ជំនន់ទឹកភ្លៀងបានជន់លិចដំណាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ និងតំបន់ទំនាបមួយចំនួន ដែលភ្ជាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់នៃខេត្តក្រចេះ។
មេឃុំសេដា លោក សែម ណែម បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងឃុំរបស់លោកទទួលរងនូវការខូចខាតដំណំាគឺភាគច្រើននៅតាមតំបន់ភូមិដែលទើបបង្កើតថ្មីពិសេសនៅប៉ែកខាងលិចដែលមានព្រំប្រទល់ជាប់នឹងឃុំឈូក ៖ «ខូចច្រើនណាស់ រាប់រយហិកតារ គិតទៅ»។
ប្រធានភូមិព្រែកជ័រ លោក សា ស្លៃម៉ាន បានមានប្រសាសន៍ថា ដំណាំដំឡូងមីនិងសណ្តែកសៀងចំនួន៤៤៩ហិកតារ ដែលទទួលរងនូវទឹកជំនន់ទឹកភ្លៀងក្នុងចំណោមនោះ ចំនួន ៣៧០ហិកតារភាគច្រើនដំណាំដំឡូងមីខូចខាតទាំងស្រុង។
លោកបានបន្តថា ការលិចទឹកនោះលិចបន្តរហូតដល់ផ្លូវជាតិលេខ៧៣ទៀត ផ្លូវនោះនឹងអាចដាច់ ៖ «យើងមិនអាចទទួលផលបានដោយបញ្ហាទឹក»។
ប្រជាពលរដ្ឋឈ្មោះ ណា សៀត បានត្អូញត្អែរនិងថ្លែងថា ប្រជាពលរដ្ឋពួកលោកក្នុងគ្រួសារនីមួយៗមានដីចម្ការតែចំនួនពីរ ឬបីហិកតារប៉ុណ្ណោះ ហើយការរស់នៅពឹងផ្អែកលើភោគផលដំណាំទាំងនោះសម្រាប់ផ្គត់ផ្គង់គ្រួសារ ៖ «រដូវនេះគឺជារដូវពិសេស ប្រមូលផលតែម្ដង រួចទៅអ៊ីចឹងទៅ អត់មានអីប្រមូលបាន ព្រោះសូម្បីតែម៉ាស៊ីនទៅបោកបន្តិចបន្តួច ក៏ចូលមិនបាន»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ អាម៉ីន បានបញ្ជាក់ថា ជម្រៅទឹកនៅក្នុងភូមិរបស់លោកគឺប្រមាណជា ៣តឹក ហើយទឹកនេះបានជន់លិចតាំងពីពាក់កណ្តាលខែកញ្ញា មកហើយ ៖ «ទឹកហ្នឹងគឺថា វាជ្រាបឡើងដូចទឹកទន្លេ ឡើងធ្លាយពីដីឡើងលើតែម្ដង»។
អភិបាលស្រុកដំបែ គឺលោក ឈឹង ពិសិដ្ឋ បានបញ្ជាក់អំពីជំនន់ទឹកភ្លៀងនេះថា នៅក្នុងស្រុកដំបែ គឺប៉ះពាល់ចំនួន៣ឃុំ គឺឃុំសេដា ឃុំដំបែ និងឃុំត្រពាំងព្រីង ប៉ុន្តែក្នុងចំណោមនោះ ឃុំសេដា ទទួលរងការខូចខាតដំណាំខ្លាំងជាងគេ។
ជុំវិញនឹងបញ្ហានេះ លោកមានគម្រោងរៀបចំប្រពន្ធលូនៅតាមបណ្តោយផ្លូវ៧៣នោះ ប៉ុន្តែមិនអាចធ្វើក្នុងពេលនេះបានទេ រង់ចាំដល់ឆ្នាំ២០០៩ ព្រោះថវិកាមានកំណត់ ៖ «ពីមុនមក វាអត់លិចទេ ភ្លៀងវាអត់ដែលច្រើន លិចនៅសេដាបន្តិចបន្តួចៗ មួយថ្ងៃពីរវាអស់ទៅវិញទៅ»។
សូមជម្រាបថា អាជ្ញាធរស្រុកមិនទាន់អាចសរុបថវិកាដែលខូចខាតនៃដំណាំទាំងនោះ បានភ្លាមៗទេ។ ហើយលោកបានបញ្ជាក់ពីមូលហេតុនៃការជន់លិចនៃទឹកភ្លៀងនោះថា ដោយសារខ្វះប្រពន្ធបង្ហូរទឹកចេញពីតំបន់នោះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយរកវិធីដោះស្រាយជូនពួកគេនូវបញ្ហាខាងលើនេះផង៕
