បក្ស​ប្រឆាំង​ជំទាស់​ការ​យក​ដី​សាលារៀន​ទៅ​សង់​ទីស្នាក់ការ​បក្ស​ប្រជាជន

ការ​យក​ដី​សាលារៀន​ទៅ​ធ្វើ​ជា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ធ្លកវៀន ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង​តវ៉ា​ថា ជា​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពី​សំណាក់​គណបក្ស​កាន់​អំណាច។
ដោយ មណ្ឌល កែវ
2012-10-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ជំទប់​ទី​១ និង​ជំទប់​ទី​២ ឃុំ​ធ្លកវៀន មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រឆាំង​ការ​យក​ដី​សាលារៀន​ទៅ​សង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សេង សំ ជា​ជំទប់​ទី​១ ឃុំ​ធ្លកវៀន។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ថា មេ​ឃុំ​ធ្លកវៀន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ គឺ​លោក មែ នាង បាន​ឃុបឃិត​គ្នា​ជាមួយ​លោក​នាយក​សាលា​កាត់​យក​ដី​របស់​សាលា​នេះ​មួយ​ចំណែក​យក​ទៅ​កសាង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ធ្លកវៀន។

លោក​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​ដី​សាលារៀន​គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​សិទ្ធិ​យក​ទៅ​ប្រើប្រាស់​ជា​ផលប្រយោជន៍​គណបក្ស​នេះ​ឡើយ៖ «ខ្ញុំ​អត់​គាំទ្រ​ទេ តែ​គេ​ធ្វើ​អត់​ឲ្យ​ខ្ញុំ​ដឹង​សោះ។ សម្រេច​តែ​ត្រឹម​លោក សែន សូត្រ ប្រធាន​គណៈកម្មការ​សាលា​ហ្នឹង។ ខាង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អត់​បាន​ដឹង​អី​ទាំង​អស់ ហើយ​ប្រហែល​ជា​នៅ​ពេល​ប្រជុំ​ប្រចាំ​ខែ យើង​នឹង​លើក​បញ្ហា​នេះ​ឡើង និង​ឲ្យ​ប្រជាជន​គេ​ចូល​រួម​ពិភាក្សា​គ្នា​មើល តើ​គួរ​ឲ្យ ឬ​មិន​ឲ្យ...»

ប្រហាក់ប្រហែល​នឹង​លោក​ជំទប់​ទី​១ លោក សេង សំ ដែរ លោក សុទ្ធ សូវ ជា​ជំទប់​ទី​២ ឃុំ​ធ្លកវៀន មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រតិកម្ម​ថា ដី​សាលារៀន​គឺ​ជា​ដី​រួម​ដែល​គ្រប់​គណបក្ស​អាច​ប្រើប្រាស់​បាន បើ​គណបក្ស​ប្រជាជន​កាត់​យក​ទៅ​ប្រើប្រាស់​តែ​ម្នាក់​ឯង គឺ​ជា​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ក្នុង​ឃុំ​នេះ។

លោក សុទ្ធ សូវ៖ «ខ្ញុំ បើ​សិន​ជា​គេ​យក​ដី​ក្នុង​សាលារៀន​នេះ​ទៅ​ធ្វើ​ជា​គណបក្ស ខ្ញុំ​អត់​គាំទ្រ​ទេ ព្រោះ​អី​ខាង​គណបក្ស​គឺ​រឿង​ផ្សេង ឯ​ដី​សាលារៀន​គឺ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ការពារ​ទុក។មាន​ន័យ​ថា យើង​មិន​មែន​រើស​អើង​គណបក្ស​ណា​មួយ​នោះ​ទេ តែ​បើ​យក​ដី​នេះ​ទៅ​ឲ្យ​គណបក្ស​ណា​មួយ​គឺ​ខុស...»

