សេចក្តីបដិសេធនេះធ្វើឡើងកាលពីថ្ងៃពុធ ទី៧ កក្កដា ឆ្នាំ២០០៩ នៅឯការិយាល័យរបស់លោក ក៏ប៉ុន្តែលោកមិនអនុញ្ញាតឲ្យថតសំឡេងនិងមិនព្រមអត្ថាធិប្បាយទៅនឹងការបដិសេធនោះទេ ហើយលោកជំរុញឲ្យវិទ្យុអាស៊ីសេរីសាកសួរបញ្ហានេះទៅមេធាវីជនជាប់ចោទជាកូននិងជាប្តីអ្នកភូមិពីរនាក់ដែលបានប្តឹងចោទប្រកាន់រូបលោកនោះវិញ។
មេធាវីការពារក្តីនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាដែលការពារក្តីឲ្យជនជាប់ចោទលោក ម៉ៅ សារី មានប្រសាសន៍អំពីរឿងក្តីចោទប្រកាន់នេះយ៉ាងដូច្នេះ ៖ «លោកចៅក្រមគាត់ទទួលលុយហ្នឹងមែន ទទួលថា ជាលុយតម្កល់ គាត់ត្រៀមចាំឲ្យមេធាវីបំពេញបែបបទដើម្បីដាក់ពាក្យសុំនៅក្រៅឃុំ»។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃសុក្រ ទី៣ កក្កដា ឆ្នាំ២០០៩ ស្រ្តីឈ្មោះ ចិន ស្រីអូន ជាភរិយាជនជាប់ចោទឈ្មោះ យ៉ុន ឆយ និងឪពុកក្មេកឈ្មោះ ប៉ា ឈឿន បានដាក់ពាក្យបណ្តឹងចូលមកសមាគមអាដហុកខែត្ររតនគិរីដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ចំពោះអ្វីដែលពួកគេអះអាងថា ប្តីនិងកូនគាត់ត្រូវក្រុមកងរាជអាវុធហត្ថខេត្តចាប់ខ្លួនកាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០០៩ បន្ទាប់ពីមានជម្លោះជាមួយមនុស្ស៦នាក់ ដែលបានទិញស្រានៅផ្ទះគាត់ផឹកស៊ី ហើយបង្កើតឲ្យមានការឈ្លោះវាយតប់ធ្វើឲ្យបែកចានឆ្នាំងសម្ភារៈក្នុងផ្ទះកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ បន្ទាប់មកប្តីគាត់បានព្យាយាមទារប្រាក់សំណងការខូចខាតពីមនុស្សទាំង៦នាក់។
ក៏ប៉ុន្តែមិនដឹងជាមានរឿងហេតុអ្វី រយៈពេល៤ថ្ងៃក្រោយមក ស្រាប់តែប្តីគាត់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយមិនមានប្រាប់ពីមូលហេតុ។ ហើយចៅក្រមខាងលើ ថែមទាំងតម្រូវឲ្យគាត់បង់ប្រាក់តម្កល់ ៦០(ម៉ឺន)រៀល និងផ្តិតមេដៃលើកំណត់ហេតុមួយដែលគាត់ពុំបានដឹងពីខ្លឹមសារយ៉ាងណានោះផង។
គ្រួសារគាត់រង់ចាំអស់រយៈពេលជាងមួយខែបន្ទាប់ពីប្រគល់ប្រាក់ជូនចៅក្រមស៊ើបអង្កេត លោក ថោ សារ៉ន ប៉ុន្តែជនជាប់ចោទមិនត្រូវបានដោះលែង ទើបគាត់សម្រេចចិត្តប្តឹងចៅក្រមពីបទឆបោកប្រាក់។
លោក ប៉ា ឈឿន នៅថ្ងៃព្រហស្បតិ៍នេះ មានប្រសាសន៍ថា ៖ «ខ្ញុំវាយូរដែរហើយបានដាច់ចិត្តហ្នឹង វាថ្ងៃណេះ ថ្ងៃណោះ។ បើលុយហ្នឹងលុយតម្កល់ខ្ញុំក៏មិនជំទាស់អីដែរ ឲ្យកូនចេញមក»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុកខេត្តលោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា នេះជារឿងមិនប្រក្រតី។ យ៉ាងនេះក្តី លោកថា ប្រសិនបើដើមបណ្តឹងយល់ព្រមដកពាក្យបណ្តឹងគឺជាសិទ្ធិរបស់អ្នកភូមិ ៖ «គួរតែចៅក្រមពន្យល់នៅពេលដែលគ្រួសារជនល្មើសបានទៅជួបផ្ទាល់នៅតុលាការហ្នឹងដើម្បីឲ្យគាត់បានយល់»។
ប្រភពពីមេធាវី ម៉ៅ សារី បញ្ជាក់ថា ជនជាប់ចោទដែលត្រូវឃុំខ្លួនមានកំហុសក្នុងរឿងបង្ករបួសស្នាមតូចតាច។ លោកធ្វើលិខិតធានាខ្លួនឲ្យនៅក្រៅឃុំ កាលពីថ្ងៃច័ន្ទ ទី៦ កក្កដានេះ រួចហើយ តាមនីតិវិធីត្រូវរង់ចាំ៥ថ្ងៃសម្រាប់ការសម្រេចរបស់ចៅក្រមស៊ើបអង្កេត៕
