បក្ស​ប្រជាជន​ចោទ​បក្ស​សម រង្ស៊ី រំលោភ​នីតិវិធី​ឃោសនា​បោះ​ឆ្នោត

ខណៈ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សំរាប់​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កំពុង​តែ​ប្រព្រឹត្ត​ជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ រហូត​មក​នេះ ជា​ទូទៅ​គេ​សង្កេត​ឃើញ​ភាគ​ច្រើន​តំណាង​គណបក្ស សម រង្ស៊ី បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​ថា បាន​រំលោភ​នីតិវិធី​ឃោសនា​បោះ​ឆ្នោត​ច្រើន​ករណី​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង។

0:00 / 0:00

ក៏​ប៉ុន្តែ ផ្ទុយ​ពី​នេះ​នៅ​ខេត្ត​រតនគិរី មន្ត្រី​តំណាង​គណបក្ស​ប្រជាជន បាន​ចោទ​ប្រកាន់​ជា​លើក​ដំបូង​ថា មន្ត្រី​តំណាង​គណបក្ស សម រង្ស៊ី រំលោភ​នីតិវិធី​ឃោសនា​បោះ​ឆ្នោត​វិញ​ម្តង។

តំណាង​គណបក្ស​ប្រជាជន​នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា សកម្មជន​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​បិត​ខិត្តប័ណ្ណ​រូប​សញ្ញា​ឃោសនា​គណបក្ស​នេះ នៅ​សាលា​ប្រជុំ​ភូមិ របស់​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ឃុំ​ភ្នំកុក ស្រុក​វ៉ឺនសៃ ដែល​ជា​កម្មសិទ្ធិ​សមូហភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ ហេតុ​នេះ​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន ចាត់​ទុក​ថា​ការ​បិត​ខិត្តប័ណ្ណ​នេះ ជា​ការ​រំលោភ​គោលការណ៍​ឃោសនា​បោះឆ្នោត។

អ្នក​តំណាង​រាស្ត្រ​ខេត្ត​រតនគិរី និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​ខេត្ត លោក ប៊ូ ឡាំ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ផ្តល់​ព័ត៌មាន​នេះ​ជូន​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​ភ្នំកុក​រួច​ហើយ ដើម្បី​បញ្ឈប់​កុំ​ឲ្យ​មាន​សកម្មភាព​រំលោភ​ច្បាប់​បោះ​ឆ្នោត​នេះ កើត​មាន​ត​ទៅ​ទៀត។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ជា​សមាជិក​គណបក្ស​ប្រជាជន​នៅ​តាម​ភូមិ​នានា​ក្នុង​ឃុំ​នេះ មិន​យល់​ស្រប​ឲ្យ​យក​សាលា​ប្រជុំ​រួម​របស់​ប្រជាពលរដ្ឋ​ជា​កន្លែង​បិត​ខិត្តប័ណ្ណ​ឃោសនា​របស់​គណបក្ស​តែ​មួយ​នោះ​ឡើយ។

លោក ប៊ូ ឡាំ៖ «គណបក្ស​ប្រជាជន​ធ្វើ​សាលា​ឆ​ទាន ហើយ​គណបក្ស សម រង្ស៊ី យក​មក​ដាក់​ផ្លាក​ម៉េច។ បង​ប្អូន​ជន​ជាតិ​យើង គេ​មាន​រោង​កណ្ដាល​ភូមិ​ណា សម្បត្តិ​របស់​រួម​យើង​ដាក់​ម៉េច​នឹង​កើត»

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ តំណាង​គណបក្ស សម រង្ស៊ី ខេត្ត​រតនគិរី លោក រិន កញ្ញា បាន​ទទួល​ស្គាល់​ថា សកម្មជន​អ្នក​គាំទ្រ​គណបក្ស សម រង្ស៊ី ពិត​ជា​បាន​យក​ផ្លាក​សញ្ញា​គណបក្ស​ទៅ​បិត​នៅ​សាលា​ប្រជុំ​រួម​របស់​អ្នក​ភូមិ​មែន ក៏​ប៉ុន្តែ​ដោយ​សារ​មាន​ការ​ភ័ន្តច្រឡំ​ថា​សាលា​ប្រជុំ​ភូមិ​ជា​កន្លែង​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ប្រើ​ប្រាស់​បាន។ លោក​បន្ត​ថា លោក​បាន​សម្រប​សម្រួល​ឲ្យ​មន្ត្រី​គណបក្ស​លោក​នៅ​មូល​ដ្ឋាន ដក​រូប​សញ្ញា​ឃោសនា​នោះ​ចេញ ក៏​ប៉ុន្តែ​ប្រធាន​ភូមិ នៃ​គណបក្ស​ប្រជាជន បាន​ប្រើ​អំណាច​ហែក​យក​ខិត្តប័ណ្ណ​នោះ​ទៅ​ដុត​ចោល​ដោយ​អត្តនោម័តិ។

