ពលរដ្ឋ​៣៥​គ្រួសារ​សុំ​ឲ្យ​តុលាការ​កំពូល​កាត់​ក្ដី​សំណុំរឿង​ដី​ធ្លី​សា​ជា​ថ្មី

តុលាការ​កំពូល​បាន​បដិសេធ​សំណើ​ពលរដ្ឋ ៣៥​គ្រួសារ​ដែល​បាន​សុំ​ឲ្យ​តុលាការ​នេះ​បើក​សវនាការ​ជម្រះ​ជា​ថ្មី​នូវ​សំណុំរឿង​ដី​ធ្លី​របស់​គាត់ ដោយសារ​តែ​តុលាការ​កំពូល​នេះ​បាន​រង​ការ​ចោទ​ថា បាន​កាត់​សេចក្តី​ឲ្យ​ក្រុមហ៊ុន​ចំនួន​ពីរ​ប្តឹង​គ្នា ប៉ុន្តែ​មក​រឹបអូស​ដី​ធ្លី​របស់​ពួក​គាត់​ទៅ​វិញ។

0:00 / 0:00

ជាមួយ​គ្នា​នេះ​តុលាការ​កំពូល​ដដែល​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៣៥​គ្រួសារ​នោះ​ប្តឹង​ទៅ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​វិញ ឲ្យ​ជម្រះ​ក្តី​នេះ​ជា​ថ្មី​លើ​សំណុំរឿង​នោះ។

ក្រុមហ៊ុន​ចំនួន​ពីរ​នោះ​មាន​ឈ្មោះ ក្រុមហ៊ុន ហេង ហ៊ុយ និង​ក្រុមហ៊ុន សុខ ហុង បាន​រង​ការ​ចោទ​ថា គឺ​ជា​អ្នក​ប្តឹងផ្តល់​គ្នា​ដណ្តើម​និង​រឹបអូស​ដី​ធ្លី​ចំនួន​ជា​ច្រើន​រយ​ហិកតា​កន្លង​មក។

ប្រជាពលរដ្ឋ​ឈ្មោះ ផាវ ញឿង នៅ​ក្នុង​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​បាន​ទទួល​លិខិត​កាល​ពី​ថៃ្ង​ព្រហស្បតិ៍​ថ្មីៗ​នេះ និង​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៣៥​គ្រួសារ​នោះ បាន​ថែ្លង​ថា គ្រួសារ​ទាំង​នោះ​កំពុង​តែ​ស្វែងរក​មេធាវី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ការពារ​ក្តី​នេះ។

អ្នក​ស្រី ផាវ ញឿង បាន​ឲ្យ​ដឹង​ថា ៖ «យើង​មក​ពឹងពាក់​មេធាវី​ខាង​អង្គការ​អី​ដែរ ប៉ុន្តែ​ខ្ញុំ​ចង់​អស់​ខ្យល់​ហើយ... គាត់​បាន​ត្រឹមតែ​ពិគ្រោះ​យោបល់ និង​រៀបចំ​ឯកសារ​ឲ្យ​យើង​បាន​ខ្លះ​អ៊ីចឹង​ណា៎! តែ​បើ​ឲ្យ​កាន់​រឿង​ក្ដី​គឺ​គាត់​អត់​បាន​កាន់​ទេ គាត់​ជាប់​រវល់»

លិខិត​របស់​តុលាការ​កំពូល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ឌិត មន្ទី ជា​ប្រធាន កាល​ពី​ថៃ្ង​ព្រហស្បតិ៍​ថ្មីៗ​នេះ បាន​និយាយ​ថា ការ​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​បើក​ការ​ជម្រះ​ជា​ថ្មី​នៅ​ក្នុង​លិខិត​ថៃ្ង​ទី​២ ខែ​កុម្ភៈ​ថ្មីៗ​នេះ គឺ​ពុំ​ស្រប​តាម​មាត្រា​៣០៧ នៃ​ក្រម​នីតិ​វិធី​រដ្ឋប្បវេណី​នោះ​ទេ ដោយ​បាន​ហៅ​ប្រជាពលរដ្ឋ ៣៥​គ្រួសារ​នោះ​មិន​មែន​ជា​ភាគី​ក្នុង​សំណុំរឿង​ក្តី​កន្លង​មក​នេះ​ទេ។

