ប្រធានគណបក្សសមរង្ស៊ី ឃុំកោះព្រះ លោក យឹង ប៊ុណ្ណា បញ្ជាក់ថា ការចុះចូលធ្វើឡើងកាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០០៨ បន្ទាប់ពីគណបក្សសមរង្ស៊ីនៅមូលដ្ឋានបានបើកស្នាក់ការគណបក្សប្រចាំឃុំ ក៏ប៉ុន្តែពុំមានប្រារព្ធពិធីផ្លូវការអ្វីធំដុំទេ ពីព្រោះដើម្បីការពារសុវត្ថិភាពសមាជិកគណបក្សប្រជាជនដែលចុះចូលនោះ ។
លោក យឹង ប៊ុណ្ណា មានប្រសាសន៍ដូច្នេះថា ៖ «គេឲ្យមកខ្ញុំដែរ ប៉ុន្តែខ្ញុំការពារបុគ្គលភាពរបស់គេ» ។
នេះគឺជាលើកដំបូងហើយ ដែលមានសេចក្តីរាយការណ៍ថា សមាជិកគណបក្សប្រជាជននៅមូលដ្ឋានដាច់ស្រយាលធ្វើការចុះចូលជាមួយគណបក្សសមរង្ស៊ី ស្របពេលដែលគណបក្សនយោបាយនានា កំពុងឃោសនារកសំឡេងឆ្នោត ក៏ប៉ុន្តែពុំមានឈ្មោះសមាជិកគណបក្សប្រជាជនដែលចុះចូលណាម្នាក់ ត្រូវបានគេបញ្ចេញឲ្យដឹងជាសាធារណៈនោះឡើយ ។
យ៉ាងនេះក្តី អ្នកភូមិកោះព្រះម្នាក់ ដែលអះអាងថា គាត់មានប័ណ្ណសមាជិកគណបក្សប្រជាជនតាំងពីឆ្នាំ១៩៩៣ បញ្ជាក់ដោយសុំមិនឲ្យបញ្ចេញឈ្មោះថា សមាជិកដែលចុះចូលមានសមាជិកបក្សប្រជាជនថ្នាក់ប្រធានក្រុមនិងសមាជិកធម្មតា ហើយការចុះចូលនេះកើតមានឡើងដោយសារពួកគេទទួលរងនួវភាពអយុត្តិធម៌ និងការរំលោភសិទ្ធិពីមន្ត្រីអាជ្ញាធរមូលដ្ឋាននៃគណបក្សប្រជាជនកាន់អំណាចនោះ ៖ «មូលហេតុជីវភាពក្នុងគ្រួសារគេតឹងតែង អ៊ីចឹង គេបាក់ចិត្តមក» ។
មេឃុំកោះព្រះនៃគណបក្សប្រជាជន លោក ភុំ សន មានប្រសាសន៍បញ្ជាក់ថា លោកពុំបានដឹងពីការចុះចូលនោះទេ លោកថា ជាសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត ។
លោក ភុំ សន ថ្លែងដូច្នេះថា ៖ «គណបក្សប្រជាជនចុះចូលគណបក្សសមរង្ស៊ីដល់ទៅ ២០នាក់ ខ្ញុំដូចជាអត់ឮ» ។
ចំណែកអភិបាលរងខេត្តស្ទឹងត្រែងនៃគណបក្សប្រជាជន លោក វ៉ាន់ វុធ មានប្រសាសន៍បញ្ជាក់ថា គ្មានសមាជិកគណបក្សប្រជាជនណាម្នាក់ ចុះចូលនឹងគណបក្សសមរង្ស៊ីដូចសេចក្តីរាយការណ៍នោះទេ ។ លោកថា មានតែសមាជិកគណបក្សសមរង្ស៊ីទេ ដែលបានចុះចូលជាមួយគណបក្សប្រជាជននៅតំបន់នោះ ។
មន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) លោក សុខ សុង មានប្រសាសន៍ថា វាជារឿងធម្មតាដែលកើតមានសម្រាប់គណបក្សនយោបាយនៅកម្ពុជា ហើយនោះគឺជាសេរីភាពក្នុងការជ្រើសរើសគណបក្សនយោបាយដែលបុគ្គលណាពេញចិត្ត ។
លោក សុខ សុង ថ្លែងយ៉ាងដូច្នេះ ៖ «ជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលគេមានសិទ្ធិ» ។
នៅប៉ុន្មានខែមុនពេលបោះឆ្នោតជាតិអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០០៨ ខាងមុខនេះ គេសង្កេតឃើញចលនាចុះចូលនៃមន្រ្តីជាន់ខ្ពស់ទាំងថ្នាក់ជាតិនិងមូលដ្ឋាននៃគណបក្សសមរង្ស៊ី បានចុះចូលជាមួយគណបក្សប្រជាជនរាប់រយនាក់ ហើយខ្លះបានទទួលតំណែងខ្ពស់ៗក្នុងរាជរដ្ឋាភិបាលទៀតផង ។
បើតាមមេឃុំកោះព្រះបញ្ជាក់ថា ក្នុងឆ្នាំ២០០៨នេះ សមាជិកគណបក្សសមរង្ស៊ីនិងគណបក្សហ៊្វុនស៊ិនប៉ិច ៧៥នាក់ បានចុះចូលជាមួយគណបក្សប្រជាជន ។
នៅឃុំកោះព្រះ តាមរបាយការណ៍ពីមន្ត្រីឃុំឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ មានជាង ៧០០នាក់ ។ ហើយកាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី២ សមាជិកគណបក្សប្រជាជនតែមួយគត់ទទួលសំឡេងឆ្នោតសម្រាប់ក្រុមប្រឹក្សានោះ ៕
