មន្ត្រី​តុលាការ​ខេត្ត​រតនគិរី​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​រឿង​ឆបោក​ប្រាក់

2009-07-08

លោក ថោ សារ៉ន ចៅក្រម​ស៊ើប​អង្កេត​និង​ជា​អនុប្រធាន​នៃ​តុលាការ​ខេត្ត​រតនគិរី ប្រតិកម្ម​ចាត់​ទុក​ថា ជា​រឿង​មិន​ពិត​ចំពោះ​សេចក្តី​ចោទ​ប្រកាន់​លោក​ក្នុង​រឿង​ឆបោក​ប្រាក់ ៦០​ម៉ឺន​រៀល​ពី​អ្នក​ភូមិ​ពីរ​នាក់​ជា​ឪពុក​ក្មេក​និង​កូន​ប្រសា​នៅ​ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី។

សេចក្តី​បដិសេធ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ ទី​៧ កក្កដា ឆ្នាំ​២០០៩ នៅ​ឯ​ការិយាល័យ​របស់​លោក ក៏​ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ឲ្យ​ថត​សំឡេង​និង​មិន​ព្រម​អត្ថាធិប្បាយ​ទៅ​នឹង​ការ​បដិសេធ​នោះ​ទេ ហើយ​លោក​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី​សាក​សួរ​បញ្ហា​នេះ​ទៅ​មេធាវី​ជន​ជាប់​ចោទ​ជា​កូន​និង​ជា​ប្តី​អ្នក​ភូមិ​ពីរ​នាក់​ដែល​បាន​ប្តឹង​ចោទ​ប្រកាន់​រូប​លោក​នោះ​វិញ។

មេធាវី​ការពារ​ក្តី​នៃ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ដែល​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​លោក ម៉ៅ សារី មាន​ប្រសាសន៍​អំពី​រឿង​ក្តី​ចោទ​ប្រកាន់​នេះ​យ៉ាង​ដូច្នេះ ៖ «លោក​ចៅក្រម​គាត់​ទទួល​លុយ​ហ្នឹង​មែន ទទួល​ថា ជា​លុយ​តម្កល់ គាត់​ត្រៀម​ចាំ​ឲ្យ​មេធាវី​បំពេញ​បែប​បទ​ដើម្បី​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ»

សូម​បញ្ជាក់​ដែរ​ថា កាល​ពី​ថ្ងៃ​សុក្រ ទី​៣ កក្កដា ឆ្នាំ​២០០៩ ស្រ្តី​ឈ្មោះ ចិន ស្រីអូន ជា​ភរិយា​ជន​ជាប់​ចោទ​ឈ្មោះ យ៉ុន ឆយ និង​ឪពុក​ក្មេក​ឈ្មោះ ប៉ា ឈឿន បាន​ដាក់​ពាក្យ​បណ្តឹង​ចូល​មក​សមាគម​អាដហុក​ខែត្រ​រតនគិរី​ដើម្បី​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ចំពោះ​អ្វី​ដែល​ពួក​គេ​អះអាង​ថា ប្តី​និង​កូន​គាត់​ត្រូវ​ក្រុម​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០០៩ បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​មនុស្ស​៦​នាក់ ដែល​បាន​ទិញ​ស្រា​នៅ​ផ្ទះ​គាត់​ផឹក​ស៊ី ហើយ​បង្កើត​ឲ្យ​មាន​ការ​ឈ្លោះ​វាយ​តប់​ធ្វើ​ឲ្យ​បែក​ចាន​ឆ្នាំង​សម្ភារៈ​ក្នុង​ផ្ទះ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០០៩ បន្ទាប់​មក​ប្តី​គាត់​បាន​ព្យាយាម​ទារ​ប្រាក់​សំណង​ការ​ខូច​ខាត​ពី​មនុស្ស​ទាំង​៦​នាក់។

ក៏​ប៉ុន្តែ​មិន​ដឹង​ជា​មាន​រឿង​ហេតុ​អ្វី រយៈពេល​៤​ថ្ងៃ​ក្រោយ​មក ស្រាប់​តែ​ប្តី​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ដោយ​មិន​មាន​ប្រាប់​ពី​មូល​ហេតុ។ ហើយ​ចៅក្រម​ខាង​លើ ថែម​ទាំង​តម្រូវ​ឲ្យ​គាត់​បង់​ប្រាក់​តម្កល់ ៦០​(ម៉ឺន)​រៀល និង​ផ្តិត​មេដៃ​លើ​កំណត់​ហេតុ​មួយ​ដែល​គាត់​ពុំ​បាន​ដឹង​ពី​ខ្លឹមសារ​យ៉ាង​ណា​នោះ​ផង។

