ស្របពេលគ្នានេះដែរ គណបក្សដែលកំពុងតែកាន់អំណាចជាង ៣០ឆ្នាំនេះ កំពុងតែរៀបចំយុទ្ធសាស្ត្រនានា ដើម្បីបញ្ចូលយុវជនមួយចំនួនជាសមាជិកថ្មីរបស់ខ្លួន ដើម្បីយកជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ខាងមុខ។
សន្និបាតគណៈកម្មការកណ្ដាលលើកទី៣៥ មានសមាជិកចូលរួមសរុបជិត ៩០០នាក់ នៅក្នុងរាជធានីភ្នំពេញ។ សន្និបាតនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកក្កដានេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសកម្ពុជា លោក ខៀវ កាញារីទ្ធ និងជាមន្ត្រីអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែកក្កដានេះថា ៖ «រក្សាស្ថានភាពមិនឲ្យមានការប្រទូសរ៉ាយ ភាពប្រទូសរ៉ាយដោយអាវុធ និងអត់ធ្មត់បន្តធ្វើការចរចា។ យើងឃើញយុទ្ធសាស្ត្ររបស់ថៃ គឺការបង្វែរភាពតានតឹងនៅក្រុងបាងកក ដើម្បីមកទល់ដែន។ យើងត្រូវតែយល់ឆ្លាតពីបញ្ហានេះ គឺយើងចៀសវាងកុំឲ្យគេយកបញ្ហាព្រំដែនទៅបន្ធូរបន្ថយសភាពការណ៍នៅទីក្រុងបាងកក»។
សន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ជា ស៊ីម ប្រធានគណបក្ស និងលោក ហ៊ុន សែន អនុប្រធានគណបក្ស ប៉ុន្តែអវត្តមានលោក ហេង សំរិន ប្រធានកិត្តិយសគណបក្សនេះ គឺដោយសារតែលោកនៅក្រៅប្រទេសកម្ពុជា។
តំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោក គីម សួរភិរិទ្ធ បានមានប្រសាសន៍សាទរចំពោះយុទ្ធសាស្ត្រគណបក្សកាន់អំណាចក្នុងការដោះស្រាយព្រំដែន និងប្រាសាទព្រះវិហារជាមួយថៃ ដោយសន្តិវិធី។
លោក គីម សួរភិរិទ្ធ មានប្រសាសន៍ដូច្នេះ ៖ «អាហ្នឹងគណបក្ស សម រង្ស៊ី គាំទ្រ។ គណបក្ស សម រង្ស៊ី តែងតែស្វាគមន៍ជានិច្ចចំពោះបញ្ហាដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ជាពិសេសបញ្ហាព្រះវិហារហ្នឹង ដោយឈរលើជំហរអហិង្សា ហើយនិងផ្លូវច្បាប់ ដែលយើងអាចមានប្រៀបជាងប្រទេសថៃ ដែលបានឈ្លានពានចូលក្នុងប្រាសាទព្រះវិហាររបស់យើង»។
លោកបានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រឆាំងក៏មានយុទ្ធសាស្ត្រស្រដៀងគ្នានឹងបក្សកាន់អំណាចផងដែរ ក្នុងការអូសទាញយុវជនថ្មី ដើម្បីគាំទ្រគណបក្សប្រឆាំង ដោយសារតែមានយុវជនជាច្រើនអត់មានការងារធ្វើ។
មន្ត្រីគណបក្សកាន់អំណាចបានអះអាងថា គណបក្សប្រជាជនកម្ពុជា មានសមាជិកគាំទ្រជាង ៥លាននាក់នៅពេលនេះ។
កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ នៅក្នុងខួបលើកទី៥៩ នៃកំណើតបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ លោក ជា ស៊ីម ប្រធានបក្សនេះបានប្រកាសគាំទ្រលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិក្រោយៗទៀត។
ក្រោយមកនៅថៃ្ងទី១៩ ខែកក្កដា ថ្មីៗនេះ លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាល បានប្រកាសដោយផ្ទាល់នៅក្នុងខេត្តស្វាយរៀងថា លោកបន្តឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០២៣ ឬឆ្នាំ២០២៨ ខាងមុខនេះ នៅគ្រាដែលមានការរិះគន់ពីគណបក្សប្រឆាំងថា លោកកាន់តំណែងយូរជាងគេនៅក្នុងចំណោមប្រទេសនានានៅក្នុងតំបន់អាស៊ី៕