គណបក្សប្រជាជនកម្ពុជាបានបើកសន្និបាតធំមួយនៅថ្ងៃអង្គារនេះដែលមានការចូលរួមពីមន្ត្រីគណបក្ស និងសកម្មជន អ្នកគាំទ្រ រាប់ពាន់នាក់ ដើម្បីរំឭកអំពីខួបកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាចំណុចចាប់ផ្តើមនៃកំណើតគណបក្សប្រជាជនកម្ពុជា នៅក្នុងការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ក្រុមខ្មែរក្រហម។
នៅក្នុងសុន្ទរកថារបស់អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសភាជាតិ លោក ហេង សំរិន បានលើកឡើងអំពីការឈឺចាប់នៅក្នុងរបបខ្មែរក្រហម និងការចងចាំមិនឲ្យមានការបំភ្លេចនូវថ្ងៃកំណើតរណសិរ្ស ២ធ្នូ ដែលនាំមកនូវសមិទ្ធិផលនៅថ្ងៃនេះ។
លោក ហេង សំរិន បានថ្លែងថា ៖ «យើងទាំងអស់គ្នាសូមចាត់ទុកពិធីមិទិញថ្ងៃនេះ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏មានសារសំខាន់បំផុតចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្យ ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាអោយចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ២ធ្នូនៅបានជួយស្តារ កសាង និងអភិវឌ្ឍសង្គមជាតិនៅគ្រប់ទិសទី ធ្វើឲ្យមាតុភូមិកម្ពុជាមានការប្រែប្រួល មានការប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ គួរឲ្យមានមោទនភាព»។
នៅក្នុងឱកាសនោះដែរ លោក ហេង សំរិន មិនបានភ្លេចសរសើរដល់ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវគេទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធា មកធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនិងទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន។
មន្ត្រីជាន់ខ្ពស់របស់បក្សប្រជាជនកម្ពុជាបានហៅការតែងតាំងលោក ថាក់ស៊ីន នោះគឺជាកិច្ចការដ៏ជោគជ័យនៅក្នុងការជួយសង្រ្គោះសេដ្ឋកិច្ចកម្ពុជាដែលពិភពលោកកំពុងរងគ្រោះនៅក្នុងវិបត្តិសេដ្ឋកិច្ច។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់កំណើតឡើងនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ មន្ត្រីបក្សប្រជាជនកម្ពុជាបាននិយាយថា រណសិរ្សនេះជាចលនាដំបូងរបស់ប្រជាជនក្នុងការប្រមូលផ្តុំកម្លាំងវាយពួកខ្មែរក្រហម ដោយមានការជួយឧបត្ថម្ភពីកងទ័ពវៀតណាម៕