គ្រួសារ​គាត់​រង់​ចាំ​អស់​រយៈពេល​ជាង​មួយ​ខែ​បន្ទាប់​ពី​ប្រគល់​ប្រាក់​ជូន​ចៅក្រម​ស៊ើប​អង្កេត លោក ថោ សារ៉ន ប៉ុន្តែ​ជន​ជាប់​ចោទ​មិន​ត្រូវ​បាន​ដោះលែង ទើប​គាត់​សម្រេច​ចិត្ត​ប្តឹង​ចៅក្រម​ពី​បទ​ឆបោក​ប្រាក់។

លោក ប៉ា ឈឿន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​វា​យូរ​ដែរ​ហើយ​បាន​ដាច់​ចិត្ត​ហ្នឹង វា​ថ្ងៃ​ណេះ ថ្ងៃ​ណោះ។ បើ​លុយ​ហ្នឹង​លុយ​តម្កល់​ខ្ញុំ​ក៏​មិន​ជំទាស់​អី​ដែរ ឲ្យ​កូន​ចេញ​មក»

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​ខេត្ត​លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​មិន​ប្រក្រតី។ យ៉ាង​នេះ​ក្តី លោក​ថា ប្រសិន​បើ​ដើម​បណ្តឹង​យល់​ព្រម​ដក​ពាក្យ​បណ្តឹង​គឺ​ជា​សិទ្ធិ​របស់​អ្នក​ភូមិ ៖ «គួរ​តែ​ចៅក្រម​ពន្យល់​នៅ​ពេល​ដែល​គ្រួសារ​ជន​ល្មើស​បាន​ទៅ​ជួប​ផ្ទាល់​នៅ​តុលាការ​ហ្នឹង​ដើម្បី​ឲ្យ​គាត់​បាន​យល់»

ប្រភព​ពី​មេធាវី ម៉ៅ សារី បញ្ជាក់​ថា ជន​ជាប់​ចោទ​ដែល​ត្រូវ​ឃុំ​ខ្លួន​មាន​កំហុស​ក្នុង​រឿង​បង្ក​របួស​ស្នាម​តូច​តាច។ លោក​ធ្វើ​លិខិត​ធានា​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៦ កក្កដា​នេះ រួច​ហើយ តាម​នីតិ​វិធី​ត្រូវ​រង់ចាំ​៥​ថ្ងៃ​សម្រាប់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើប​អង្កេត៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

នាយក​រដ្ឋមន្ត្រី​សម្រេច​យក​សម័យ​ប្រជុំ​ថ្ងៃ​១១ ធ្នូ ដើម្បី​ឆ្លង​សេចក្ដី​ព្រាង​ច្បាប់​អំពើ​ពុក​រលួយ

នគរបាល​អន្តោប្រវេសន៍​នៅ​ប៉ោយប៉ែត​រង​ការ​ចោទ​ថា​បន្ត​ជំរិត​ប្រាក់​ពី​កម្មករ

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

អង្គការ​អន្តរជាតិ៖ អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ប្រសើរ​ជាង​ឆ្នាំ​មុន

ពលរដ្ឋ​នៅ​កំពង់ធំ​ត្អូញ​ពី​បញ្ហា​ការ​ទារ​ប្រាក់​ក្នុង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី

ភាព​យឺត​យ៉ាវ​ក្នុង​ការ​ធ្វើ​លិខិត​រៀបការ​រវាង​ខ្មែរ​និង​ជន​បរទេស​រង​ការ​រិះគន់

អាជ្ញាធរ​រង​ការ​ចោទ​ថា​ជំរិត​ទារ​ប្រាក់​អ្នក​ភូមិ​ពេល​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​មន្ត្រី​តុលាការ​ខែត្រ​រតនគិរី​ជា​ថ្មី

តំណាង​រាស្ត្រ​ស.រ.អា.​ថ្កោលទោស​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា

មន្រ្តី​បរិស្ថាន​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​បាន​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