នួន​ជា​និង​អៀង​សារី​រង​ការ​ចោទ​ពី​បទ​ប្រល័យ​ពូជ​សាសន៍​​ចាម​និង​វៀតណាម

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ចេញ​ប្រកាស​ជា​លើក​ដំបូង​នូវ​ដីកា​ចោទ​ប្រកាន់​ទៅ​លើ​មេ​ដឹកនាំ​នៃ​របប​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក អៀង សារី ពី​បទ​ប្រល័យ​ពូជ​សាសន៍​ចំពោះ​ជនជាតិ​ភាគតិច​ចាម​និង​វៀតណាម។

អ្នក​នាំ​ពាក្យ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ គឺ​លោក ឡារស៍ អលសិន (Lars Olsen) បាន​ឲ្យ​ដឹង​ថា អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ទាំង​ពីរ​រូប នឹង​ត្រូវ​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្នុង​សប្តាហ៍​នេះ នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើប​អង្កេត​ដើម្បី​ជូន​ដំណឹង​អំពី​ការ​ចោទ​ប្រកាន់​នេះ។

នួន ជា បច្ចុប្បន្ន​អាយុ ៨៣​ឆ្នាំ ជា​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់ ដែល​គេ​ស្គាល់​ថា ជា​បង​ធំ​ទី​២ បន្ទាប់​ពី ប៉ុល ពត និង​លោក អៀង សារី អាយុ ៨៤​ឆ្នាំ ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​-​ខ្មែរ​ក្រហម៕