អាជ្ញាធរខ្មែរបានឲ្យដឹងនៅថ្ងៃ៣០ តុលា ថា បុរសខ្មែរម្នាក់ដែលតម្រួតថៃចាប់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធក្នុងករណីជួលមនុស្សឲ្យទៅសម្លាប់មនុស្សកាលពីអំឡុងខែមេសា ឆ្នាំ២០០៩ ក្នុងទឹកដីថៃនោះ ត្រូវបានស្ថានអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវដោះលែងហើយកាលពីល្ងាចថ្ងៃព្រហស្បតិ៍តាមដីកាសម្រេចរបស់តុលាការខេត្តបន្ទាយមានជ័យ។
លោក សឿន សិ អាយុ៣២ឆ្នាំ ជាអាជីវករខ្មែរក្នុងផ្សារលុងគឿ ត្រូវបានកងតម្រួតថៃមានគ្នាជិត១០នាក់ចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែតុលា ហើយប្រគល់ឲ្យស្ថានអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ខណៈដែលលោកធ្វើដំណើរចូលទៅលក់ដូរនៅផ្សារលុងគឿឡើងវិញបន្ទាប់ពីគេចខ្លួនមួយរយៈ។
លោក ឈុន ប៊ុនម៉ាប់ ត្រូវជាបងថ្លៃ សឿន សិ បានអះអាងថា សឿន សិ មិនមែនជាជនដៃដល់នោះទេ ៖ «ព្រោះគ្នាវាអត់បានធ្វើអីទេ ដល់ពេលគេមកចាប់មនុស្ស ហើយអ្នកដែលបង្ករបួសស្នាមរត់ទៅបាត់ហើយ»។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៩ មានករណីប៉ុនប៉ងសម្លាប់មនុស្សដោយប្រើកាំបិតមិនបានសម្រេចមួយបានកើតឡើងនៅតូបលក់ដូរក្នុងផ្សារលុងគឿថៃ បណ្តាលឲ្យបុរសខ្មែរម្នាក់ឈ្មោះ សុខ ឆៃលី ជាអាជីវកររងគ្រោះរបួសដាច់កដៃឆ្វេង ដែលករណីនេះគេសង្ស័យថាបានជាប់ពាក់ព័ន្ធទៅលើជនជាតិខ្មែរ៦នាក់។
លោក ឱ បូរិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនសង្ស័យ៣នាក់ក្នុងចំណោម៦នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្ត។ ជនសង្ស័យ៣នាក់ទៀតដែលបានគេចខ្លួននោះមានឈ្មោះ សឿន សិ, សឿន ណន និង ផាន សុភ័ក្ត្រ។
លោក ឱ បូរិន បានបន្តថា ជនសង្ស័យ៣នាក់កំពុងឃុំខ្លួនបានឆ្លើយសារភាពថា ពួកគេត្រូវបានឈ្មោះ សឿន សិ ជាអ្នកជួលឲ្យទៅសម្លាប់ឈ្មោះ សុខ ឆៃលី ហើយទទួលលុយបាន៤.៥០០បាត ក្នុងចំណោមទឹកប្រាក់សរុប៥.០០០បាត ដែលឈ្មោះ សឿន សិ បានសន្យាឲ្យ។
បុរសជាជនរងគ្រោះឈ្មោះ សុខ ឆៃលី បានថ្លែងថា លោកចៅក្រម សាយ សម្ផស្សសិរី កាលពីថ្ងៃទី១៧ តុលា បានចេញដីកានាំខ្លួនឈ្មោះ សឿន សិ និង សឿន ណន ប៉ុន្តែនៅថ្ងៃទី២៧ ខែតុលា បានចេញដីការំលត់ដីកានាំខ្លួនវិញ។
លោក សុខ ឆៃលី បានបញ្ជាក់ថា ៖ «ខាងតុលាកាហើយនិងក្រឡាបញ្ជីហ្នឹងឃុបឃិត ថ្ងៃទី២៧ហ្នឹង វាយកលុយ៦លានទៅកន្លែងតុលាការហ្នឹង»។
ទាក់ទងបញ្ហាខាងលើនេះ លោក សាយ សម្ផស្សសេរី បានថ្លែងដូច្នេះថា ៖ «និយាយទៅ សិទ្ធិខ្ញុំជាចៅក្រមស៊ើប រឿងចេញដីកាចាប់ មិនចាប់ ជារឿងរបស់ខ្ញុំ... បានហើយ»។
លោក ស៊ុម ចាន់គា មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា ករណីខាងនេះគឺសមត្ថកិច្ចបានបង្ហាញភស្តុតាងជាក់ស្តែង ហើយមានចម្លើយសារភាពរបស់ជនសង្ស័យគ្រប់គ្រាន់។
លោក ស៊ុម ចាន់គា បានមានប្រសាសន៍ថា ៖ «ចៅក្រមខ្លួនឯងគួរពិនិត្យខ្លួនឯងគួរតែពិចារណានិងពិនិត្យទៅលើបញ្ហាហ្នឹង»។
ជនសង្ស័យ៣នាក់ដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ មានឈ្មោះ វឿង សុឃាង ឈ្មោះ វ៉ាន សុផានិត និងឈ្មោះ វង ទុយ។ ចំណែកឯ៣នាក់ទៀតដែលកំពុងនៅក្រៅឃុំ មានឈ្មោះ សឿន សិ, សឿន ណន និងឈ្មោះ ផាន សុភ័ក្ត្រ ដែលគេចោទថាជាអ្នកដៃដល់ក្នុងការកាប់ប្រហារទៅលើជនរងគ្រោះនៅផ្សារលុងគឿ ប្រទេសថៃ៕
ប៉ូលិសខែត្រមណ្ឌលគិរីតាមចាប់ជនសង្ស័យ២នាក់ក្នុងករណីប្លន់
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយសារទាត់កូនស្រីឲ្យសន្លប់
បុគ្គលិកអង្គការមិត្តគ្មានព្រំដែនអំពាវនាវឲ្យពន្លឿនការស៊ើបអង្កេតករណីឃាតកម្ម
ទាហានម្នាក់រងរបួសធ្ងន់ដោយសារមេបញ្ជាការវាយដំ
ប៉ូលិសម្នាក់នៅមណ្ឌលគិរីរងការចោទថាប៉ុនប៉ងធ្វើឃាតអ្នកភូមិ
ពលរដ្ឋម្នាក់នៅកំពង់ឆ្នាំងត្រូវអ្នកយាមឡូត៍នេសាទបាញ់ឲ្យស្លាប់
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
បុរសតៃវ៉ាន់ម្នាក់ជាប់គុក៣៧ឆ្នាំពីបទរត់ពន្ធគ្រឿងញៀន
ជនដាណាម៉ាកម្នាក់រងការចោទថាចាប់បង្ខំរួមភេទជាមួយកុមារីខ្មែរ
ក្មេងស្រី១៧នាក់ត្រូវឃាត់ខ្លួនពីបទសង្ស័យថាប្រកបរបរផ្លូវភេទ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.