សាលាឧទ្ធរណ៍​គ្រោង​សើរើ​សំណុំ​រឿង​អតីត​ទីប្រឹក្សា​លោក ជា ស៊ីម

អតីត​ទីប្រឹក្សា​ផ្ទាល់ និង​ជា​ប្រធាន​ពិធីការ​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា គឺ​លោកស្រី ផេង គន្ធាបូរី បន្ត​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ទៀត ដើម្បី​ជំទាស់​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស​ឲ្យ​លោកស្រី​ជាប់​គុក ៤​ឆ្នាំ​ក្រោម​បទ​ឆបោក។

0:00 / 0:00

សាលាឧទ្ធរណ៍​គ្រោង​សើរើ​សំណុំ​រឿង​ប្ដឹង​ទាស់​របស់​លោកស្រី ផេង គន្ធាបូរី នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​បើក​សវនាការ ប៉ុន្តែ​មន្ត្រី​សាលាឧទ្ធរណ៍​មិន​ទាន់​អាច​កំណត់​កាលបរិច្ឆេទ​ភ្លាមៗ​ទេ។

អនុ​ប្រធាន​សាលាឧទ្ធរណ៍ និង​ជា​ចៅក្រម​ជម្រះ​ក្តី លោក ជួ ស៊ុនឡេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ថា សំណុំ​រឿង​ដែល​ចាំបាច់ គឺ​មិន​អាច​ទុក​យូរ​ទេ៖ «ប្រហែល ១​ខែ​អី​ទៅ។ ប៉ុន្តែ​រឿង​ហ្នឹង… បាន​ច្រើន​បន្តិច គាត់ (ចៅក្រម) ចែក​មិន​មែន​ម្ដង​មួយៗ​ទេ។ លើកលែង​តែ​នៅ​ឃុំ សុំ​នៅ​ក្រៅ​ឃុំ អា​ហ្នឹង​ច្បាប់​ថា ឲ្យ​លើស​ពី ១៥​ថ្ងៃ»

មេធាវី​ការពារ​ក្ដី​ឲ្យ​លោកស្រី ផេង គន្ធាបូរី គឺ​លោក ស៊ុយ ឈុនហាក់ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្ដឹង​ទាស់​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១២ តាម​សំណើ​របស់​កូន​ក្ដី ដោយសារ​តែ​កូន​ក្ដី​មិន​ទទួល​យក​បាន​នូវ​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កន្លង​មក៖ «ខ្ញុំ​សំណូមពរ​ឲ្យ​តុលាការ (សាលាឧទ្ធរណណ៍) ជួយ​ធ្វើ​ចំណាត់ការ នីតិវិធី​របស់​តុលាការ​ឲ្យ​បាន​ឆាប់​រហ័ស​មក»

ទាក់ទង​សំណុំ​រឿង​នេះ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា គឺ​លោក ណាច ទ្រី ជា​ដើម​បណ្ដឹង​បាន​មាន​ប្រសាសន៍​ថា លោក​បន្ត​ការពារ​ក្ដី​នេះ​ទៀត។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស លោកស្រី ផេង គន្ធាបុរី ជា​អតីត​ទីប្រឹក្សា​ផ្ទាល់ និង​ជា​ប្រធាន​ពិធីការ​របស់​លោក ជា ស៊ីម ឲ្យ​ជាប់​គុក​រយៈពេល ៤​ឆ្នាំ​ក្រោម​បទ​ឆបោក។

នៅ​ពេល​នោះ​ដែរ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ផ្ដន្ទាទោស​អតីត​ទីប្រឹក្សា​ចំនួន ៣​នាក់​ទៀត មាន​ដូច​ជា លោក ខៀវ បូរ៉ា ឲ្យ​ជាប់​គុក ៣​ឆ្នាំ។ លោក ចាន់ កុសល្យ ឲ្យ​ជាប់​គុក ៤​ឆ្នាំ និង​លោក ពន្លក ហូ ឲ្យ​ជាប់​គុក ៤​ឆ្នាំ ក្រោម​បទ​ឆបោក។ ក្រៅ​ពី​នេះ តុលាការ​ក៏​បាន​ផ្ដន្ទាទោស​កំបាំង​មុខ​ពាណិជ្ជករ​ជនជាតិ​ម៉ាឡេស៊ី (Malaysia) ឈ្មោះ ឌីណូ (Dyno) ឲ្យ​ជាប់​គុក ៤​ឆ្នាំ ក្រោម​បទ​ឆបោក។

នគរបាល​បាន​ចាប់​ខ្លួន​លោកស្រី ផេង គន្ធាបូរី នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ នៅ​ច្រក​ព្រំដែន​កម្ពុជា-​ថៃ ឈ្មោះ ចាំយាម នៅ​ខេត្ត​កោះកុង។

ការ​ចាប់​ខ្លួន​នោះ គឺ​ក្រោយ​ពី​នគរបាល​បាន​រក​ឃើញ​ថា អ្នក​ទាំង ៤​នាក់​នោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​នៅ​ក្នុង​គំរោង​អភិវឌ្ឍន៍ ចំនួន​៥ ដែល​មាន​តំលៃ​ជា​ទឹក​ប្រាក់​ចំនួន​ជិត ៦០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ពី​ប្រទេស​ចិន និង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​សាងសង់​សាលារៀន​មន្ទីរពេទ្យ ផ្លូវលំ និង​រោងចក្រ​គ្រឿង​យន្ត។

គម្រោង​អភិវឌ្ឍន៍​ដែល​បាន​បែក​ធ្លាយ​រឿង​អាស្រូវ​ឆបោក​នោះ គឺ​មាន​តំលៃ ១២០​លាន​ដុល្លារ​អាមេរិក គឺ​បាន​រៀបចំ​ដោយ​ជន​ជាតិ​ម៉ាឡេស៊ី ឈ្មោះ ឌីណូ ឈ្មោះ ម៉ី (Mi) និង​ឈ្មោះ សែម៉ា (Sema) បន្លំ​ខ្លួន​ធ្វើ​ជា​សេដ្ឋី​មក​វិនិយោគ​ទុន​នៅ​កម្ពុជា តាម​រយៈ​ក្រុម​ទីប្រឹក្សា​របស់​លោក ជា ស៊ីម​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។