លោក រិន កញ្ញា៖ «ខាង​ខ្ញុំ​ក៏​បាន​ផ្តល់​ព័ត៌មាន​ដែរ ខ្ញុំ​ប្រាប់​ថា​បើ​នៅ​សាលា​ឃុំ សាលា​ភូមិ យើង​មិន​អាច​បិត​បាន​ទេ អញ្ចឹង​ឲ្យ​គាត់​ទៅ​បក ប៉ុន្តែ​គេ​បក​ហើយ បាត់​អស់​ហើយ។ នេះ​អត់​មាន​ការ​ណែនាំ​អ្វី​ផង បើ​តាម​បញ្ជា​ដូច​របស់ ប៊ូ ឡាំ ឲ្យ​បក​ណា»

ប្រធាន​គណៈកម្មការ​ឃុំ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​ភ្នំ​កុក គឺ​លោក ហម ប៊ុណ្ណា បាន​អះអាង​ថា លោក​គ្រោង​សម្រប​សម្រួល​ជា​មួយ​មន្ត្រី​គណបក្ស សម រង្ស៊ី ឲ្យ​បក​ខិត្តប័ណ្ណ​នោះ​ចេញ​ពី​សាលា​ប្រជុំ​ភូមិ ដើម្បី​បញ្ចប់​បញ្ហា ក៏​ប៉ុន្តែ​ករណី​ប្រធាន​ភូមិ​ហែក​ខិត្តប័ណ្ណ​នោះ​ទៅ​ដុត​ចោល លោក​មិន​បាន​ដឹង​ទេ។

លោក ហម ប៊ុណ្ណា៖ «ខ្ញុំ​ហ្នឹង​ចង់​សម្រប​សម្រួល​ជា​មួយ​គណបក្ស សម រង្ស៊ី ថា​ធ្វើ​អញ្ចឹង​វា​ខុស​នឹង​នីតិវិធី​របស់​គណបក្ស​នយោបាយ អញ្ចឹង​គាត់​ដក​ចេញ​ក៏​ល្អ​ម្យ៉ាង​ដែរ»

លេខា​គណៈកម្មការ​សង្កេតការណ៍ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ខេត្ត​រតនគិរី លោក ជួន ភីនណារ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា ជំលោះ ឬ​បញ្ហា​ទាក់​ទិន​បញ្ហា​បោះ​ឆ្នោត​ដែល​កើត​មាន​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត គឺ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត។ លោក​បន្ត​ថា ប្រធាន​ភូមិ​ដែល​ហែក​ខិត្តប័ណ្ណ​គណបក្ស​នយោបាយ​មួយ ដោយ​អត្តនោម័តិ គឺ​ជា​អំពើ​រំលោភ​ច្បាប់​បោះ​ឆ្នោត។

លោក ជួន ភីនណារ៉ា៖ «វិធី​គួរ​តែ​លោក​មេ​ភូមិ​ដែល​គាត់​មាន​និន្នាការ​ក្នុង​ខ្លួន​ហើយ គាត់​អាច​ជំរាប​ទៅ​គណៈកម្មការ​ឃុំ-សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត ហើយ​ឲ្យ​គណៈកម្មការ​ឃុំ-សង្កាត់ ជំរាប​ទៅ​គណបក្ស​នយោបាយ​ទៅ​បើ​សិន​ណា​យើង​ទៅ​ហែក​របស់​គេ​វា​ចោល​មាន​ន័យ​ថា រំលោភ សំខាន់​ការ​សម្រប​សម្រួល​គ្នា»

ទាក់​ទិន​ករណី​នេះ​ដែរ ប្រធាន​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ខ.ប) លោក ប៉ែន ឈុនឌី បញ្ជាក់​ថា សាលា​ប្រជុំ​ភូមិ គឺ​ជា​កម្មសិទ្ធិ​រួម​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ការ​បិត​ខិត្តប័ណ្ណ​ឃោសនា​នៅ​ទី​នោះ លុះ​ត្រា​មាន​ការ​ឯកភាព​គ្នា​ពី​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ គណបក្ស​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​នៅ​មូល​ដ្ឋាន​នោះ។ លោក​បន្ត​ថា ប្រធាន​ភូមិ​មិន​ត្រូវ​ហែក​ខិត្តប័ណ្ណ​របស់​គណបក្ស​នយោបាយ ដោយ​មិន​មាន​ការ​ឯកភាព​ពី​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​នោះ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។