មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​មាន​ការផ្តន្ទាទោស​ជន​ល្មើស​បំផ្លាញ​ព្រៃ​ឈើ​នៅ​រតនគិរី

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​រតនគិរី បាន​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​មួយ​ទៅ​អគ្គ​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​សុំ​ឲ្យ​ចាត់ការ​ទៅ​លើ​របាយការណ៍​អាជ្ញាធរ​ខេត្ត​រតនគិរី ក្នុង​ការដក​ហូត​ដី​ជាង ៣០០​ហិកតារ​ពី​ជន​ដែល​បាន​ពី​ការកាប់​រាន​ឈូស​ឆាយ​ព្រៃឈើ ក៏​ប៉ុន្តែ​ពុំ​ឃើញ​មាន​ចាត់​វិធានការ​តាម​ផ្លូវ​តុលាការ​ដើម្បី​ផ្តន្ទាទោស​ជនប្រព្រឹត្ត​ខុស។

0:00 / 0:00

អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា ជា​បទល្មើស​ព្រៃឈើ ដូច្នេះ​ការដក​ហូត​ដី​មិនមែន​ជា​វិធានការ​គ្រប់គ្រាន់​ទេ ៖ «អាជ្ញាធរ​ដឹង​ថា ដី​ហ្នឹង​ជា​ដី​ព្រៃ ទ្រព្យ​សម្បត្តិ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ហើយ ដូច្នេះ​ត្រូវ​តែ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ»

វិទ្យុ​អាស៊ីសេរី ថ្ងៃ​អង្គារ មិន​អាច​សុំ​ការអធិប្បាយ​ពី​អភិបាល​រង​ខេត្ត លោក ជ័យ សាយឿន បាន​ទេ ពីព្រោះ​លោក​មិន​ទទួល​ទូរស័ព្ទ​ដែល​បាន​ហៅ​ចូល​ជា​ច្រើន​លើក ហើយ​អភិបាលរង​លោក ថង សាវុន ទូរស័ព្ទ​មិន​អាច​ភ្ជាប់​បាន ចំណែក​អភិបាល​ខេត្ត លោក មួង ប៉យ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្តីទី លោក យ៊ូកាន វិមាន ទទួល​ទូរស័ព្ទ​ហើយ ប៉ុន្តែ​ឆ្លើយ​ថា​ស្តាប់​មិន​បាន បន្ទាប់​មក​ការហៅ​ចូល​លើក​ទី​២ ទី៣ មិន​មាន​អ្នក​ទទួល ហើយ​នៅ​ថ្ងៃ​ពុធ ទី​១៧ កញ្ញា ឆ្នាំ​២០០៨ ការទាក់ទង​ក៏​មិន​អាច​ភ្ជាប់​បាន​ដូច​គ្នា។

យ៉ាង​នេះ​ក្តី តាម​ដីកា​លេខ​១២៧៤ ចុះ​ថ្ងៃ​ទី​៥ កញ្ញា ឆ្នាំ​២០០៨ របស់​សាលាខេត្ត​រតនគិរី អភិបាលរង​លោក ជ័យ សាយឿន បាន​ចុះ​ហត្ថលេខា​ដក​ហូត​ដី​ព្រៃ ៣១២​ហិកតារ​នៅ​ឃុំ​កិចុង ស្រុក​បរកែវ ដែល​មាន​ជន​ពាក់ព័ន្ធ​ចំនួន​៣​នាក់ មាន​វរសេនីយ៍ ឡេង ហុង អង្គភាព ង-៧០ ឈ្មោះ សេង ពិសិដ្ឋ និង ធឿ ញឹង ក៏​ប៉ុន្តែ​ទុក​រយៈពេល ៣០​ថ្ងៃ​សម្រាប់​ប្តឹង​តវ៉ា។

វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​សុំ​ការបញ្ជាក់​ពី​វរសេនីយ៍ ឡេង ហុង បាន​ទេ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​លោក​បដិសេធ​ថា លោក​មិន​នៅ។

ក៏​ប៉ុន្តែ​លោក សេង ពិសិដ្ឋ បញ្ជាក់​ថា គឺ​ឈ្មោះ​ភរិយា​របស់​លោក​ដែល​មាន​ភាគហ៊ុន​ក្នុង​ការទិញ​ដី​ខាង​លើ​ចំនួន ៥០​ហិកតារ រួម​ជាមួយ​លោក ឡេង ហុង ហើយ​ទាំង​អស់​គ្នា បាន​លក់​ដី​ទាំងអស់​នោះ ទៅ​ឲ្យ​ឈ្មោះចេន យន់អន ម្ចាស់​សណ្ឋាគារ​សុខសាន្ត ខេត្ត​ស្ទឹងត្រែង ដែល​បច្ចុប្បន្ន​ជាប់​ចោទ​ក្នុង​អំពើ​ជួញដូរ​គ្រឿង​ញៀន​រាប់​ម៉ឺន​ដុល្លារ។

លោក សេង ពិសិដ្ឋ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ចំណុច​ដែល​យើង​បាន​ឆ្លង​ជំនាញ​ឲ្យ​គេ​មើល​អត់​មាន​ព្រៃ​ទេ ដល់​ចំណុច​ក្រោយ​ដែល​មាន​ការ​ភ្ញាក់​ផ្អើល​ប៉ុន្មាន​សា គឺ​ទាក់ទង​នឹង​ម្ចាស់​ក្រោយ»

អ្នក​សម្រួបសម្រួល​នៃ​អង្គការ​គាំទ្រ​សម្ព័ន្ធភាព​សហគមន៍​ជនជាតិ​ដើម​ខេត្ត​រតនគិរី លោក ឯក យោធិន មាន​ប្រសាសន៍​ថា លោក​គាំទ្រ​សុំ​ឲ្យ​មាន​ចំណាត់ការ​ចំពោះ​ជន​ពាក់ព័ន្ធ​ដូច​គ្នា ៖ «មិនមែន​តែ​ត្រឹម​ដក​ហូត​ហើយ ចាត់​ទុក​ថា ជា​គុណ​សម្បត្តិ​នៃ​ការចាត់​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ»

អ្នកភូមិ​ជនជាតិ​ដើម​ឃុំ​កិចុង ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​តាំង​ពី​ឆ្នាំ​២០០៧​មក បន្ទាប់​ពី​មាន​ការឈូសឆាយ​ទៅ​លើ​តំបន់​ព្រៃឈើ​នៅ​ទី​នោះ ហើយ​អាជ្ញាធរ​ឃុំ​និង​ស្រុក​គឺ​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​ឯកសារ​លក់​ដូរ​ដី​នៅ​តំបន់​នោះ។

គួរ​បញ្ជាក់​ដែរ​ថា រឿង​ក្តី​កាប់​ព្រៃឈើ​យក​ដី​រដ្ឋ​ដូច​គ្នា​នេះ តុលាការ​សាលា​ដំបូង​ក្រុង​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​អតីត​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក មាស សាវឿន ដាក់​ពន្ធនាគារ ៩​ឆ្នាំ និង​ពិន័យ​ប្រាក់​១០០​លាន​រៀល និង​ផ្តន្ទាទោស​មនុស្ស​ពាក់ព័ន្ធ ១៤​នាក់​ផ្សេង​ទៀត​ដោយសារ​បាន​កាប់​រាន​ព្រៃ​ឈើ ៤៧០​ហិកតារ​ដើម្បី​យក​ដី៕