បុរសម្នាក់ដាច់ជើងម្ខាងខាងឆ្វេង បាក់ជើងខាងស្តាំនិងប្រពន្ធរបួសខ្នង ដោយសារការផ្ទុះគ្រាប់បែកមួយគ្រាប់ ដែលត្រូវបានជនមិនស្គាល់មុខបោះចូលក្នុងផ្ទះរបស់ពួកគាត់នៅវេលាម៉ោង១០និង៤៥នាទី នាយប់ថ្ងៃទី៥ ខែតុលានេះ។
ជនរងគ្រោះទំាងពីរខាងលើ ប្តីឈ្មោះ ចាន់ ភួន អាយុ ៣៣ឆ្នាំ ប្រពន្ធឈ្មោះ ធី ចាន់ថន អាយុ២៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រមុង ឃុំត្រមុង ស្រុកមេមត់ ខេត្តកំពង់ចាម។
ហេតុការណ៍នោះ បានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលទូទាំងភូមិ ប៉ុន្តែសមត្ថកិច្ចស្រុកមិនទាន់ចាប់ជនដៃដល់បាននៅឡើយទេ។
ជនរងគ្រោះឈ្មោះ ចាន់ ភួន ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅយប់ថ្ងៃទី៥ តុលា គ្រួសារគាត់កំពុងដេកទាំងមិនដឹងខ្លួន ស្រាប់តែមានជនមិនស្គាល់មុខយកគ្រាប់បែកមកបោះចូលក្នុងផ្ទះក្បែរចុងជើងរបស់គាត់ ធ្វើឲ្យរូបគាត់ និងប្រពន្ធរងរបួស រីឯកូន៣នាក់ផ្សេងទៀតដែលនៅក្នុងផ្ទះជាមួយនោះ មិនត្រូវរបួសទេ។
លោកបានបន្តថា កាលពីប៉ុន្មានថ្ងៃកន្លងមក គ្រួសារគាត់មានទំនាស់ជាមួយឪពុកមាដែលមានមុខរបរកិនស្រូវដូចគ្នា តែទោះជាយ៉ាងណា លោកមិនសង្ស័យថា អ្នកណានោះទេ។
លោក ចាន់ ភួន មានប្រសាសន៍ដូច្នេះថា ៖ «កូនអត់មានត្រូវអីទេ កូនដេកជាមួយខ្ញុំ អាយុ៣ខួប រួចពីរនាក់ទៀត មីបងអាយុ ១១ឆ្នាំ ៦ឆ្នាំ ដេកក្នុងបន្ទប់»។
អធិការរងស្រុកមេមត់ លោក កែវ សំណៀម បានមានប្រសាសន៍ថា រហូតមកដល់ម៉ោង៣រសៀលថ្ងៃទី៦ តុលានេះ ការស៊ើបអង្កេតមិនទាន់បានដឹងថា យ៉ាងណានោះទេ ជុំវិញការបោះគ្រាប់បែកនោះ។ លោកបានបញ្ជាក់អំពីការគ្រប់គ្រងអាវុធជាតិផ្ទុះថា កន្លងមក ពុំដែលមានបញ្ហាអ្វីទេ គ្រប់គ្រងបានល្អ។
លោក កែវ សំណៀម មានប្រសាសន៍ដូច្នេះថា ៖ «យើងកំពុងតែហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវប្រមូលរកភស្តុតាងខ្លះដែលសេសសល់ ប៉ុន្តែវាមិនទាន់បានទទួលលទ្ធផល»។
ទោះជាយ៉ាងណា ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក ខេត្តកំពង់ចាម គឺលោក នាង សូវ៉ាត បានមានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រងអាវុធជាតិផ្ទុះរបស់សមត្ថកិច្ចនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ បានធ្វើឲ្យភាពអសន្តិសុខកើតមានមកលើប្រជាពលរដ្ឋ។
លោក នាង សូវ៉ាត មានប្រសាសន៍ថា ៖ «វាកើតឡើងនៅស្រុកមេមត់ ដោយការគប់គ្រាប់បែកនេះ យើងឃើញថា វាជាករណីធ្ងន់ធ្ងរ ហើយអាជ្ញាធរត្រូវតែធ្វើការតាមដានដើម្បីចាប់ជនល្មើស។ វាទាក់ទងទៅនឹងការគ្រប់គ្រងអាវុធនៅស្រុកយើងរាល់ថ្ងៃនេះថា បទល្មើសភាគច្រើនគឺកើតឡើងដោយសារការប្រើប្រាស់អាវុធ បើមិនគ្រាប់បែកទេ ក៏បាញ់ដោយកាំភ្លើងអីអ៊ីចឹងដែរ។ អ៊ីចឹងបានយើងសំណូមពរទៅអាជ្ញាធរមានសមត្ថកិច្ច ធ្វើម៉េចធ្វើការគ្រប់គ្រងអាវុធហ្នឹងឲ្យបានណែន ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគាត់ទុកចិត្តទៅលើអាជ្ញាធរថា វានឹងមានសន្តិសុខដល់ពួកគាត់»។
សូមជម្រាបថា ផ្ទះរបស់ជនរងគ្រោះខាងលើសង់អំពីថ្មនៅជាប់ដីមិនទាន់រួចរាល់នៅឡើយ ដែលធ្វើឲ្យងាយស្រួលដល់ជនល្មើស ក្នុងការបោះគ្រាប់បែកចូល។ ប៉ុន្តែជុំវិញបញ្ហានេះ ទាំងសាក្សីនៅក្បែរផ្ទះជនរងគ្រោះ ទាំងមន្រ្តីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សនិងសមត្ថកិច្ចស្រុកមេមត់ មិនអាចធ្វើការសន្និដ្ឋានបានថា ជារឿងគំនុំ ឬរឿងនយោបាយនោះទេ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ប៉ូលិសស្រាវជ្រាវរកក្រុមភេរវករជប៉ុនដែលលាក់ខ្លួននៅកម្ពុជា
ប៉ូលិសកំពុងតាមចាប់ខ្លួនក្មេង១០នាក់ដែលបានចាប់រំលោភនារី២នាក់
មន្ត្រីអាដហុកនៅស្ទឹងត្រែងសុំឲ្យស៊ើបអង្កេតឡើងវិញជុំវិញមរណភាពអ្នកភូមិម្នាក់
អំពើហិង្សាមួយផ្ទុះឡើងនៅឯទីរួមខេត្តរតនគិរី
ប៉ូលិសច្រកប៉ោយប៉ែតរងការចោទថា ប្រើហិង្សាលើកុមារ
បុរសខ្មែររស់នៅអាមេរិកត្រូវនាំខ្លួនទៅតុលាការពីបទចាក់សាំងដុតគូដណ្ដឹង
សកម្មជនបក្សសមរង្ស៊ីនៅខេត្តស្ទឹងត្រែងត្រូវគេបាញ់សម្លាប់
ក្រុមការពារសិទ្ធិសត្វរិះគន់ចំពោះការជួញដូរសត្វស្វានៅកម្ពុជា
ស្ត្រីម្នាក់និងកុមារីម្នាក់រងរបួសធ្ងន់ដោយសារជនល្មើសចាក់សាំងដុតទាំងរស់
ជនល្មើសស្លៀកពាក់ទាហានធ្វើសកម្មភាពប្លន់នៅខេត្តបន្ទាយមានជ័យ