អ្នកវិភាគបានបញ្ជាក់ថា បើសិនជាគ្មានការដោះស្រាយសមស្របទេ ផែនការសហគ្រាសខ្នាតតូច និងមធ្យម ដែលចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចនោះ គឺជាផែនការដែលដាក់ចេញតែគ្មានប្រយោជន៍។
ទីប្រឹក្សាអភិវឌ្ឍន៍អាជីវកម្ម នៃវិទ្យាស្ថាន វី ឃែភិថល (V CAPITAL Institute) លោក ឌិន វីរៈ មានប្រសាសន៍នៅថ្ងៃទី២៩ វិច្ឆិកា ថា សហគ្រាសខ្នាតតូច និងមធ្យម មានតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ការបង្កើតការងារ ការអភិវឌ្ឍសង្គមនៅក្នុងប្រទេសមួយដែលមានសេដ្ឋកិច្ចទើបលូតលាស់ថ្មី (Emerging Market) មានន័យថា ប្រទេសនេះ បានចាត់ទុកការអភិវឌ្ឍវិស័យអាជីវកម្មដោយផ្ដោតលើសហគ្រាសខ្នាតតូច និងមធ្យម។ ហើយផ្នែកនេះ បានជួយគាំទ្រខ្លាំងដល់ការបង្កើតចំណូលសម្រាប់អ្នកក្រីក្រ និងចូលរួមចំណែកកាន់តែរលូនក្នុងការអភិវឌ្ឍវិស័យឯកជន។
ទោះជាយ៉ាងណា របាយការណ៍ប្រចាំឆ្នាំ២០១១ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានជំរុញការអភិវឌ្ឍផ្នែកនេះនៅប្រទេសកម្ពុជា ប៉ុន្តែទំហំនេះមានតិចតួចនៅឡើយ បើធៀបនឹងតម្រូវការជាក់ស្ដែងរបស់វិស័យឯកជន។ ទន្ទឹមនឹងផលលំបាកទាំងនោះ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍ធុរកិច្ច ឬអាជីវកម្មនៅកម្ពុជា យល់ឃើញថា ការជំរុញឲ្យធនាគារឯកទេស ស្ថាប័នហិរញ្ញវត្ថុ បង្កើនផ្នែកសហគ្រាសខ្នាតតូច និងមធ្យម អាចក្លាយជាដំណោះស្រាយសមស្របលើបញ្ហាកង្វះខាតឥណទានសម្រាប់វិស័យឯកជនទាំងនោះ។
នាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់ លោក សឹម សណ្ណាជាតិ មានប្រសាសន៍ថា ទំហំកម្ចីរបស់ស្ថាប័នបានផ្ដល់ប្រមាណ ៦៥% នៃប្រាក់កម្ចីសរុប ដោយផ្ដោតលើអាជីវកម្មខ្នាតតូច។ លោកបញ្ជាក់ទៀតថា ទំហំទឹកប្រាក់តិចជាង ៥ពាន់ដុល្លារអាមេរិក គឺមិនមានលក្ខខណ្ឌឲ្យអតិថិជនដាក់វត្ថុបញ្ចាំឡើយ ប៉ុន្តែស្ថាប័នកំណត់ឲ្យមានផែនការអាជីវកម្ម និងទិសដៅច្បាស់លាស់ ទោះបីជាអាជីវកម្មដែលទើបនឹងបង្កើតក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ លោក ឌិន វីរៈ មានប្រសាសន៍ថា លទ្ធផលទទួលបានឥណទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម គឺនៅមានកម្រិត ដោយសារតែស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា យល់ថា អាជីវកម្មនោះមានហានិភ័យខ្ពស់ក្នុងការរកផលសងត្រឡប់ទៅវិញ។ ម៉្យាងវិញទៀត អាជីវកម្មខ្នាតតូចទាំងនោះភាគច្រើនគ្មានផែនការអាជីវកម្មច្បាស់លាស់ ដើម្បីទទួលបានទុនវិនិយោគពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុទាំងនោះឡើយ ដោយសារសមត្ថភាពគ្រប់គ្រងនៅអន់ខ្សោយ។
លោកបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាទាំងនោះ មានតួនាទីរបស់រដ្ឋាភិបាល គឺត្រូវជួយធានាដល់ឥណទានដែលទាក់ទងនឹងការបង្កើតអាជីវកម្ម។ ការលើកកម្ពស់ការកសាងសមត្ថភាពម្ចាស់អាជីវកម្ម ដូចជាការរៀបចំផែនការហិរញ្ញវត្ថុអាជីវកម្ម ជាកត្តាសំខាន់សម្រាប់បង្កើនលទ្ធភាពទទួលបានឥណទាន។
ទោះជាយ៉ាងណាក៏ដោយ លទ្ធភាពនៃការរកទទួលបានឥណទាននៅកម្ពុជា មានតិចតួច បើធៀបប្រទេសជិតខាង។ ការស្រាវជ្រាវដោយធនាគារពិភពលោក ឆ្នាំ២០១១ បានបង្ហាញថា ឥណទានសម្រាប់វិស័យឯកជននៅកម្ពុជា មានប្រមាណតែជាង ២៣% នៃទំហំសេដ្ឋកិច្ចសរុប។ ប្រទេសវៀតណាម មានជាង ៩០% ប្រទេសថៃ មានជាង ១១៣% នៃទំហំឥណទានដែលផ្ដល់ទៅវិស័យឯកជន។ តួលេខនេះបញ្ជាក់ថា វិស័យឯកជននៅកម្ពុជា ពិបាករកនៅឡើយសម្រាប់បង្កើត និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។