ប៉ុន្តែ​លិខិត​នោះ​បាន​ណែនាំ​ថា ប្រជាពលរដ្ឋ​ចំនួន ៣៥​គ្រួសារ​នោះ​អាច​ប្តឹង​តវ៉ា​ទៅ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​តាម​មាត្រា​៣៦៥ នៃ​ច្បាប់​ក្រម​នីតិ​វិធី​រដ្ឋប្បវេណី​ដោយ​បង្ក​សំណុំរឿង​ថ្មី។

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ក្នុង​ចំណោម ៣៥​គ្រួសារ​នោះ​បាន​វិល​ត្រទ្បប់​ទៅ​កាន់​ភូមិ​ស្រុក​វិញ​នៅ​ថ្ងៃ​នេះ នៅ​គ្រា​ដែល​មាន​ការ​បដិសេធ​ដូច្នេះ។

ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត ដែល​កំពុង​តែ​តាមដាន​សំណុំរឿង​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «តុលាការ​កំពូល​ដែល​បាន​ចេញ​លិខិត​ឲ្យ​ប្រជាពលរដ្ឋ​នេះ ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​លទ្ធផល​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ពីព្រោះ​យើង​ដឹង​ហើយ​ថា គូ​ទំនាស់​រវាង​លោក សុខ ហុង និង​លោក ហេង ហ៊ុយ មែន ក៏​ប៉ុន្តែ​ដី​ដែល​ពីរ​នាក់​ហ្នឹង​កំពុង​តែ​ក្ដីក្ដាំ ហើយ​សាលា​កំពូល​បាន​សម្រេច​សាល​ដីកា​ប្រគល់​ទៅ​ឲ្យ​អ្នក​ទាំង​ពីរ​នោះ ដី​នេះ​គឺ​ប្រជាពលរដ្ឋ​កំពុង​តែ​រស់នៅ អ៊ីចឹង​លោក​ជា​សក្ខីជន​នៅ​ក្នុង​រឿង​នេះ»

កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ តុលាការ​កំពូល​បាន​ចេញ​សាល​ដីកា​បង្គាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង អនុវត្ត​រឹបអូស​ដី​ធ្លី​ពី​ប្រជាពលរដ្ឋ​ចំនួន ៣៥​គ្រួសារ​នោះ ដែល​មាន​ចំនួន​ច្រើន​រយ​ហិកតា​ជា​ដី​កសិកម្ម​ដាំ​ដើម​ឈើ​ហូប​ផ្លែ នៅ​គ្រា​ដែល​ក្រុមហ៊ុន ហេង ហ៊ុយ និង​ក្រុមហ៊ុន សុខ ហុង បាន​ប្តឹងផ្ដល់​គ្នា ដណ្តើម​យក​ដី​ធ្លី​នោះ។ ក្រោយ​មក​កាល​ពី​ថៃ្ង​ទី​២៤ ខែ​តុលា ឆ្នាំ​២០០៩​កន្លង​ទៅ ព្រះ​មហាក្សត្រ​ខែ្មរ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជ​សារ​លិខិត​មួយ​ជូន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ឲ្យ​ជួយ​ពិនិត្យ​មើល​សំណុំរឿង​នេះ​ដែល​មាន​ការ​តវ៉ា​របស់​គ្រួសារ​ទាំង​នោះ។ នៅ​ពេល​នេះ​ពួក​គាត់​បាន​ត្អូញត្អែរ​ថា គ្មាន​ដី​ធ្លី​កសិកម្ម​ទៀត​ទេ​ដើម្បី​បង្ក​បង្កើន​ផល៕