បេក្ខជន​នាយក​រដ្ឋមន្ត្រីហ៊ុនសែន​និង​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​វៀត​ណាម

គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​តែ​កាន់​អំណាច នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មិថុនា​នេះ​ថា ខ្លួន​បន្ត​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា លើ​ការងារ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន និង​ការ​បោះ​បង្គោល​ព្រំដែន ជា​មួយ​ប្រទេស​វៀតណាម និង​លាវ រហូត​ដល់​ទី​បញ្ចប់។

0:00 / 0:00

ជា​មួយ​គ្នា​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដដែល បាន​ប្រកាស​ផង​ដែរ បន្ត​គាំទ្រ​បេក្ខភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​អាណត្តិ​ខាង​មុខ​ទៀត។

ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស ដែល​គណបក្ស​នេះ​កំពុង​តែ​ប្រារព្ធ​ខួប​លើក​ទី​៥៩ ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា ឆ្នាំ​១៩៥១-២០១០ ក្រោម​អធិបតីភាព​របស់​លោក ជា ស៊ីម ប្រធាន​គណបក្ស និង​លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស បាន​ចូល​រួម ប៉ុន្តែ​គេ​មិន​បាន​ឃើញ​លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​នេះ​បាន​មក​ចូល​រួម​ទេ។ ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា លោក​មាន​ធុរៈ​។

cpp200
និមិត្ត​សញ្ញា​គណបក្ស​ប្រជាជន (RFA/Sok Serey) (RFA/Sok Serey)

សមាជិក និង​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​នាក់ មក​ចូល​រួម​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ មន្ត្រី​ការ​ទូត​បរទេស ដែល​បាន​ចូល​រួម មាន​ដូច​ជា តំណាង​ទូត​ប្រទេស​គុយបា កូរ៉េ​ខាង​ជើង សិង្ហបុរី ប្រ៊ុយណេ ភូមា ជប៉ុន ចិន ឥណ្ឌូណេស៊ី ថៃ និង​វៀតណាម។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម បាន​អាន​សុន្ទរកថា​ថា គណបក្ស​ប្រជាជន​កម្ពុជា បន្ត​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម និង​លាវ ដល់​ទី​បញ្ចប់។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្កោល​ទោស​យុទ្ធនាការ​នានា​របស់​ក្រុម​អគតិ​មួល​បង្កាច់​ការ​ពិត ប្រឆាំង​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក ជា ស៊ីម បន្ត​ថា ៖ «ម្យ៉ាង​ទៀត ទន្ទឹម​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង មជ្ឈដ្ឋាន​អគតិ​មួយ​ចំនួន តែង​តែ​រិះ​រក​គ្រប់​វិធី​ដើម្បី​កម្ចាត់​គណបក្ស​ប្រជាជន​កម្ពុជា»

បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ប្រទេស​លាវ និង​ជា​ពិសេស​ជា​មួយ​ប្រទេស​វៀតណាម គេ​មើល​ឃើញ​ថា កំពុង​តែ​រង​ការ​រិះ​គន់​យ៉ាង​ធ្ងន់ធ្ងរ ដោយ​គណបក្ស​ប្រឆាំង​សម​រង្ស៊ី ដែល​បាន​ចោទ​ប្រកាន់​ថា ដំណើ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន មិន​មាន​តម្លាភាព និង​នាំ​ឲ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​ច្រើន​រយ​ម៉ែត្រ នៅ​ក្នុង​ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​វៀតណាម។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​សម​រង្ស៊ី លោក គឹម សួភិរិទ្ធិ និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ទៅ​នឹង​ការ​ប្រកាស​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មិថុនា​នេះ​ថា ៖ «ដោយសារ​តែ​គណបក្ស​ប្រជាជន​ជំពាក់​គុណ​ពី​ប្រទេស​ជិត​ខាង ដែល​ធ្លាប់​ជួយ​ខ្លួន​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ កន្លង​មក​ហ្នឹង។ អ៊ីចឹង​ត្រូវ​តែ​ទទួល​យក​ដំណោះ​ស្រាយ​ហ្នឹង ទោះ​បី​ជា​ចង់​មិន​ចង់​ក៏​ដោយ គឺ​ត្រូវ​តែ​ឆ្លើយ​តប ជា​សំណង​អ្វី ជា​មួយ​និង​ប្រទេស​ជិត​ខាង​ហ្នឹង»

ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា លោក វ៉ា កឹម​ហុង បាន​មាន​ប្រសាសន៍​សាទរ​ចំពោះ​ការ​ប្រកាស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ៖ «គឺ​ថា លោក​បាន​គាំទ្រ​អ្វី​ដែល​រាជ​រដ្ឋាភិបាល ក្នុង​ការ​បោះ​បង្គោល​ខណ្ឌ​ព្រំ​សីមា​រវាង​កម្ពុជា ជា​មួយ​ប្រទេស​វៀតណាម។ កម្ពុជា ជា​មួយ​លាវ ហើយ​និង​បន្ត​ការ​ខិត​ខំ ការ​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​ជា​មួយ​ប្រទេស​ថៃ​ទៀត»

ឯកសារ​នានា និង​ប្រភព​ពី​មន្ត្រី​ជំនាញ​កិច្ច​ការ​ងារ​ព្រំដែន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​ព្រំដែន​ជាប់​ជា​មួយ​ប្រទេស​វៀតណាម ប្រវែង ១២២៨​គ.ម.។ កម្ពុជា និង​វៀតណាម មាន​ផែនការ​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ចុង​ឆ្នាំ​២០១២។ ភាគី​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​បាន​ជាង ១៩០​បង្គោល​មក​ហើយ នៅ​ក្នុង​បង្គោល​ព្រំដែន​សរុប ៣៧៥​បង្គោល។

កម្ពុជា​មាន​ព្រំដែន​ជាប់​ជា​មួយ​ប្រទេស​ថៃ ប្រវែង ៨០០​គ.ម. គឺ​មាន​បង្គោល​ព្រំដែន​សរុប​ចំនួន ៧៣​បង្គោល សេស​សល់​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង ឆ្នាំ​១៩០៨ និង​ឆ្នាំ១៩០៩។ អ្នក​ជំនាញ​ការ​ព្រំដែន បាន​រក​ឃើញ​បង្គោល​ព្រំដែន​ចំនួន​៣៣​ហើយ។ គេ​កំពុង​តែ​បន្ត​រាវ​រក​បន្ថែម​ទៀត។

នៅ​ចុង​ក្រោយ​នេះ កម្ពុជា​មាន​ព្រំដែន​ជាប់​ជា​មួយ​ប្រទេស​លាវ ប្រវែង ៥៤១​គ.ម.។ ភាគី​កម្ពុជា និង​លាវ បាន​បោះ​ចំនួន ១២៤​បង្គោល​មក​ហើយ នៅ​ក្នុង​ចំណោម​បង្គោល​សរុប​ចំនួន ១៤៥​បង្គោល៕