បក្ស​ប្រជាជន​នាំ​មុខ​គេ​នៅ​ក្នុង​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី​ខេត្ត​-ក្រុង ស្រុក​-ខណ្ឌ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ឧសភា បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខែត្រ​-ក្រុង ស្រុក​-ខណ្ឌ ក្នុង​ទូទាំង​ប្រទេស ដោយ​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខ​ក្នុង​ចំណោម​គណបក្ស​ចូលរួម​ចំនួន​៤។

0:00 / 0:00

អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា មាន​ប្រសាសន៍​ក្នុង​ឱកាស​សន្និសីទ​កាសែត​នៅ​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ​ថា លទ្ធផល​នេះ​ពុំ​ទាន់​ចាត់​ទុក​ថា​ផ្លូវការ​នៅ​ឡើយ​ទេ ៖ «ថ្ងៃ​នេះ យើង​ចេញ​លទ្ធផល​បឋម ហើយ​លទ្ធផល​នេះ​មិន​ទាន់​ច្បាស់​ទេ ដោយ​មូលហេតុ​ថា យើង​ទទួល​មួយ​ចំនួន​តាម​ទូរស័ព្ទ មួយ​ចំនួន​ទៀត​តាម​ទូរសារ ហើយ​ជា​លិខិត​ស្នាម​មែន​ទែន​ហ្នឹង ពុំ​ទាន់​បាន​មក​ដល់​ទេ។ ហើយ​លទ្ធផល​ទី​២ គឺ​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​គេ​បិទ​នៅ​ឯ​រាជ​ធានី​ខេត្ត​ហ្នឹង​តែ​ម្ដង ប្រសិន​បើ​មាន​គ្រប់​ថ្នាក់​ទាំង​អស់ លទ្ធផល​ផ្លូវការ​នឹង​ចេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ»

លោក ទេព នីថា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​១៧ ឧសភា​នេះ ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ពុំ​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ទេ។ ប៉ុន្តែ ក្នុង​ដំណើរការ​នៃ​ការ​ឃោសនា​រយៈពេល ១៥​ថ្ងៃ មាន​បណ្តឹង​ចំនួន​១៣​ករណី បាន​កើត​ឡើង។

លោក ទេព នីថា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ហើយ​ក្នុង​ចំណោម​បណ្ដឹង ១៣​នេះ មាន​បណ្ដឹង ៤ ត្រូវ​បាន​ដោះស្រាយ​ហើយ។ ហើយ​ទាក់ទង​ទៅ​នឹង​បណ្ដឹង​ដែល​ប្ដឹង​នេះ បណ្ដឹង​មួយ​ចំនួន​ទៀត គណៈកម្មការ​រាជ​ធានី​ខេត្ត​បាន​ធ្វើ​សវនាការ​ហើយ។ ឧទាហរណ៍​ទាក់ទង​នឹង​ភ្នំពេញ​នេះ គណៈកម្មការ​រាជ​ធានី​រៀបចំ​ការ​បោះឆ្នោត គាត់​បាន​ធ្វើការ​បដិសេធ​ដោយ​សំអាង​លើ​មូលដ្ឋាន​ច្បាប់​មួយ​ចំនួន ហើយ​បណ្ដឹង​នេះ​បាន​ប្ដឹង​មក​ដល់ គ.ជ.ប. ហើយ។ ដោយ​ឡែក​បណ្ដឹង​ពីរ​ទៀត ដែល​ទាក់ទង​នឹង​ការ​ជំទាស់​អំពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មិន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត ដោយសារ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ក្រោយ​ការ​ផ្ដល់​សុពល​ភាព​ហើយ នៅ​ខាង​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង បាន​ធ្វើ​លិខិត​ឆ្លើយ​តប​វិញ​ដោយ​សំអាង​លើ​ផ្លូវ​ច្បាប់។ អ៊ីចឹង​ទេ បណ្ដឹង​ចំនួន​៥ បាន​មក​ដល់ គ.ជ.ប. ហើយ គ.ជ.ប. កំពុង​តែ​ស្រាវជ្រាវ»

លទ្ធផល​បណ្តោះ​អាសន្ន​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នៅ​វេលា​ម៉ោង ៥​និង​៣០​នាទី បង្ហាញ​ថា គណបក្ស​សម​រង្ស៊ី​បាន​ឈ្នះ​លំដាប់​ទី​២ ឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឈ្នះ​លំដាប់​ទី​៣ និង​គណបក្ស​នរោត្តម រណឫទ្ធិ លំដាប់​ទី​៤។ លទ្ធផល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា គណបក្ស​សម​រង្ស៊ី​ត្រូវ​បាត់​បង់​អាសនៈ​មួយ​ចំនួន ទោះ​បី​ជា​គេ​ពុំ​ទាន់​មាន​តួលេខ​ទូទាំង​ប្រទេស តែ​គ្រាន់​តែ​ទីក្រុង​ភ្នំពេញ បង្ហាញ​ថា គណបក្ស​នេះ​ត្រូវ​បាត់​បង់​សំឡេង​ឆ្នោត​ប្រមាណ ៣៣​សំឡេង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​បោះឆ្នោត​នេះ មាន​អវត្តមាន​អ្នក​បោះ​ឆ្នោត​ចំនួន​៤​នាក់ ដែល​ក្នុង​នោះ​មាន​ស្លាប់​១​នាក់ ឈឺ​មិន​អាច​ទៅ​បោះ​ឆ្នោត​បាន ១​នាក់ ចេញ​ទៅ​បរទេស ១​នាក់ និង​ម្នាក់​ទៀត មិន​ព្រម​ទៅ​បោះឆ្នោត​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។

គ.ជ.ប. បាន​ឲ្យ​ដឹង​ថា នឹង​ផ្សព្វ​ផ្សាយ​លទ្ធផល​ជា​ផ្លូវការ​ជា​បន្ត​បន្ទាប់​ទៀត ក្រោយ​ពេល​បាន​ទទួល​ការ​រាយការណ៍​ពី​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​អស់​១៩៣ នៅ​ទូទាំង​ប្រទេស​រួច​មក៕