកើតឡើងជាបន្តបន្ទាប់នៅគ្រាដីតំបន់នេះត្រូវបានផ្ទេរពីសាលាបុណ្យទៅជាសាលារៀនរបស់អង្គការគ្រួសារយើងវិញ ដោយពុំមានការឯកភាពពីពលរដ្ឋនៅក្នុងតំបន់នេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែ ប៉ុណ្ណោះ។
