មន្ត្រី​ប្រឆាំង​អំពើ​ពុករលួយ​២០​រូប​ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ២០​រូប នៅ​ថ្ងៃ​ទី​១៧ ឧសភា នេះ បាន​ចេញ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន រយៈ​ពេល ៨​ថ្ងៃ ដើម្បី​ទទួល​យក​បទពិសោធន៍​មក​អនុវត្ត​បន្ត​ក្នុង​ការ​បំពេញ​ការងារ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស ក្រោម​កិច្ច​គាំទ្រ​ជំនួយ​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

0:00 / 0:00

នេះ​ជា​លើក​ទី​១​ហើយ​ដែល​ស្ថានទូត​ជប៉ុន បាន​ឧបត្ថម្ភ​ដល់​មន្ត្រី​បម្រើ​ការងារ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មីៗ​បន្ថែម​ទៀត​ពី​ប្រទេស​ជប៉ុន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ពិធី​ជូន​ដំណើរ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១១ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឃៀង សេង មាន​ប្រសាសន៍​ថា មន្ត្រី​របស់​អង្គភាព​ចំនួន ២០​រូប ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៣​រូប និង​បុរស​ចំនួន ១៧​រូប នឹង​ចេញ​ទៅ​ប្រទេស​ជប៉ុន​រយៈពេល ៨​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​អង្គារ​ ទី​១៧ ឧសភា រហូត​ដល់​ថ្ងៃ​ទី​២៤ ឧសភា ទើប​ត្រឡប់​មក​កម្ពុជា​វិញ។

លោក ឃៀង សេង មាន​ប្រសាសន៍​បន្ត​ថា ៖ «មន្ត្រី​វ័យ​ក្មេង​របស់​យើង​នឹង​សិក្សា​ត្រងត្រាប់​នូវ​អ្វី​ដែល​សំខាន់ ជា​ពិសេស​ច្បាប់​ជប៉ុន អ្វី​ដែល​មេរៀន​ដ៏​ល្អ​ពី​ប្រទេស​ជប៉ុន សម្រាប់​កម្ពុជា​យើង អ្វី​ដែល​សំខាន់​គឺ​បទពិសោធន៍ និង​ជំនាញ​ពិត​ប្រាកដ ដែល​យើង​បាន​ទៅ​សិក្សា​នៅ​ប្រទេស​គេ ហើយ​កន្លង​មក​ក៏​យើង​បាន​សិក្សា​នៅ​ប្រទេស​គេ​ច្រើន​ដែរ ជប៉ុន​ក៏​ចាត់​ទុក​ថា ជា​លើក​ទី​១ សម្រាប់​អង្គភាព​ដែល​បាន​សហការ​ជាមួយ​អង្គភាព​ក្នុង​ការ​បញ្ជូន​មន្ត្រី​របស់​យើង​ដ៏​ច្រើន​នេះ»

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​បាន​ចេញ​ទៅ​ទស្សនកិច្ច​នេះ គឺ​បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​គម្រោង​ឈ្មោះ​ថា ទំនាក់ទំនង​ផ្លាស់ប្ដូរ​បទពិសោធន៍​សម្រាប់​សិស្ស និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​អាស៊ី​បូព៌ា​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា JENESYS Programme។

លេខាធិការ​ទី​១ នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ លោក កាវ៉ាងុជិ ម៉ាសាគិ (Masaki KAWAGUCHI) បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ជា​ភាសា​ខ្មែរ​ថា វិធានការ ឬ​នយោបាយ​ប្រឆាំង​អំពើ​ពុករលួយ​ជា​វិស័យ​មួយ​ដ៏​សំខាន់ ហើយ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន បាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគទុន​មក​កាន់​កម្ពុជា។

លោក​បន្ថែម​ថា ៖ "ប្រទេស​ជប៉ុន​ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត​ដែរ គឺ​ថា មាន​អំពើ​ពុករលួយ​មែន ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​ជប៉ុន យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ពុករលួយ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា មន្ត្រី​វ័យ​ក្មេង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​អាច​យក​មេរៀន​បទពិសោធន៍​ពី​ប្រទេស​ជប៉ុន"

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​អង្គភាព​នេះ​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ហ្វឹកហ្វឺន​យក​បទពិសោធន៍ និង​របៀប​ស៊ើបអង្កេត​បទ​ល្មើស​អំពើ​ពុករលួយ​នៅ​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​ម៉ាឡេស៊ី ប្រ៊ុយណេ សិង្ហបុរី និង​ប្រទេស​ឥណ្ឌូណេស៊ី​ជាដើម។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​នេះ​ដែរ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នឹង​បាន​រៀន​អំពី​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ អំពី​ក្រមសីលធម៌​សម្រាប់​សាធារណៈ ស្ថានភាព​បង្ក្រាប​ថ្មីៗ​លើ​ករណី​អំពើ​ពុករលួយ​នៅ​ជប៉ុន ហើយ​មាន​ប្រធានបទ​ផ្សេងៗ​ទៀត ដែល​ទាក់ទង​ទៅ​នឹង​នីតិវិធី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជាដើម។

មន្ត្រី​ទាំង​នោះ​ក៏​មាន​ឱកាស​ធ្វើ​ទស្សនកិច្ច​នៅ​សម្ពន្ធភាព​ជប៉ុន-​កម្ពុជា និង​ការិយាល័យ​ព្រះរាជអាជ្ញា​សាធារណៈ​នៅ​ទីក្រុង​យ៉ូកាហាម៉ា (YOKAHAMA) និង​ទីក្រុង​ណាហ្កាណូ (NAGANO) ដើម្បី​ឲ្យ​បាន​យល់​ដឹង​កាន់​តែ​ប្រសើរ​ពី​វប្បធម៌ និង​ផ្នែក​ឧស្សាហកម្ម​ប្រចាំ​តំបន់​របស់​ជប៉ុន​ផង​ដែរ៕