លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ព្រះបរមមេរុនឹងត្រូវរក្សាទុកក្នុងទ្រង់ទ្រាយដើមដដែល ដោយមិនមានការរុះរើចេញក្រោយពីពិធីថ្វាយព្រះភ្លើងព្រះបរមសពរួចឡើយ ដើម្បីទុកឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលមិនធ្លាប់ចូលទស្សនាបានចូលទៅមើលនិងទុកជាប្រវត្តិសាស្ត្រផង។
លោក ញឹក ប៊ុនឆៃ៖ «អត់មានរុះទេ ចង់ឲ្យប្រជាពលរដ្ឋចូលមើល ព្រោះប្រជាពលរដ្ឋឥឡូវលោកមិនបានចូលទាំងអស់ទេ អ៊ីចឹងអាចនឹងចប់ហ្នឹង អាចបើកឲ្យបងប្អូនប្រជាពលរដ្ឋបានចូលទៅមើលទុកសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទៅទស្សនា»។
គណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព សម្រេចសាងសង់ព្រះបរមមេរុសម្រាប់ធ្វើព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព នៅក្នុងបរិវេណវាលព្រះមេរុខាងជើងជាប់ព្រះបរមរាជវាំង និងនៅខាងមុខសារមន្ទីរជាតិលើផ្ទៃដីទំហំមួយហិកតារ ដោយចំណាយថវិកាជាង ១លានដុល្លារ។
ស្របពេលនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសាងព្រះរូបសំណាករបស់ព្រះបរមសពសម្ដេច នរោត្តម សីហនុ មានកម្ពស់ ៤ម៉ែត្រ និងមានជើងទម្រកម្ពស់ ៣ម៉ែត្រ ដែលសរុបទាំងអស់មានកម្ពស់ ៧ម៉ែត្រ ឋិតនៅជិតនាគបាញ់ទឹកក្បែរវិមានឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។