តំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី លោក ស្រីមូរសុខហួរ មានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌនៃទ្រព្យសម្បត្តិជាតិឲ្យបានត្រឹមត្រូវ ហើយផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹងជាសាធារណៈ គឺជាការទទួលខុសត្រូវប្រកបដោយតម្លាភាពលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលកំពុងបាត់បង់ ឬក្លាយសម្បត្តិឯកជន។
ការស្នើសុំនេះ គឺបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៧ កក្កដា បានចេញសេចក្ដីថ្លែងការណ៍ប្រកាសបដិសេធការថ្លែងចោទប្រកាន់របស់លោក សម រង្ស៊ី ក្នុងឱកាសបើកទីស្នាក់ការថ្មី កាលពីថ្ងៃទី២៣ កក្កដាថា គណបក្សកាន់អំណាចបានយកទ្រព្យសម្បត្តិជាតិជាច្រើនធ្វើជាកម្មសិទ្ធិរបស់បក្ស។
លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជន និងជាមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សនេះផងនោះ មានប្រសាសន៍ថា ការចោទប្រកាន់របស់លោក សម រង្ស៊ី ជាការស្រមើស្រមៃ និងចង់រកផលចំណេញផ្នែកនយោបាយ នៅពេលដែលលោក សម រង្ស៊ី មិនអាចចូលស្រុកបាន។
លោកបន្តថា រដ្ឋាភិបាល បានធ្វើបញ្ជីគ្រប់គ្រងទ្រព្យសម្បត្តិជាតិយ៉ាងម៉ត់ចត់តាំងពីអំឡុងឆ្នាំ ១៩៨២ ១៩៨៣ ជាបន្តបន្ទាប់មក ដោយមានការត្រួតពិនិត្យពីរដ្ឋាភិបាល ក្រសួងមន្ទីរពាក់ព័ន្ធជាច្រើន ប្រកបដោយភាពស្មោះត្រង់។
លោក ជាម យៀប បានអះអាងថា គណបក្សប្រជាជនមិនលោភលន់ចង់បានទ្រព្យសម្បត្តិជាតិឡើយ ទោះបីគណបក្សប្រជាជនបានឈ្នះឆ្នោតគ្រប់គ្រងរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយក្តី។
ទោះជាយ៉ាងនេះក្ដី លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា លោកស្រីបានសង្កេតឃើញអាគារ ដីធ្លី ដែលជារបស់រដ្ឋជាច្រើនកន្លែង បច្ចុប្បន្នបានក្លាយជារបស់គណបក្សប្រជាជន។ សាលាខេត្ត សាលាឃុំ សាលាស្រុកមួយចំនួនក៏កំពុងក្លាយជាសម្បត្តិរបស់គណបក្សដែរ។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការចោទប្រកាន់របស់គណបក្ស សម រង្ស៊ី នេះថា ពុំឈរលើមូលដ្ឋានច្បាប់ និងការពិតជាក់ស្ដែងឡើយ និងមានចេតនាចង់ឲ្យសាធារណមតិមានការយល់ច្រឡំមកលើគណបក្សប្រជាជន។
ទោះជាយ៉ាងណាក៏ដោយ គណបក្ស សម រង្ស៊ី បានទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយត្រូវតែកំណត់ឲ្យគណបក្សនយោបាយ ជាពិសេសគណបក្សប្រជាជនប្រកាសពីទ្រព្យសម្បត្តិរបស់ខ្លួនជាសាធារណៈ ដើម្បីបង្ហាញពីការពិតជាក់ស្ដែង៕