លោក វី ហ៊ុយ ដែលបានអះអាងថា ជាគណៈកម្មាធិការនាយករបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម បានមានប្រសាសន៍នៅថ្ងៃទី២៦ សីហានេះ ឲ្យដឹងថា អតីតគណៈកម្មាធិការនាយករបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមដែលលោកអះអាងថា នៅមានសុពលភាពតាមច្បាប់ផ្ទៃក្នុងនោះ មានបំណងបញ្ឈប់ការងាររបស់នាយិកាប្រតិបត្តិរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម គឺកញ្ញា សេង ធារី។
លោកបានមានប្រសាសន៍ដូច្នេះថា ៖ «ធារីហ្នឹង គឺបណ្ដេញជាលើកទីពីរ នៅខែមិថុនា ២៣ ព្រោះអាហ្នឹង យើងបានឲ្យការព្រមានគាត់ពីរដង។ គឺថា ធារី កាលគាត់ចូលមកធ្វើការ គាត់មកជំនុំ board (គណៈកម្មាធិការនាយក) តែ ៤ទេ ក្នុងពេលជំនុំ ៩ដង ហើយគាត់មិនសប្បាយចិត្តនឹង board គាត់ទៅបង្កើត board ផ្សេងមួយទៀត ដែលចុះនៅក្នុងភ្នំពេញប៉ុស្តិ៍។ គាត់ថា ច្បាប់ CSD ហ្នឹង អត់ត្រឹមត្រូវទេ ដូច្នេះ គាត់សុំឲ្យសើរើឡើងវិញ ហើយក៏គាត់សុំលុយបានពី Oxfam America ហ្នឹង ឲ្យគេជួយរក Consultant ដើម្បីរៀបចំឡើងវិញ។ ដល់រៀបចំទៅ មិនត្រូវចិត្តគាត់ គាត់ទៅបង្កើត board ខ្លួនគាត់ទៅ។ ជា staff គ្មានសិទ្ធិឯណាទៅបង្កើត board ទេ ជាពិសេស គាត់នៅធ្វើការក្រោមបង្គាប់ board ដែលមានរួចមកហើយហ្នឹង»។
កញ្ញា សេង ធារី នាយិកានៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម មិនអាចទាក់ទងបានដើម្បីសុំការបំភ្លឺទាក់ទងជាមួយការចោទប្រកាន់របស់លោក វី ហ៊ុយ នោះបានទេ តែលោក អ៊ឹម សុភា នាយករងរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម បានមានប្រសាសន៍ឲ្យដឹងថា បុគ្គលិករបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ៩៩% គាំទ្រចំពោះសកម្មភាពរបស់កញ្ញា សេង ធារី ហើយទាមទារឲ្យអតីតគណៈកម្មាធិការនាយករបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ចូលមកចរចាដើម្បីជំរុញឲ្យមជ្ឈមណ្ឌលមានសកម្មភាពដើរទៅមុខ ជាជាងនៅទាមទារឲ្យបណ្តេញនាយិកាបច្ចុប្បន្នចេញ។
លោក អ៊ឹម សុភា មានប្រសាសន៍ថា ៖ «ធារី មានការពេញចិត្តពីគណៈកម្មការគ្រប់គ្រង ក៏ដូចជាបុគ្គលិកទាំងអស់ ដើម្បីឲ្យបន្តសកម្មភាព នៅក្នុងដំណាក់កាលហ្នឹងតទៅទៀត។ ហើយយើងទាំងអស់គ្នា ជាបុគ្គលិកទាំងអស់ ទទួលស្គាល់ ដឹងថា ការបញ្ឈប់ ធារី កន្លងមកហ្នឹង វាមិនត្រឹមត្រូវទៅតាមក្របខ័ណ្ឌនៃច្បាប់ ហើយណាមួយ អតីតក្រុមប្រឹក្សាភិបាល បានដាច់អាណត្តិតាំងពីខែ១១ ឆ្នាំ២០០៧ ម្ល៉េះ។ ចំណុចមួយទៀត គឺគាត់អត់កូរ៉ុមគ្រប់គ្រាន់ ក្នុងការចេញសេចក្ដីសម្រេចមួយ ដោយមានគ្នាតែ ២នាក់ ដែលគេតម្រូវឲ្យមានសមាជិក ២ភាគ៣ នៅក្នុងចំណោម ៥ ដែលមានហ្នឹង»។
សូមជម្រាបថា ទំនាស់រវាងគណៈកម្មាធិការនាយកចាស់និងនាយិការបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមនេះបានកើតមានជាច្រើនខែមកហើយ មិនទាន់មានដំណោះស្រាយសមស្របនៅឡើយទេ៕
