តុលាការក្រុងភ្នំពេញ នៅថៃ្ងទី៨ ខែកញ្ញា បានបើកសវនាការកាត់ទោសកំបាំងមុខលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ក្រោមបទចោទប្រកាន់ថា លោកបានផ្សាយព័ត៌មានមិនពិត និងបទក្លែងបន្លំឯកសារសាធារណៈផែនទី ដែលបានអះអាងថា ការបោះតម្រុយបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម នៅក្នុងខេត្តស្វាយរៀងកន្លងមក គឺធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីចំនួន ២០០ម៉ែត្រ ទៅជាង ៥០០ម៉ែត្រ។ លទ្ធផលនៃសវនាការតុលាការមិនទាន់ប្រកាសឲ្យដឹងភ្លាមៗនោះទេ។
ចៅក្រមជម្រះក្តី លោក កែ សាខន និងជាអនុប្រធានតុលាការក្រុងភ្នំពេញ បានប្រកាសថា សាលក្រមនៃសំណុំរឿងនេះ គឺលោកនឹងប្រកាសនៅថៃ្ងទី២៣ ខែកញ្ញាខាងមុខ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង កំពុងតែរងការចោទប្រកាន់តាមមាត្រាទី៤៩ និងមាត្រាទី៦២ នៃច្បាប់ព្រហ្មទណ្ឌសម័យអ៊ុនតាក់ (UNTAC) បានប្តឹងដោយមេធាវីរដ្ឋាភិបាលកម្ពុជា គឺលោក គី តិច ក្រោមបទផ្សាយព័ត៌មានមិនពិត និងក្លែងបន្លំឯកសារសាធារណៈផែនទីនោះ បានទាមទារប្រាក់សំណងជំងឺចិត្តចំនួន ១០០លានរៀល ស្មើនឹង ២៥.០០០ដុល្លារអាមេរិក។

មេធាវីរបស់លោក សម រង្ស៊ី គឺលោក ជូង ជូងី បានមានប្រសាសន៍ថា លោកសុំឲ្យតុលាការលើកលែងការចោទប្រកាន់ទាំងអស់មកលើលោក សម រង្ស៊ី ដោយសារតែលោក សម រង្ស៊ី មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយលោកយល់ថា នេះជារឿងនយោបាយ។
ផ្ទុយទៅវិញ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ លោក សុខ រឿន បានមានប្រសាសន៍ថា លោករក្សាការចោទប្រកាន់នោះ ហើយបានសុំឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ឲ្យបានធ្ងន់ធ្ងរបំផុត។
តំណាងរាស្រ្តគណបក្សប្រឆាំង សម រង្ស៊ី លោក យឹម សុវណ្ណ និងជាអ្នកនាំពាក្យ បានមានប្រសាសន៍នៅក្រៅតុលាការថា៖ «ឆាកទាំងប៉ុន្មានខាងលើនេះ ហើយខ្ញុំបារម្ភទេ ពីព្រោះជាការទទួលឥទ្ធិពលនយោបាយពីគណបក្សកាន់អំណាច។ គណបក្សប្រឆាំងមិនដែលទទួលបាននូវយុត្តិធម៌នោះទេ»។
មេធាវីរបស់រដ្ឋាភិបាលកម្ពុជា លោក គី តិច បានមានប្រសាសន៍ប្រតិកម្មថា នេះជារឿងព្រហ្មទណ្ឌ មិនមែនជារឿងនយោបាយទេ។
លោក គី តិច មានប្រសាសន៍ដូច្នេះ ៖ «មូលហេតុដែលយើងថា ក្លែង គឺដោយសារទី១ គឺគាត់យកផែនទីហ្នឹង អាហ្នឹងគេហៅថា មាត្រដ្ឋានវា អ៊ីចឹងការដែលយកផែនទី១ ទៅប្រើដាត់ទុំផ្សេង (មាត្រដ្ឋានផ្សេង) គឺធ្វើឲ្យមានបម្រែបម្រួល»។
សវនាការខាងលើនេះ បានប្រព្រឹត្តទៅរយៈពេលជិត ៥ម៉ោង គឺចាប់ពីម៉ោង ៨ព្រឹក ក្រោមកិច្ចការពារយ៉ាងម៉ត់ចត់ដោយកងកម្លាំងចម្រុះប្រដាប់អាវុធជិត ១០០នាក់។
មានការបញ្ចាំងវីដេអូរូបផែនទីពីរខុសគ្នា គឺផែនទីរបស់រដ្ឋាភិបាលប្រើប្រាស់ និងផែនទីរបស់លោក សម រង្ស៊ី ដែលបានយកមកប្រើប្រាស់កន្លងមក។
សវនាការនៅថៃ្ងទី៨ ខែកញ្ញា គឺជាសំណុំរឿងព្រហ្មទណ្ឌទី២ហើយ ដែលរដ្ឋាភិបាលបានប្តឹងចោទលើលោក សម រង្ស៊ី។ ក្នុងករណីបណ្តឹងទាំងពីរខាងលើនេះ បើសិនជាតុលាការរកឃើញថា មានទោសកំហុសមែននោះ លោក សម រង្ស៊ី នឹងរងការកាត់ទោសឲ្យជាប់គុករវាង ៥ឆ្នាំ ទៅ ១៥ឆ្នាំ។
កាលពីថៃ្ងទី២៧ ខែមករា កន្លងទៅ តុលាការខេត្តស្វាយរៀង បានកាត់ទោសកំបាំងមុខឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងជាប់គុក ២ឆ្នាំ ក្រោមបទចោទថា បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ដោយសារតែលោកបានទៅដកតម្រុយបង្គោលព្រំដែនលេខ ១៨៥ នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថៃ្ងទី២៩ ខែតុលា ឆ្នាំ២០០៨ កន្លងទៅ។
សកម្មជននានា និងតំណាងរាស្រ្តគណបក្សប្រឆាំង សម រង្ស៊ី បានពណ៌នាថា ករណីនេះគឺជារឿងនយោបាយ៕
