ប៉ុន្តែ រោងចក្របែរជាបិទប្រកាសរបស់សាលក្រមតុលាការខេត្តកណ្ដាល ដែលបង្គាប់កម្មករកម្មការិនីក្នុងសហគ្រាសនេះ ឲ្យចូលធ្វើការវិញ ដោយដាក់កំហិតក្នុងរយៈពេល៤៨ម៉ោង បើមិនដូច្នោះទេ រោងចក្រនឹងលុបពួកគេចេញពីបញ្ជីទៅវិញ។
តំណាងកម្មករបម្រើការនៅសហគ្រាសកាត់ដេរ តាយ យៀន ដែលមានរោងចក្រ តាយ យៀន ទី១ តាយ យៀន ទី២ និងខេមវែល (CAMWELL) លោកស្រី តុន មីនា បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា កម្មករប្រមូលផ្តុំគ្នាធ្វើកូដកម្មទាមទារឲ្យថៅកែដោះស្រាយទុក្ខលំបាករបស់កម្មករមួយចំនួន។
ក្នុងការទាមទារនោះមានដូចជា ស្នើឲ្យក្រុមហ៊ុនទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ ចំពោះករណីថៅកែបានប្ដូរឈ្មោះក្រុមហ៊ុន។ ស្នើផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ១៥ដុល្លារ ក្នុង ១ខែ។ ស្នើដំឡើងប្រាក់រង្វាន់ទៀងទាត់ ១៥ដុល្លារក្នុង ១ខែ។ ស្នើដំឡើងប្រាក់ថ្លៃទឹកដោះគោចំនួន ១៥ដុល្លារក្នុង ១ខែ និងសុំឲ្យក្រុមហ៊ុនកុំយកមុខតំណែង និងបច្ចេកទេសមកទូទាត់នៅរាល់ពេលកម្មករនិយោជិក និងថ្នាក់ដឹកនាំសហជីពសុំច្បាប់លើសពី ៣ថ្ងៃ ឡើងទៅ។
លោកស្រី តុន មីនា បានបញ្ជាក់ថា ក្រុមកម្មករមិនព្រមចូលធ្វើការតាមសេចក្ដីប្រកាសរបស់សាលក្រមតុលាការខេត្តកណ្ដាល ឡើយ។ ប្រសិនបើថៅកែរោងចក្រនៅតែរឹងរូស នឹងមិនបានដោះស្រាយឲ្យបានសមស្របតាមច្បាប់ការងាររបស់ប្រទេសកម្ពុជានោះ។
ទាក់ទងនឹងបញ្ហានេះ លោក ប៊ុត ធឿន ជំនួយការក្រុមហ៊ុនសហគ្រាសកាត់ដេរ តាយ យៀន បានចាត់ទុកការធ្វើកូដកម្មរបស់ក្រុមកម្មករថា ធ្វើឡើងខុសច្បាប់។ ហើយបានអះអាងថា ក្រុមហ៊ុនព្យាយាមកោះហៅតំណាងសហជីពទៅចូលរួមដោះស្រាយនៅមន្ទីរការងារជាច្រើនលើកមកហើយ តែតំណាងកម្មករមិនព្រមទៅតាមការអញ្ជើញ ទើបឈានចូលដល់ដំណាក់កាលនេះ។
ចំណែកឯអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដែលបានចុះផ្ទាល់ដល់មុខរោងចក្រ តាយ យៀន ទី១ តាយ យៀន ទី២ និង ខេមវែល អ្នកស្រី បានអះអាងថា ក្រុមកម្មករបានទុកឱកាសឲ្យក្រុមហ៊ុនអស់រយៈពេលជិត១សប្ដាហ៍មកហើយ តែក្រុមហ៊ុនគ្មានចេតនាក្នុងការកោះហៅក្រុមកម្មករទៅចរចាឡើយ។
កម្មករកម្មការិនីនៅសហគ្រាសកាត់ដេរ តាយ យៀន សរុបមានចំនួនប្រមាណ ៤ពាន់នាក់។ កម្មករបានឲ្យដឹងថា ពួកគេធ្លាប់បានធ្វើការតវ៉ាជាបន្តបន្ទាប់ ចាប់ពីដើមខែឧសភា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី២៧ ខែមិថុនា។ ប៉ុន្តែ ថៅកែក្រុមហ៊ុនមួយនេះហាក់បីដូចមិនអើពើចំពោះការទាមទាររបស់ក្រុមកម្មករកម្មការិនីឡើយ។
ទោះជាយ៉ាងនេះក្ដី ក្រុមកម្មករបានសន្យាថា ពួកគេមិនចូលធ្វើការតាមដីកាបង្គាប់របស់តុលាការឡើយ បើទោះណាក្រុមហ៊ុននេះមិនបានដោះស្រាយឲ្យបានសមស្របតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា ទេនោះ ពួកគេនៅតែបន្តធ្វើកូដកម្មទាមទារតទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។