មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ប្រតិកម្ម​នឹង​របាយការណ៍​អ.ស.ប.

មន្រ្តី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ដែល​ថា ការប្រើប្រាស់​ពាក្យ​បណ្តឹង​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​និង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា​ធានា​ការពារ​និង​ការអភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ។

0:00 / 0:00

លោក ជាម យៀប សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និ​ងជា​ប្រធាន​គណៈកម្មាការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា​ផង​នោះ មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​មិន​អាច​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ថយ​ចុះ​បាន​ទេ ពីព្រោះ​រដ្ឋាភិបាល​កំពុង​ខិតខំ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ថា​របាយការណ៍​នេះ​រដ្ឋាភិបាល​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការប្តឹងផ្តល់។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «តំណាង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ហ្នឹង​ចាំបាច់​ត្រូវ Check balance (ពិនិត្យ​តុល្យភាព) ឲ្យ​បាន​ច្បាស់លាស់​ផងដែរ មិន​គួរ​ទៅ​យក​បំរាម​បន្តិច​បន្តួច ត្រង់​ណា​ក៏​មាន​ខុស​ដែរ»

សូម​ជម្រាប​ថា យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​១៥ មិថុនា​នោះ ថា ពាក្យ​បណ្តឹង​ជា​ច្រើន​របស់​អាជ្ញាធរ​ជាន់​ខ្ពស់​នៃ​កម្ពុជា​ដែល​បាន​ប្តឹង​ប្រឆាំង​អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​រយៈពេល​ថ្មីៗ​នេះ ដូច​ជា​អ្នក​នយោបាយ អ្នក​កាសែត​និង​មន្រ្តី​នៃ​អង្គការ​សង្គម​ស៊ីវិល​នោះ គឺ​ហួសហេតុ​និង​មិន​សម​ហេតុ​ផល ហើយ​នោះ​ជា​ការគំរាម​កំហែង​ធ្ងន់ធ្ងរ​មួយ​ដល់​ការអភិវឌ្ឍ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

ប្រធាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​របស់​លោក​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ទៀត បាន​ចេញ​របាយការណ៍​រួម​គ្នា​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ដូច​នឹង​របាយការណ៍​របស់​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែរ​អំពី​ការថយ​ក្រោយ​នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ថា លោក​មាន​ការសោកស្តាយ​ដែល​ខាង​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​ការ​ពិត។

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ថា ៖ «នេះ​គឺ​ជា​ការអនុវត្ត​ច្បាប់​ដែល​ខុស​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស ហើយ​និង​ខុស​ពី​ច្បាប់​អន្តរជាតិ​ហើយ​និង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​ច្បាប់​របស់​ប្រទេស​យើង​ដែរ»

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ការភ័យ​ខ្លាច​នៃ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​បន្តិច​មែន​ក្ដី ប៉ុន្តែ​លោក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ធ្វើការ​កែប្រែ​វិញ​នូវ​ចំណុច​ទាំង​នេះ។

រហូត​មក​ទល់​ពេល​នេះ​អ្នក​នយោបាយ រួម​ទាំង​មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អ្នក​កាសែត​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ប្តឹង​នោះ​មាន​ប្រមាណ​៨​នាក់​ហើយ ក្នុង​នោះ​ក៏​មាន​មួយចំនួន​គេច​ខ្លួន​ទៅ​បរទេស​ផងដែរ។

ជាមួយ​គ្នា​នេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មិថុនា គណៈកម្មការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា បាន​សម្រេច​ដោយ​ដាក់​ក្នុង​របៀបវារៈ​នូវ​ករណី​ព្យួរ​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោកស្រី មូរ សុខហួរ ដើម្បី​សុំ​ឲ្យ​សភា​ដក​អភ័យ​ឯកសិទ្ធិ​នៅ​ដើម​សប្តាហ៍​ក្រោយ។

យ៉ាង​នេះ​ក្តី​នៅ​ក្នុង​របាយការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា ការដក​អភ័យ​ឯកសិទ្ធិ​សភា​ឬ​ការគំរាម​កំហែង​ដក​អភ័យ​ឯកសិទ្ធិ​នោះ​ក្នុង​គោល​បំណង​បំភិត​បំភ័យ​ធ្វើ​ឲ្យ​ខូច​តម្លៃ​ដ៏​សំខាន់​នៃ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ៕