តុលាការ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​មន្ត្រី​អាដហុក​ម្នាក់​ឲ្យ​ចូល​បំភ្លឺ

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី លោក គល់ មីឌី ត្រូវ​បាន​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​នេះ ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ខាង​មុខ​នេះ នៅ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ដោយ​ជន​រង​គ្រោះ​ជា​អនីតិជន ៣​នាក់​ថា ប៉ូលិស​ខេត្ត​មណ្ឌលគិរី បាន​វាយ​ដំ​លើ​រាង​កាយ​របស់​ពួក​គេ។

0:00 / 0:00

លោក គល់ មីឌី បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ថា ដីកា​កោះ​ហៅ​នោះ​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជ​អាជ្ញា​ឈ្មោះ អ៊ឹម សុផាន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឲ្យ​ចូល​ទៅ​បំភ្លឺ​តុលាការ​ក្នុង​នាម​ជា​សាក្សី​អំពី​បទ​បង្ក​របួស​ស្នាម និង​ធ្វើ​ទារុណកម្ម ប៉ុន្តែ​ករណី​នេះ​លោក​មិន​បាន​ស្ថិត​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាក់​ស្ដែង​ស្ដី​ពី​ការ​វាយ​ដំ​នោះ​ឡើយ។ ដូច្នេះ​ករណី​កោះ​ហៅ​នេះ​ធ្វើ​ឲ្យ​លោក​មាន​មន្ទិល​សង្ស័យ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​នឹង​ចូល​តាម​កាល​កំណត់។

លោក គល់ មីឌី មាន​ប្រសាសន៍​ដូច្នេះ ៖ «អត់​មាន​បញ្ហា​អី​ដែល​ត្រូវ​ព្រួយ​បារម្ភ​ទេ។ យើង​មិន​បាន​ឃើញ​បទ​ល្មើស​កើត​ជាក់​ស្ដែង​ទេ អ្វី​ដែល​យើង​និយាយ គឺ​និយាយ​ទៅ​តាម​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ដើម​ចោទ អ៊ីចឹង​យើង​ធ្វើ​សាក្សី​វា​ហាក់​ដូច​ជា​គ្មាន​ន័យ​អី​ផង»

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ប៉ូលិស​បាន​ចាប់​ឃាត់​ខ្លួន​ក្មេង​ប្រុស ៣​នាក់ ពី​បទ​សង្ស័យ​ថា បាន​លួច​ប្រាក់​ចំនួន ១.៥០០​ដុល្លារ ដោយ​មិន​មាន​បង្ហាញ​ដីកា​ពី​តុលាការ។

នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ក្មេង​ប្រុស​ឈ្មោះ បឿន ចាវ ត្រូវ​បាន​ប៉ូលិស​ដោះ​លែង​មក​វិញ។ បឿន ចាវ និង​ម្ដាយ​បាន​មក​កាន់​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ជួយ​ធ្វើ​ពាក្យ​បណ្ដឹង​ក្នុង​ករណី​ប៉ូលិស​វាយ​ដំ​លើ​រាង​កាយ បឿន ចាវ។ ដោយ​ឡែក​ឪពុក​របស់​ក្មេង​ប្រុស​ឈ្មោះ ឡូត លី វិញ ក៏​បាន​សុំ​ឲ្យ​អង្គការ​អាដហុក ជួយ​ធ្វើ​ពាក្យ​បណ្ដឹង​ដូច​គ្នា​ដែរ ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​ប៉ូលិស​ថា បាន​វាយ​ដំ​កូន​ប្រុស​របស់​ខ្លួន​ដែរ។

ក្មេង​ប្រុស​ឈ្មោះ ឡូត លី និង​ឈ្មោះ ចុច ចាន ត្រូវ​តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​រហូត​មក​ទល់​នឹង​ពេល​នេះ។

អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី លោក សម សារិន បាន​ថ្លែង​ថា តាម​លោក​ដឹង ការ​កោះ​ហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​លោក គល់ មីឌី មាន​២​ចំណុច គឺ​ការ​សំដៅ​ទៅ​លើ​ការ​រាយ​ការណ៍​ពី​អាយុ​របស់​ឈ្មោះ បឿន ចាវ គេ​អះអាង​ថា មិន​មែន​មាន​អាយុ ១៣​ឆ្នាំ​ទេ គឺ​មាន​អាយុ ១៦​ឆ្នាំ។ ចំណុច​មួយ​ទៀត គេ​បាន​សំដៅ​លើ​ការ​ជួយ​ធ្វើ​ពាក្យ​បណ្ដឹង​នោះ​ថា មាន​ការ​បន្ថែម​បន្ថយ​ពាក្យ​នៅ​ក្នុង​ខ្លឹម​សារ​បណ្ដឹង។

លោក សម សារិន មាន​ប្រសាសន៍​ថា ៖ «ប្រយោគ​ឃ្លា​បន្ថែម​បន្ថយ អា​ហ្នឹង​វា​ជា​ល្បោយ​អ្នក​សរសេរ​ទេ។ យើង​មិន​ខ្វល់​អា​រឿង​ហ្នឹង​ទេ សំខាន់​កម្មវត្ថុ​នៃ​បណ្ដឹង​របស់​ជន​រង​គ្រោះ​ឲ្យ​យើង​សរសេរ​ហ្នឹង ប្ដឹង​ពី​ប៉ូលិស​វាយ​ធ្វើ​ទារុណកម្ម»

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​មណ្ឌលគិរី លោក អ៊ឹម សុផាន មិន​អាច​សុំ​សេចក្ដី​ពន្យល់​ក្នុង​រឿង​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ដោយសារ​តែ​ទូរស័ព្ទ​មិន​អាច​សន្ទនា​គ្នា​បាន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ចាន់ សុវ៉េត ប្រធាន​ផ្នែក​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ថ្លែង​ថា ការ​បំភ្លឺ​តុលាការ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ក្នុង​ការ​ជួយ​បំពេញ​ជូន​តុលាការ​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នានា ដែល​មន្ត្រី​អាដហុក បាន​រក​ឃើញ ប៉ុន្តែ​មិន​មែន​ឲ្យ​មន្ត្រី​អាដហុក ធ្វើ​ជា​សាក្សី​បាន​ទេ៕