លោក ជាម យៀប មានប្រសាសន៍ថា ៖ «យើងមានសុទិដ្ឋិនិយមថា ការចរចាហ្នឹងមិនយូរមិនឆាប់ទេ ថៃនឹងភ្ញាក់រឭកពីទឡ្ហីករណ៍ច្បាប់ ដែលកម្ពុជាមាននៅក្នុងដៃ ក៏ដូចជានៅលើការទូត គឺថាក៏យើងទទួលបានជោគជ័យដែរ ព្រោះថា បណ្ដាប្រទេសដែលជាហត្ថលេខីទាំង១៩ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង ក៏គេបានយល់ដែរ ហើយបញ្ហាទំនាស់គ្នាហ្នឹង ក៏គេបានយល់ដែរ គឺថាកើតចេញពីដូចជា ផែនទីថៃគាត់ធ្វើខ្លួនឯង ម្នាក់ឯង មិនបានយកផែនទីកិច្ចព្រមព្រៀង ...ឆ្នាំ១៩០៤, ១៩០៧ មកធ្វើជាមូលដ្ឋានអាហ្នឹងហើយ ដែលធ្វើឲ្យការរំលោភមកលើទឹកដីកម្ពុជាមានកន្លងមកហើយ»។
លោក សម រង្ស៊ី ដែលបានមានប្រសាសន៍អំពីការមិនយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិក្នុងការជួយដោះស្រាយទំនាស់តាមបណ្តោយព្រំដែនថា បណ្តាលមកពីការមិនគោរពតាមគោលការណ៍ប្រជាធិបតេយ្យនិងគ្មានការគោរពច្បាប់ផ្ទៃក្នុងនៃប្រទេសកម្ពុជា ហើយលោកនឹងដើរបង្អើលសហគមន៍អន្តរជាតិឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់នេះ។
លោក សម រង្ស៊ី ថ្លែងយ៉ាងដូច្នេះ ៖ «យើងប្រទេសតូច យើងត្រូវតែយកច្បាប់អន្តរជាតិ យើងត្រូវតែឲ្យអង្គការសហប្រជាជាតិ គេជួយ ឲ្យសហគមន៍អន្តរជាតិគេជួយ ប៉ុន្តែបើយើងមិនគោរពច្បាប់ខ្លួនយើង យើងមិនគោរពលទ្ធិប្រជាធិបតេយ្យ មិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅហៅអ្នកណាជួយ? កាលណាគេព្រមមកជួយយើង អាហ្នឹងវ័ណ្ឌកហើយ។ រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ កំពុងតែវ័ណ្ឌកហើយ អ៊ីចឹងហើយបានយើងនឹងធ្វើដំណើរទៅទីក្រុងញូវយ៉ក ទៅទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងប៉ារីស ទៅទីក្រុងប៊្រូស្សែល ដើម្បីបង្អើលសហគមន៍អន្តរជាតិ ឲ្យថ្កោលទោសរដ្ឋាភិបាលភ្នំពេញសព្វថ្ងៃ ដែលរំលោភសិទ្ធិមនុស្ស ដែលរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលរំលោភច្បាប់ខ្លួនឯង នៅប្រទេសកម្ពុជា»។
រីឯលោក ជាម យៀប មានប្រសាសន៍មិនយល់ស្រប ដោយសំអាងលើភាសិតខ្មែរ និងទាមទារឲ្យប្រើលទ្ធភាពក្នុងប្រទេសសព្វគ្រប់សិន មុននឹងសុំអ្នកខាងក្រៅឲ្យជួយ៖ «សុភាសិតខ្មែរថា កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្កម៍ កុំទុកចិត្តអភិប្រាយ។ អ្វីក៏ដោយបើយើងមិនទាន់បានរៀបចំក្នុងប្រទេសឲ្យបានស្រួលបួល លោតផ្លោះទៅរកប្ដឹងអន្តរជាតិ អាហ្នឹងគឺខ្ញុំសុំមិនយល់ព្រមតាមហ្នឹងទេ ប៉ុន្តែជាសិទ្ធិរបស់លោក ប្ដឹងចុះ អាហ្នឹងធម្មតាទេ»។
លោក ជាម យៀប ថ្លែងបន្ថែមថា ៖ «សូមជម្រាបថា គាត់[សមរង្ស៊ី]ចោទរហូតទៅដល់ថា គណបក្សប្រជាជនកម្ពុជា ឬគណបក្សកាន់អំណាច បច្ចុប្បន្ននេះ ជាចោរជាស្អីអីណាគ្រប់បែបយ៉ាងទាំងអស់។ ចោទរបៀបហ្នឹង បើខ្មែរយើងនិយាយថា ជាមនុស្សអត់ពូជ អត់អម្បូរ បានជាចោទគេអត់មានមូលដ្ឋានច្បាស់លាស់ ហើយរហូតដល់ថា គេចោរ មិនដែលទៅលួចកៅអីសមរង្ស៊ីទេ។ ហើយរដ្ឋសភា ដែលត្រូវប្រជាពលរដ្ឋកម្ពុជា ៣លាន៤សែននាក់ បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បាន៩០កៅអី យើងត្រូវតែធ្វើម៉េចឲ្យសមត្ថកិច្ចក្នុងស្រុកហ្នឹង លោកធ្វើឲ្យអស់ពីចិត្តពីថ្លើម បើយើងឃើញយល់ទាស់ចាំធ្វើតទៅទៀត ។ យើងឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ តាមខ្ញុំយល់មិនទាន់បានសម្រេចចុងក្រោយបំផុត អំពីការតវ៉ារបស់គណបក្សប្រឆាំងនៅឡើយទេ»៕