ទាក់ទិន​ចំពោះ​បញ្ហា​នេះ មេ​ឃុំ​ធ្លកវៀន គឺ​លោក មែ នាង បាន​ពន្យល់​ថា ដី​នេះ​ត្រូវ​បាន​ខាង​សុរិយោ​ដី​កាត់​ចេញ​ពី​ដី​សាលារៀន​រួច​ហើយ ហើយ​បាន​ប្រគល់​សិទ្ធិ​មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កាន់កាប់​ស្របច្បាប់​រួច​ហើយ ទើប​គណបក្ស​ប្រជាជន​មាន​បំណង​សាងសង់​ទីស្នាក់ការ​គណបក្ស​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ។

លោក មែ នាង៖ «កាល​ណោះ​ខាង​អប់រំ​គេ​បាន​ឲ្យ​ដី​នេះ​មក​ឲ្យ​គណបក្ស ហើយ​បាន​ទាំង​កាត់​ប្លង់​ចេញ​ជា​ពីរ​ដាច់​ពី​គ្នា​រួច​ហើយ ហើយ​ខាង​សាលា​ក៏​ទទួល​ស្គាល់​ផង​ដែរ។ ដី​ទំហំ ៣០​ម៉ែត្រ គុណ​នឹង ៥០​ម៉ែត្រ​ទេ យើង​មាន​គម្រោង​សាងសង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា...»

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋ​បាន​ធ្វើ​អនុប្បយោគ​រួច​ហើយ ការ​កាត់​ចំណែក​ដី​ចេញ​ពី​សាលារៀន​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​យក​ទៅ​ប្រគល់​ឲ្យ​នរណា​ម្នាក់ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​សាងសង់​អ្វី​មួយ​នោះ​មិន​ខុស​ច្បាប់​នោះ​ទេ។ លោក​ថា ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រដ្ឋ​ពុំ​ទាន់​បាន​ធ្វើ​អនុប្បយោគ​ប្រគល់​ឲ្យ​ទេ​នោះ ដី​នោះ​នៅ​តែ​ជា​ដី​របស់​រដ្ឋ​ដដែល ហើយ​រដ្ឋ​មាន​សិទ្ធិ​ដក​ហូត​យក​មក​វិញ​ពេល​ណា​ក៏​បាន​នៅ​ពេល​ដែល​រដ្ឋ​ត្រូវ​ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

រ៉ានី

ពី ភ្នំពេញ

នេះសឲ្យឃើញថាពួកបក្សប្រជាជនយកដីរដ្ធធ្វើជាកម្មសិទ្ធិរបស់វាស្រាច់តែក្បាលចិត្ត។
និយាយឲ្យចំទៅហៅថា ពួកលួចជាតិ។

Oct 13, 2012 06:08 PM

សូមផ្លូវអោយប្រជាពលរដ្ឋរស់ផង

សូមលុបបំបាត់អំពើពុករលួយ និង​ កាត់បន្ថយពន្ធដា និង សូមលុបចោលនូវពាក្យថា​ ដីសមទាន ព្រោះពាក្យនេះប្រជាពលរដ្ឋគ្រាន់តែលឺ ធ្វើអោយពួកគាត់ភ័យខ្លាច បារម្មណ៏ សូមជួយគិតដល់ខ្មែរ ដែលមានសញ្ជាតិ ដូចគ្នា

Oct 09, 2012 10:26 PM

ខ្មែរលើ

តាំងពីក្រាមដល់លើ សុទ្ធតែដឹកនាំដោយ CPP មានអ្នកណាហ៊ានតវ៉ា រាប់តាំងពីសុរិយោដី រហូតដល់តុលាការ គឺត្រូវតែ៖ អាជ័យធ្លាក់ទឹក ហៃអើៗ

Oct 09, 2012 12:30 PM

អ្នក​អាន​អនាមិក

State lands and building have been sold day after day. The money does not go to the national budget, but it goes to the CPP budget. Who can stop Hun Sen from doing such a bad thing? Hopeless!

Oct 09, 2012 02:26 AM

អ្នក​អាន​អនាមិក

ហេតុអីមិនយកផ្ទះគាត់ធ្វើទីស្នាក់ការគណបក្សវិញល្អជាង ទើបជាហៅថាសកម្មជនមែន

Oct 09, 2012 02:12 AM

មើល​មតិ​ទាំង​អស់.