ប្រធានចៅក្រមជម្រះក្តីនៃសំណុំរឿងនេះ លោក ជួន ស៊ុនឡេង នៅថ្ងៃទី៧ ខែវិច្ឆិកា បានប្រកាសថា សាលាឧទ្ធរណ៍ត្រូវការពេលពិចារណា និងប្រកាសសេចក្តីសម្រេច ឬសាលដីកា នៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ នៅវេលាម៉ោង ៨ព្រឹក។
លោក ប៊ន សំណាង និងលោក សុក សំអឿន ត្រូវបានសាលាដំបូងក្រុងភ្នំពេញ បានកាត់ទោសឲ្យជាប់គុកម្នាក់ៗ ២០ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៥ ក្រោមបទចោទថា បានបាញ់សម្លាប់ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ កន្លងទៅនៅតូបលក់កាសែតមួយនៅក្រោយវត្តលង្កា ក្នុងទីក្រុងភ្នំពេញ។
ក្រោយមក តុលាការកំពូល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ កន្លងទៅ បានសម្រេចឲ្យសាលាឧទ្ធរណ៍ចាត់របៀបជាថ្មី ដើម្បីឲ្យមានការស៊ើបអង្កេតបន្ថែម ហើយតុលាការកំពូលបានសម្រេចដោះលែងឲ្យអ្នកទាំងពីរនេះមានសេរីភាពនៅក្រៅឃុំបណ្ដោះអាសន្ន។
លោក ប៊ន សំណាង ក្រោយពីសវនាការនោះបាននិយាយប្រាប់អ្នកកាសែតថា ចម្លើយសារភាពកន្លងមកនៅឯអធិការនគរបាលខណ្ឌទួលគោក បានធ្វើឡើងក្រោមការភ័យខ្លាច៖ «នៅតែចង់បានភាពស្អាតស្អំរបស់ខ្ញុំមកវិញ សុំឲ្យនៅថ្ងៃទី២៦ ហ្នឹង សុំឲ្យលទ្ធផលចេញមក សុំឲ្យគ្មានទោសពៃរ៍ទេ សុំឲ្យលោកចៅក្រមលើកលែងការចោទប្រកាន់លើរូបខ្ញុំ។ បាទ! ខ្ញុំជាមនុស្សស្អាតស្អំ ខ្ញុំអត់បានសម្លាប់លោកពូ ជា វិជ្ជា ទេ»។
ចំណែកឯលោក សុក សំអឿន បាននិយាយប្រាប់អ្នកកាសែតថា លោកមិនដែលបានសារភាពម្តងណាទេកន្លងមក។ លោករក្សាការបដិសេធការចោទប្រកាន់នោះ៖ «ខ្ញុំសំណូមពរឲ្យលោកតុលាការ ដុសលាងខាត់ខ្លួនប្រាណខ្ញុំឲ្យស្អាតពីការចោទប្រកាន់នេះ ឲ្យខ្ញុំដូចការដែលខ្ញុំកើតមក។ ប្រជាពលរដ្ឋល្អដូចគេដូចឯងអីចឹង»។
ទាក់ទងនឹងសវនាការនេះដែរ ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី ជាប្អូនប្រុសរបស់លោក ជា វិជ្ជា បានមានប្រសាសន៍ថា លោកសុំឲ្យសាលាឧទ្ធរណ៍លើកលែងការចោទប្រកាន់លើអ្នកទាំងពីរនេះ៖ «ខ្ញុំនៅប្រកាន់ជំហរដដែល ព្រោះថា ជំហររបស់ខ្ញុំ គឺឲ្យស្វែងរកឃាតករ ដូច្នេះរដ្ឋាភិបាលមានកាតព្វកិច្ច និងតួនាទីក្នុងការស្វែងរកឃាតករពិតប្រាកដ»។
ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ដែលបានតាមដានសំណុំរឿងឃាតកម្មនេះកន្លងមក បានមានប្រសាសន៍ថា តុលាការគប្បីលើកលែងការចោទប្រកាន់នានាលើ ប៊ន សំណាង និងសុក សំអឿន៖ «តាមអ្វីដែលខាងអង្គការខ្ញុំធ្វើការតាំងពីដើមមក គឺមានសាក្សី និងភស្តុតាងជាច្រើន ដែលបានបញ្ជាក់ថា អ្នកទាំងពីរនេះមិនមែនជាឃាតករក្នុងការបាញ់សម្លាប់លោក ជា វិជ្ជា ទេ»។
នៅក្នុងសវនាការនៅសាលាឧទ្ធរណ៍នៅថ្ងៃទី៧ ខែវិច្ឆិកា ក្រឡាបញ្ជីបានអានចម្លើយ និងកំណត់ហេតុរបស់នគរបាលខណ្ឌទួលគោក ឲ្យដឹងថា លោក ប៊ន សំណាង ជាអ្នកបាញ់សម្លាប់លោក ជា វិជ្ជា លោកប្រើប្រាស់អាវុធកា៥៩ (K-59) និងមានលោក សុក សំអឿន ជាអ្នកបើកម៉ូតូ។ ការចាប់ខ្លួននោះ ក្រោយពីមានរូបគំនូរព្រាងមួយ។
ទាក់ទងនឹងការចោទប្រកាន់នេះ មេធាវីការពារក្តីឲ្យលោក ជា មុន្នី គឺលោក កៅ ទី ជាដើមបណ្ដឹងនៃសំណុំរឿងនេះ បានលើកឡើងថា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កាលពីព្រះអង្គនៅមានព្រះជន្មាយុនៅឡើយនោះ ព្រះអង្គបានចេញព្រះរាជសារមួយ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០០៥ កន្លងទៅនេះ ដោយបានមានព្រះបន្ទូលថា ប៊ន សំណាង និងសុក សំអឿន មិនមែនជាឃាតករពិតសម្លាប់លោក ជា វិជ្ជា នោះទេ។ ព្រះអង្គបានគាំទ្រ ១០០% តាមសំណើរបស់លោក ជា មុន្នី សុំឲ្យលើកលែងការចោទប្រកាន់លើអ្នកទាំងពីរនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
