ទន្ទឹមនិងគ្នានេះ ក៏មានការបង្ហាញ នូវលទ្ធផលជោគជ័យ មួយចំនួន ដែលបានមកពីសកម្មភាពរបស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
គណបក្សប្រជាជនកម្ពុជាដែលជាបក្សដឹកនាំរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ បានប្រកាសធានាការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងជំរុញការអភិវឌ្ឍន៍តំបន់តាមបណ្តោយព្រំដែន។
ថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបការងាររណសិរ្ស លើកទី៤ របស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្ងៃទី២៤ សីហា ឆ្នាំ២០១១ នាសាលសន្និសីទចតុមុខ លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានវាយតម្លៃ និងបូកសរុបលទ្ធផលនៃសភាពការណ៍ទូទៅក្នុងប្រទេសកម្ពុជា រយៈពេលជាង១ឆ្នាំកន្លងទៅ។
លោកថា ជាលទ្ធផល គឺការធានាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ការការពារអធិបតេយ្យ និងបូរណភាពទឹកដី ការជំរុញសេដ្ឋកិច្ចជាតិអោយមានសន្ទុះរីកចម្រើនឡើងវិញងើបចេញពីឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ទន្ទឹមគ្នានេះ កម្ពុជាកំពុងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយអន្តរជាតិ និងជំហរក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីទៀតផង។
លោក ហេង សំរិន បានបញ្ជាក់ថា លទ្ធផលនេះ និងជំរុញឲ្យគណបក្សប្រជាជនកម្ពុជា មានអាទិភាពឈ្នះឆ្នោតនៅអាណត្តិក្រោយៗទៀត ៖ «ហើយលើសពីនេះអ្វីៗ ដែលយើងបានធ្វើក៏ ដើម្បីឆ្ពោះទៅដណ្ដើមជោគជ័យនៃការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខ និងនៅតែបោះឆ្នោតជូនគណបក្ស ហើយគណបក្សនឹងបន្តកាន់អំណាចបានយូរអង្វែង នៅក្នុងបរិបទនៃសង្គមប្រជាធិបតេយ្យទំនើប»។
បើទោះបីជាមានការអះអាងយ៉ាងនេះក្ដី លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានជំទាស់នូវអ្វីដែលគណបក្សប្រជាជនបានប្រកាសមកនេះ។
លោក កឹម សុខា មានប្រសាសន៍ថា បញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី និងជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសជិតខាង នៅតែបន្តឈ្លានពាន ដែលបញ្ហានេះគណបក្សកាន់អំណាចមិនអាចដោះស្រាយបាន។
លោក កឹម សុខា៖ «គឺសន្តិភាពនេះគឺអត់ទាន់ពិតទេ។ អត់មានចម្បាំងមែន ប៉ុន្តែ ប្រជាពលរដ្ឋមានការឈឺចាប់ នៅព្រួយបារម្ភ។ ឲ្យតែឃើញមានការអភិវឌ្ឍន៍កន្លែងណា ម្ចាស់ទឹកម្ចាស់ដីនៅទីនោះ តែងតែមានការទ្រហោយំ។ ព្រួយបារម្ភពីរឿងក្រីក្រ ឈឺអត់មានពេទ្យមើល អ្នកក្រស្លាប់ដោយសារពេទ្យមិនមើល។ ឈឺចាប់ដោយគេដណ្ដើមយកដីធ្លី អាណិតហើយ គឺមិនមែនសន្តិភាពពិត ដូចគណបក្សប្រជាជនអះអាងទេ»។
ទោះយ៉ាងណាក៏ដោយ អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក មិន ឃិន បានទទួលស្គាល់ថា នៅមានចំណុចខ្វះខាតមួយចំនួននៅពុំទាន់បានឆ្លើយតប នឹងទទួលបានលទ្ធផលមួយគួរជាទីពេញចិត្តនៅឡើយទេ។
លោក មិន ឃិន ៖ «គណៈកម្មាធិការរណសិរ្សខេត្តមួយចំនួន ជួបប្រទះការលំបាកច្រើន ដោយកត្តាសត្យានុម័ត និងអត្តនោម័ត មានការខ្វះខាត សម្ភារបរិក្ខារ មន្ត្រីជំនាញក្នុងការងារចលនាមហាជន ពុំទាន់មានគោលការណ៍បណ្ដុះបណ្ដាលឲ្យបានសមស្រប»។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់កំណើតឡើងនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ មន្ត្រីបក្សប្រជាជនកម្ពុជាបាននិយាយថា រណសិរ្សនេះជាចលនាដំបូងរបស់ប្រជាជនក្នុងការប្រមូលផ្តុំកម្លាំងវាយពួកខ្មែរក្រហម ដោយមានការជួយឧបត្ថម្ភពីកងទ័ពវៀតណាម។
ប៉ុន្តែមានមតិខ្លះរិះគន់ថា ថ្ងៃនេះ ជាឱកាសមួយដែលប្រទេសវៀតណាមឈ្លានពាន និងគ្រប់គ្រង ប្រទេសកម្ពុជា ក្នុងចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩៕