ប្រជាកសិករម្នាក់នៅភូមិទួលសេរី ឃុំពានី ឈ្មោះ ជៀម សាម៉េត មានប្រសាសន៍ថាគោរបស់គាត់ចំនួន៨ក្បាលបានឈឺជាបន្តបន្ទាប់បណ្តាលឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះរហូតមកដល់ថ្ងៃនេះដីស្រែគាត់មិនទាន់បានភ្ជួររាស់នៅឡើយ ដោយគោរបស់ឈឺពុំអាចអូសនង្គ័លបាន ។
លោក ជៀម សាម៉េត បានឲ្យដឹងថា ៖ «គោខ្ញុំឈឺច្រើនណាស់ មួយក្រោលឈឺទាំងអស់ ទាំងអស់៨គោ ។ ឈឺដំបូងវាក្ដៅហៀទឹកមាត់ ដល់យូរទៅវាបែកជើង បែកមាត់ អណ្ដាតអីហ្នឹង បែករលួយអស់ហើយ ។ ទិញថ្នាំបញ្ច្រកទៅគ្រាន់បានស៊ីស្មៅស៊ីអី» ។
ស្ត្រីវ័យកណ្តាលឈ្មោះ ណាវ ស្រីលៀង បន្ថែមថា ៖ «ឈឺជំងឺអុតក្ដាមមួយភូមិហ្នឹងឈឺទាំងអស់ សុទ្ធតែមិនបានធ្វើស្រែទាំងអស់ហ្នឹង គោខ្ញុំ៦ ទាំង៦ សុទ្ធតែដំបៅជើងឡើងរលួយអស់ហើយ» ។
មណ្ឌលកែវ ៖ មានពេទ្យគេមកជួយមើលហើយឬនៅ ?
ណាវ ស្រីលៀង ៖ អត់ មានតែពេទ្យឈ្នួល ។ ពេទ្យឈ្នួលទាល់តែយើងជួលគេចាក់អ៊ីចឹងទៅ គោមួយ បួនដប់ម្ភៃម៉ឺន ហើយចាក់មិនជាផងនៅតែដំបៅហ្នឹង ។
មេឃុំពានី លោក អ៊ិន ឃឿន មានប្រសាសន៍ថាសត្វគោជាង៥០% ក្នុងទូទាំងឃុំបានឈឺពុំដឹងបណ្តាលមកពីមូលហេតុអ្វី ។ លោក អ៊ិន ឈឿន សម្តែងកង្វល់ចំពោះជីវភាពប្រជាពលរដ្ឋក្នុងឃុំនៅពេលដែលរដូវបង្កបង្កើនផលបានឈានចូលមកដល់ ។
លោក អ៊ិន ឃឿន បានមានប្រសាសន៍ថា ៖ «ការងារហ្នឹងខ្ញុំព្រួយបារម្ភទៅលើការងារកម្លាំងអូសទាញ ។ គោឈឺទៅវាអត់អីអូសទាញ អ៊ីចឹងទេរាល់ថ្ងៃហ្នឹងទាំងខ្ញុំទាំងគេ គឺមានគោយន្តមានអីហ្នឹងជួលគេខ្លះអ៊ីចឹងទៅ ហើយជួលគោគេដែលអត់ឈឺហ្នឹងមកភ្ជួរស្រែខ្លួនឯង ។ ខ្ញុំរាយការណ៍ជូនកសិកម្មស្រុក ហើយគាត់កំពុងតែត្រៀមលក្ខណៈដើម្បីចុះមកផង ហើយគ្រាន់តែថាពេទ្យភូមិ ពេទ្យឃុំហ្នឹងទិញថ្នាំយកចាក់ ។ សំណូមពរដល់អង្គការក្រៅរដ្ឋាភិបាលក្ដី រដ្ឋាភិបាលក្ដី សូមឲ្យជួយពិនិត្យមើលតើជំងឺហ្នឹងវាខុសប្លែកពីមុនៗ វាឈឺ ឈឺទាំងអស់ៗតែម្ដង មិនមែនដូចមុនឈឺមួយពីរ...» ។
ទោះបីជាយ៉ាងនេះក្ដីប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមានសត្វគោប្រហែល ៦ ទៅ ៧ក្បាលហើយដែលបានងាប់ ។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ង៉ាន ណានី មានប្រសាសន៍ថាលោកទទួលបានព័ត៌មាននេះរួចហើយ ហើយលោកក៏បានចាត់វិធានការឲ្យកម្លាំងបសុព្យាបាលស្រុកនិងឃុំចុះចាក់ថ្នាំបង្ការនិងព្រមទាំងជួយព្យាបាលតាមបែបបូរាណខ្លះៗផងដែរ ។
លោក ង៉ាន ណានី បានបញ្ជាក់ថា ៖ «ខ្ញុំបានចាត់ពេទ្យសត្វភូមិធ្វើការ ហើយពេទ្យសត្វខេត្តក៏គេធ្វើការដែរ ។ វាជាជំងឺអុតក្ដាម ហើយយើងធ្វើការព្យាបាលបែបបុរាណខ្លះ យើងចាក់វ៉ាក់សាំងខ្លះ ។ តាមការពិតទៅវាកើតច្រើនជាងហ្នឹងផង ប៉ុន្តែយើងបានព្យាលបាលបន្តបន្ទាប់ហើយ» ។
គួរបញ្ជាក់ថាឃុំពានីមានផ្ទៃដីសរុប១.៧៩៦ហិកតា ក្នុងនោះផ្ទៃដីបង្កបង្កើនផល៧១០ហិកតា ។ ឃុំនេះមានភូមិចំនួន៩ និងមានប្រជាពលរដ្ឋរស់នៅចំនួន ៧.៣៧៤នាក់ ៕
