នៅព្រឹកថ្ងៃច័ន្ទ ទី២៦ មករា សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជម្រះក្តីលើជនសង្ស័យបីរូប ក្នុងនោះមាន២រូបជាប្តីប្រពន្ធក្នុងបទចោទលើករណីជួញដូរមនុស្សដោយមានគោលដៅក្នុងរូបភាពស្មុំកូនចិញ្ចឹម និងការធ្វើទារុណកម្មលើកុមារក្នុងរូបភាពធ្ងន់ធ្ងរនិងស្រ្តីវ័យចំណាស់មួយរូបទៀតពីបទជួញដូរមនុស្ស។
សវនាការនេះធ្វើឡើងចំពោះមុខចៅក្រមបីរូប ព្រះរាជអាជ្ញា មេធាវីទាំងសងខាងនិងជនរងគ្រោះជាកុមារអាយុ១១ឆ្នាំ ព្រមទាំងអ្នកច្បាប់ អង្គការសិទ្ធិមនុស្សជាច្រើនទៀតបានចូលរួមតាមដានលើករណីនេះ។
បន្ទាប់ពីធ្វើការសាកសួរដេញដោលលើជនជាប់ចោទអស់រយៈពេលជាង៤ម៉ោង ព្រះរាជអាជ្ញាលោក ហឹង ប៊ុនជា បានសន្និដ្ឋាននិងដាក់បន្ទុកលើជនជាប់ចោទតាមរយៈសាក្សី និងរូបថតជាភស្តុតាង ដូចជាស្លាកស្នាមពេញលើរាងកាយដោយប្រើដង្កាប់គាបមួលសាច់ឲ្យដាច់ចេញឈាម វាយបោកក្បាលនឹងជញ្ជាំង យកប្រដាប់ព្យួរខោអាវវិញចូលគ្នាវាយ ក្តិចដាច់សាច់ចេញឈាមជាដើម ដែលករណីនេះលោកថា សាហាវ អមនុស្សធម៌យង់ឃ្នងបំផុត។
ជនជាប់ចោទជាស្រ្តីម្តាយចិញ្ចឹមឈ្មោះ មាស ណារី អាយុ៤១ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅវិទ្យាល័យសន្ធមុខ បានទទួលស្គាល់កំហុសចំពោះការវាយដំធ្វើទារុណកម្មលើកុមារ១១ឆ្នាំនោះនៅមុខអង្គសវនាការ ប៉ុន្តែបានបដិសេធថា មិនបានប្រព្រឹត្តតាមបទចោទជួញដូរមនុស្ស ដោយមានគោលដៅក្នុងរូបភាពស្មុំកូនចិញ្ចឹមនោះទេ។ ដូចគ្នានេះដែរជនជាប់ចោទឈ្មោះ វ៉ា រឿន អាយុ៦២ឆ្នាំជាប្តីឈ្មោះ មាស ណារី ជាអតីតមន្រ្តីក្រសួងអប់រំ បច្ចុប្បន្នចូលនិវត្តន៍ ក៏បានច្រានចោលថា មិនបានចូលរួមលើករណីជួញដូរមនុស្សដោយមានគោលដៅក្នុងរូបភាពស្មុំកូនចិញ្ចឹម និងការធ្វើទារុណកម្មលើកុមារនោះឡើយ។
ក៏មិនខុសគ្នាដែរ ស្រ្តីវ័យចំណាស់ឈ្មោះ ថឺង រ៉េត អាយុ៦១ឆ្នាំ ជាយាយចិញ្ចឹមបានបដិសេធថា មិនមានចេតនាលក់ដូរចៅឡើយបើទោះបីគាត់ទទួលស្គាល់ថា បានទទួលលុយ៤០០ដុល្លារពីឈ្មោះ មាស ណារី នោះ គឺក្នុងន័យមនុស្សធម៌ដោយសារគាត់ក្រីក្រប៉ុណ្ណោះ។ ហើយម្យ៉ាងទៀតគឺដោយសារគាត់ចង់ឲ្យចៅមានអនាគតល្អ ចំពោះអ្នកសុំទៅចិញ្ចឹមនោះគេជាអ្នកចេះដឹងពុំនឹកស្មានថា វាមានរឿងដូច្នេះកើតឡើងនោះទេ។
មេធាវីជនជាប់ចោទទាំងបីនាក់ខាងលើ លោក ហាក់ ខេងងួន បានសុំឲ្យចៅក្រមពិចារណាលើកូនក្តីលោក២រូប គឺឈ្មោះ ថឺង រ៉េត និងឈ្មោះ វ៉ា រឿន គួរតែរួចទោស នេះបើតាមអង្គហេតុនិងអង្គច្បាប់។
លោក ហាក់ ខេងងួន មានប្រសាសន៍ថា ៖ «ការធ្វើទារុណកម្មលើក្មេងហ្នឹង គឺមានតែម្នាក់ទេដែលធ្វើ ហើយជនជាប់ចោទមានតែម្នាក់គត់ គឺ មាស ណារី។ អំពើទារុណកម្មហ្នឹងសូម្បីតែខ្ញុំស្តាប់ទៅក៏ស្រក់ទឹកភ្នែកដែរ»។
នៅចំពោះមុខចៅក្រម កុមារីរងគ្រោះបានទាមទារនូវជំងឺចិត្ត៥.០០០ដុល្លារ។
នៅខាងក្រៅរបងតុលាការ មេធាវីជនរងគ្រោះមកពីអង្គការលីកាដូ លោកស្រី សន ស៊ូដាឡែន បានថ្លែងថា ជនជាប់ចោទត្រូវតែមានទោសព្រោះមានភស្តុតាងគ្រប់គ្រាន់ហើយ។
លោក ស្រី សន ស៊ូដាឡែន បញ្ជាក់ថា ៖ «ខ្ញុំនៅតែប្រកាន់តាមកូនក្តីថា នេះជាការជូញដូរមនុស្ស ហើយជាការធ្វើទារុណកម្មមនុស្ស»។
ទោះយ៉ាងណា ប្រធានសវនាការចៅក្រមសាលាដំបូង លោកស្រី ចាន់ ម៉ារ៉ាឌី បានសម្រេចបន្តឃុំខ្លួនជនជាប់ចោទហើយនឹងប្រកាសសាលក្រមនៅថ្ងៃទី១៩ កម្ភៈ ខាងមុខនេះ។
ជនជាប់ចោទខាងលើត្រូវបានចាប់ខ្លួនកាលពីថ្ងៃ១៩ ខែតុលា ឆ្នាំ២០០៩ តាមពាក្យបណ្តឹងរបស់អង្គការហាហ្គា (HAGA) ពីបទចោទចំនួន ២ករណី គឺពីបទចោទជួញដូរមនុស្សដោយមានគោលដៅក្នុងរូបភាពស្មុំកូនចិញ្ចឹម និងការធ្វើទារុណកម្មលើកុមារក្នុងរូបភាពធ្ងន់ធ្ងរ៕
